​​អ្នក​ចូលចិត្ត​ដើរ​លេង​ផ្សង​ព្រេង​ មិន​គួរ​រំលង​ជួរ​ភ្នំ​នេះឡើយ!

  • 2018-01-20 08:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល នៅក្នុង​ខេត្ត​កោះកុង​ជា​តំបន់​សក្តានុពល​ពិសេស​សម្រាប់​អ្នក​ទេសចរ​បែប​ផ្សង​ព្រេង​គួរតែ​សាកល្បង។ ​តំបន់​ដែលមាន​ចម្ងាយ​ប្រមាណ ២៥គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ថ្មបាំង​ មាន​ទឹក​ធ្លាក់​ស្រស់​ស្អាត សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រួមមាន​ក្រពើ​ភ្នំ ​ទេសភាព​តាម​ព្រៃភ្នំ​ដ៏គួរឱ្យ​ទាក់ទាញ និង​ក្រវាញ​ រួម​ទាំង​ការ​កែច្នៃ​ស្រា​ចេក​ជាដើម។

​សហគមន៍​អេកូទេសចរណ៍​តាទៃលើ ​ជាអ្នក​គ្រប់គ្រង​លើ​តំបន់​ទេសចរណ៍​ទាំងនេះ​ដែលមាន​ភូមិសាស្ត្រ​គ្រប​ដណ្តប់​លើភូមិ​កណ្តាល ភូមិ​ស្ពានក្តារ និង​ភូមិ​ត្រពាំងខ្នារ ឃុំ​តាទៃលើ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ខេត្ត​កោះកុង​គឺជា​ផ្នែកមួយ​នៃ​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​៤០ម៉ឺន​ហិកតា ហើយគ្រប​ដណ្តប់​ខេត្ត​ចំនួន​៣ របស់​កម្ពុជា​គឺ​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ។ ឧទ្យានជាតិ​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ តាម​សំណើ​របស់​ក្រសួង​បរិស្ថាន។

ការ​បង្កើត​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​នេះ​មាន​គោល​បំណង ៥​សំខាន់ៗ៖

ទី១. ដើម្បី​ការពារ​តួនាទី​ខាងផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​របស់​តំបន់​ដែលបាន​កំណត់​សម្រាប់​ជា​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់។

ទី២. កម្រិត​ដល់ការ​ប្រើប្រាស់​ធនធាន​ជីវៈចម្រុះ ធនធាន​ធម្មជាតិ ធនធាន​វប្បធម៌ និង​តួនាទី​មុខងារ​នៃ​តំបន់។

ទី៣. ការផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ការ​កម្សាន្ត ការ​ទស្សនា ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន។

ទី៤. ការផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព។

ទី៥. ការលើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ក៏​ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់ការ​គ្រប់គ្រង ការ​ការពារ និងការ​អភិរក្ស​ជីវៈចម្រុះ​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់៕

ប្រភព៖ មន្ទីរបរិស្ថានខេត្តកោះកុង

អត្ថបទ៖ ស៊ិន សាវ៉េត