កន្លែង​លើ​ពិភព​លោក ថត Pre-wedding ស្អាត​កប់

  • 2018-01-19 09:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នកមាន​លុយកាក់ គេ​តែង​ចង់បាន​រូបថត Pre-wedding ស្អាត ប្លែក​ពី​គេ ដែល​ជាហេតុ​សុខចិត្ត​ចំណាយ​លុយ​ទៅ​ថត​ដល់​ក្រៅ​ប្រទេស។ Sabay នឹង​លើក​យក​ប្រទេស៦ ដែល​មាន​ទេសភាព​ស័ក្ដិសម​សម្រាប់​រូបថត​គូស្នេហ៍​៖

១. បារាំង​ គ្រាន់តែ​ឮ​បារាំង ទាំង​អ្នក​ទាំង​ខ្ញុំ ប្រាកដជា​នឹក​ដល់​ទីក្រុង​ប៉ារីស​ដំបូង​គេ​ហើយ ដោយសារ​ទិដ្ឋភាព​តួ​ប៉ម Eiffel​។ ក្រៅពី​នេះ នៅ​មាន​កន្លែង​ស្អាត​ជាច្រើន​ទៀត​ក្នុង​ក្រុង​ដែល​អ្នក​មិន​គួរ​រំលង​ដូចជា Luxembourg Palace, Statue of Liberty ជាដើម។

២. អ៊ីតាលី​ សឹងតែ​មិនបាច់​រៀបរាប់​ច្រើន ព្រោះ​ប្រទេស​មួយ​នេះ ក៏​មាន​មនុស្ស​ចង់​ទៅ​មិន​តិច​ដែរ ដោយសារ​មិនបាច់​ចេញទៅ​ណា​ឆ្ងាយ​ពី​ក្រុង ក៏​មាន​ទិដ្ឋភាព​ស្អាត​មិន​ណ​យ​ដែរ ដូចជា Rome, Venice ជាដើម​។​

៣. អ៊ី​ស្លង់​ ចំណុច​ពិសេស​របស់​ប្រទេស​នេះ គឺ​ពន្លឺ​ពណ៌​បៃតង​លើ​មេឃ ដែល​ហៅថា Northern Light។ ប្រទេស​ភាគច្រើន​នៅ​លើ​ពិភព​លោក មិន​មាន​ទិដ្ឋភាព​បែប​នេះ​ទេ អ៊ីចឹង​បើ​អ្នក​មាន​វា​ធ្វើ​ជា​ផ្ទាំង​ខាងក្រោយ​នៃ​រូប​រៀបការ ជឿជាក់​ថា​ប្រាកដជា​ល្អ​ប្លែក​គេ។ ក្រៅពី​នេះ ក៏​មាន​កន្លែង​ប្លែកៗ និង​ស្អាតៗ ដែល​មនុស្ស​ជាច្រើន​ប៉ង​ចង់​ទៅដល់។ ជា​ឧទាហរណ៍ Blue Lagoon។

៤. ជប៉ុន ប្រទេស​នេះ​វិញ​ក៏​មិន​ណ​យ​ដែរ ព្រោះ​ចង់បាន​ភ្នំ​មាន​ភ្នំ ចង់បាន​ទឹកកក​មាន​ទឹកកក ចង់​បែប​វប្បធម៌​ក៏​មាន​វប្បធម៌។ អ៊ីចឹង បើ​អ្នក​ចំណាយ​ប្រាក់​ទៅ​ថត​នៅ​ប្រទេស​នេះ នឹង​បាន​ទេសភាព​ច្រើនបែប។ បើ​ទៅ​ប៉ះ​ចំ​ខែ១ ដល់​ខែ៤ ដឹង​តែ​បាន​ថត​ជាប់​ផ្កា​សាគូរ៉ា​ជប៉ុន ដែល​ល្បី​លើ​ពិភព​លោក​ហើយ។​

៥. កូរ៉េខាងត្បូង​ បើ​អ្នក​ស្រមៃ​ចង់​ឲ្យ​តារា K-pop ល្បីៗ​នៃ​ប្រទេស​នេះ មក​ធ្វើជា​ផ្ទាំង Background វា​ប្រាកដ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច តែ​បើ​ទិដ្ឋភាព​ស្លឹកឈើ​ជ្រុះ​វិញ​ប្រាកដជា​ធ្វើ​បាន។ ហើយ​បើ​អ្នក​មាន​ឱកាស​ឲ្យ​អ្នក​ជំនាញ​ក្នុង​ប្រទេស​នេះ​ថត​ឲ្យ​ផង​នោះ គឺ​កាន់តែ​អេម ព្រោះ​រូប Pre-wedding របស់​កូរ៉េ សឹងតែ​មិនបាច់​និយាយ សូម្បីតែ​ក្នុង Studio ក៏​ស្អាត​កប់​ដែរ។

៦. ថៃ​ សម្រាប់​អ្នក​អត់​ចង់​ចាយ​ច្រើន​ពេល​ទៅ​ក្រៅ គួរ​គិត​ពី​ប្រទេស​នេះ​ដែរ ព្រោះ​អី​ទីក្រុង​ក៏​អភិវឌ្ឍ​គ្រាន់​បើ​ដែរ បើ​ធៀប​នឹង​ប្រទេស​ប៉ុន្មាន​មុន​នេះ ហើយ​បើ​ទេសភាព​បែប​ភ្នំ ឬ​សមុទ្រ​វិញ គឺ​មិន​ធម្មតា​តែម្ដង ដូចជា Phuket ឬ Krabi ជាដើម។ លើស​ពី​នេះ ទិដ្ឋភាព​ផ្កា​រីក​នៅ​ខេត្ត Chiang Mai គេ​វិញ ក៏​កាន់​តែ​ស្អាត​សម្រាប់​រូប Pre-wedding៕

អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម