ម្ដាយ​ Justin Bieber ការពារ​កូន​​ ក្រោយ​ម្ដាយ Selena ប្រាប់​ថា​មិន​ពេញ​ចិត្ត

  • 2018-01-19 03:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​របស់​តារា​ចម្រៀង Justin Bieber ចេញ​មុខ​សរសើរ​ការពារ​កូន​របស់ខ្លួន​ក្រោយ​ពី​ម្ដាយ​របស់​តារា​ចម្រៀង Selena Gomez បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​នាង​មិន​សប្បាយ​នឹង​ទំនាក់​ទំនង​របស់​ពួក​គេ។

លោក​ស្រី Pattie Mallette ដែល​ត្រូវ​ជា​ម្ដាយ​របស់​តារា​ចម្រៀងJustin Bieber បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​លើ​គណនី Instagram កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ន័យ​បង្ហាញ​ពី​ជំហរ​គាំ​ទ្រ​កូន​ប្រុស​វ័យ​២៣​ឆ្នាំ​របស់លោកស្រី។

នៅ​ពី​ក្រោម​រូបភាព​នោះ​ដែរ​លោកស្រី​បាន​សរសេរ​ថា៖ "ម៉ាក់​ពិត​ជា​មាន​មោទនភាព​ចំពោះ​ក្មេង​ប្រុស​ដ៏​អស្ចារ្យ​ដូច​ជា​កូន​ណាស់។ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​ក៏​នឹង​មិន​អាច​មាន​ដែរ (ដូច្នេះ​ហើយ​ពួក​យើង​នឹង​នៅ​តែ​ត្រូវ​ការ​ការ​អត់ធ្មត់ និង​ការ​អនុគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក) ប៉ុន្តែ​ទំនាក់​ទំនង​ដ៏​ពិត​ប្រាកដ​របស់​កូន​ជាមួយ​នឹង​ព្រះ​យេស៊ូ​គឺ​ជា​​ជម្រើស​ជាក់​ស្ដែង​ដែល​កូន​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ និង​ ផ្លែ​ផ្កា​ដ៏​ល្អ​ដែល​កូន​បាន​ដាំ"។

ម្ដាយ​ Justin បាន​បន្ត​ទៀត​ថា៖ "ម៉ាក់​ពិត​ជា​សរសើរ​អត្តចរិត​និង​សេចក្ដី​ទៀង​ត្រង់​របស់​កូន​ណាស់។ កូន​ធំធាត់​ល្អ និង​ចេះ​ដឹង​ខុស​ត្រូវ​តាម​​វ័យ​របស់​កូន។ កូន​កំប្លែង​ដែល​ធ្វើ​ឲ្យ​ម៉ាក់​សើច​ឮៗ​នៅ​ពេល​ម៉ាក់​នៅ​ម្នាក់​ឯង នៅ​ពេល​នឹក​ឃើញ​អ្វី​ដែល​កូន​និយាយ និង​ធ្វើ​ម្ដង​ៗ។ ហើយ​បេះ​ដូង​កូន​ពិត​ជា​បរិសុទ្ធ​ណាស់។ ម៉ាក់​ស្រលាញ់​កូន​ជាង​អ្វី​ៗ​ទាំង​អស់"។

សម្ដី​ដ៏​ផ្អែម​ល្ហែម​របស់​លោក​ស្រី Mallette បញ្ចេញ​ឡើង​ក្រោយ​ពេល​ម្ដាយ​របស់​តារា​ចម្រៀងSelena Gomez លោក​ស្រី Mandy Teefey បាន​ប្រាប់​សារព័ត៌មាន GossipCop ថា​លោក​ស្រី​មិន​សប្បាយ​ចិត្ត​​ទេ ទាក់​ទង​នឹង​ដំណឹង​កូន​ស្រី​របស់​នាង​ទាក់​ទង​នឹង​តារា​ចម្រៀងJustin Bieber នោះ៕

ប្រែសម្រួល៖ អន សុភក្ត្រា