Apple សុខ​ចិត្ត​ឈប់​ផលិត​ iPhone X ក៏​មិន​ខ្ចី​លក់​បញ្ចុះ​តម្លៃ​

  • 2018-01-23 02:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​បញ្ឈប់​ការ​ផលិត​ iPhone X ជំនាន់​ទី​មួយ​ជា​ជាង​ការ​បញ្ចុះ​តម្លៃ​លក់​ទាប​ជាង​ ៩៩៩ ដុល្លារ​ ​​​បន្ទាប់​ពី​ iPhone X ជំនាន់​ទី​ពីរ​បង្ហាញ​ខ្លួន​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ភ្នែក​ទិព្វ​ Ming Chi Kuo។

ក្នុង​​អត្ថបទ​ស្រាវ​ជ្រាវ​ដែល​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ លោក​ Kuo បាន​និយាយ​ថា ៖ "​ការ​ទម្លាក់​តម្លៃ​ iPhone X បន្ទាប់​ពី​​ iPhone ជំនាន់​ថ្មី​បង្ហាញ​ខ្លួន​ អាច​ផ្ដល់​ផល​អវិជ្ជមាន​​ដល់​គុណ​​តម្លៃ​ផលិតផល​​ជំនាន់​ថ្មី។ បន្ថែម​ពី​នេះ​​ការ​លក់​ iPhone X ក្នុង​តម្លៃ​ទាប​ អាច​ជះ​ផល​អវិជ្ជមាន​ដល់​ការ​លក់​ iPhone ជំនាន់​ថ្មី​ដែល​មាន​ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​។ ដូច​នេះ​យើង​ប៉ាន់​ស្មាន​ថា​ iPhone X នឹង​អស់​ជីវិត​​នៅ​​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨”។

ប្រសិន​​បើ​ការ​ប៉ាន់​ស្មាន​នេះ​​ត្រឹម​ត្រូវ​ពិត​មែន​ ត្រកូល​ iPhone សម្រាប់​លក់​នៅ​អំឡុង​ចុង​ឆ្នាំ​ ២០១៨ នឹង​មាន​ iPhone X ជំនាន់​ទីពីរ​អេក្រង់​ ៥,៨ អ៊ីញ​ ដែល​ទំនង​ជា​មាន​តម្លៃ​ ៩៩៩ ដុល្លារ​ដដែល, iPhone X អេក្រង់​ ៦,៥ អ៊ីញ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ iPhone X Plus និង​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ។ នៅ​ក្រោម​ម៉ូដែល​ទាំង​នេះ អាច​នឹង​មាន​ iPhone 8, iPhone 7 និង iPhone SE។

គួរ​ដឹង​ថា​​​កន្លង​មក​លោក​ Ming-Chi Kuo ​បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​ ២០១៨ ​Apple នឹង​ប្រកាស​ចេញ​ iPhone ថ្មីៗ​ចំនួន​ ៣ រួម​មាន​ iPhone X ជំនាន់​ទី​ពីរ​ដែល​មាន​ពីរ​ប្រភេទ និង iPhone ធម្មតា​ដែល​នៅ​តែ​បន្ត​​ប្រើ​អេក្រង់​ LCD៕​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម