ល្បី​ថា​ Hangeng និង​ Super Junior ជួប​គ្នា​ជាថ្មី?

  • 2018-01-21 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​មាន​ព័ត៌មាន​ផ្សាយ​ថា​ ក្រោយ​ចេញ​ពី​ក្រុម​អស់​រយៈ​ពេល​ ៨​ឆ្នាំ​មក​ តារា​ចម្រៀង​សញ្ជាតិ​ចិន​ Han Geng និង​ក្រុម​ Super Junior នឹង​វិល​ជួប​គ្នា​ជា​ថ្មី។

ទាក់​ទង​នឹង​ព័ត៌មាន​នេះ​ អ្នក​តំណាង​របស់​តារា​ចម្រៀង​វ័យ​ ៣៣​ឆ្នាំ​រូបនេះ​ បាន​ច្រាន​ចោល​ ដោយ​បញ្ជាក់​វិញ​ថា​ មិន​មែន​ជា​រឿង​ពិត​ឡើយ។ យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ មាន​ប្រភព​ជិត​ស្និទ្ធ​លួច​បង្ហើប​ថា​ ក្រុម​ចម្រៀង​បុរស​ Super Junior ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ "Street Dance of China” ប៉ុន្តែ​មិនទាន់​បង្ហាញ​ជា​ផ្លូវការ​នៅ​ឡើយ។ ជាមួយ​គ្នា​នោះ​ អតីត​សមាជិក​ក្រុម​ K-Pop នេះ​ គឺ​ Hangeng ក៏​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ ដូចនេះ​វា​ជា​ឱកាស​ពិសេស​សម្រាប់​ តារា​ប្រុស​រូបនេះ​ ជួប​ជុំ​ជា​ថ្មី​ជាមួយ​អតីត​ក្រុម។

ផ្ទុយ​ពី​ការ​លើក​ឡើង​នោះ​ ខាង​អ្នក​តំណាង​របស់​ Hangeng បាន​​បញ្ជាក់​ថា​ ពួកគេ​មិន​បាន​ទទួល​ព័ត៌មាន​ពី​ការ​អញ្ជើញ​អ្វី​ឡើយ ហើយ​សុំបដិសេធ​ទាំង​ស្រុង​នូវ​ពាក្យ​មិន​ពិត​ទាំង​នោះ​ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម Super Junior ទាំង​អស់​ខក​ចិត្ត​ជា​ខ្លាំង។

Super Jnuior បច្ចុប្បន្ន

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ភាគី​ទាំង​សង​ខាង​នៅ​តែ​នឹក​រលឹក​គ្នា បើ​ទោះ​ចែក​ផ្លូវ​គ្នា​ដើរ​ក៏​ពិត​មែន​ ប៉ុន្តែ​រវាង​ សមាជិក​ក្រុម Super Junior បច្ចុប្បន្ន និង​ Hangeng នៅ​តែ​រាប់អាន​គ្នា។ តួ​យ៉ាង​កាល​ពី​អំឡុង​ពេល​ប្រគំតន្ត្រី​ "Super Junior World Tour Super Show 7” ធ្វើ​ឡើង​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​កន្លងទៅ​ Lee Teuk បាន​បង្ហើរ​ពាក្យ​១ឃ្លា​ ហាក់​បង្ហាញ​អារម្មណ៍​នឹក​រលឹក​ Hangeng។ ក្រោយ​មក​ Hangeng ក៏​បាន​ឆ្លើយ​តប​តាម​គណនី Weibo ថា លោក​នឹក​ពួកគេ (Super Junior) ដូចគ្នា៕

Super Junior ឆ្នាំ ២០០៩

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី