អនាគត Vidal ជាមួយ​នឹង Bayern Munich ចាប់​ផ្ដើម​ស្រពិចស្រពិលហើយ​ពេល​នេះ!

  • 2018-01-22 12:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ Arturo Vidal ក្នុង​ថ្ងៃ​នេះ​ ហាក់​បង្ហាញ​ភាព​មិន​ច្បាស់​លាស់​ពី​អនាគត​ខ្លួន​នៅ​ក្លឹប Bayern Munich។

Vidal បាន​ប្រាប់​អ្នក​កាសែត​ថា៖ "ខ្ញុំ​នឹងនៅ​លេង​នៅ​ឲ្យ​ក្លឹប​នេះ (Bayern) រហូត​ដល់​ខែ​មិថុនា ហើយ​ឥឡូវ​ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​ធម្មតា"។ ខ្សែ​បម្រើ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ឈ្នះ Champions League រដូវ​កាល​នេះ​ជាមួយ Bayern។ ដល់​ពេល​ហ្នឹង ចាំ​គិត​ទៀត​ទាក់​ទង​រឿង​អនាគត​របស់​ខ្ញុំ"។

ការ​ថ្លែង​ដែល​មាន​សភាព​ច្បាស់​លាស់​របស់ Vidal នេះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ក្លឹប Bayern បាន​ប្រកាស​ទិញ​ខ្សែ​បម្រើ Leon Goretzka ពី​ក្លឹប Schalke 04 ដែល​គ្រោង​ចូល​រួម​ជា​ផ្លូវការ​ជាមួយ​ក្លឹប​នៅ​ពេល​ខែ​​ក្ដៅ​ខាង​មុខ។ ការ​ផ្ទេរ​នេះ ត្រូវ​បាន​ Metro យល់​ឃើញ​ថា អាច​ធ្វើ​ឲ្យ​ Vidal បាត់​បង់​តួនាទី​សំខាន់​ក្នុង​ក្លឹប។

កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ដែល​បាន​អះអាង​ថា ក្លឹប​ Chelsea បាន​ប្រឹង​ប្រែង​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​តាម​ទិញVidal ពី Bayern។ អ្នក​ចាត់ការ​ក្លឹប​តោ​ខៀវ លោក Antonio Conte បាន​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​កីឡាករ​ស៊ីលី ហើយ​ព្រម​ទាំង​ហៅគេ​ថា ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក​ទៀត​ផង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ សូម្បី Vidal ខ្លួន​ឯង​ផ្ទាល់ កាល​ពី​ដើម​ខែ​នេះ ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​ដឹង​ពី​ការ​ចាប់​អារម្មណ៍​របស់ Chelsea មក​លើ​ខ្លួន​ថែម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ក្លឹប Bayern បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាមនេះ ហើយ​និយាយ​ច្បាស់​ៗ​ថា​នឹង​មិន​លក់​ទេ Vidal ក្នុង​ទី​ផ្សារ​ដោះ​ដូរ​ខែ​នេះ។

ដោយ​សារ Bayern ទើប​តែ​ប្រកាស​ទិញ​ខ្សែ​បម្រើ​ថ្មី ខណៈ Vidal ហាក់​បង្ហាញ​គោល​ចំហ​មិន​ច្បាស់​ពី​អនាគត​ខ្លួន ធ្វើ​ឲ្យ​កម្រើក​នូវ​ពាក្យ​ល្ហេចល្ហៀង​ជា​ថ្មី ដែល​ថា​កីឡាករ​ស៊ីលី អាច​នឹង​ទៅ​ចូល​រួម​ជាមួយ Chelsea នៅ​អំឡុង​ពេល​ខែ​ក្ដៅ​ខាង​មុខ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី