ហាង​​​លក់​ទំនិញ​ប្រើ​បច្ចេកវិទ្យា​ AI ដំបូង​គេ​ក្នុង​លោក​បង្ហាញ​ខ្លួន​នៅ​អាមេរិក​

  • 2018-01-23 03:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​លក់​ទំនិញ​ Amazon បាន​បើក​ដំណើរ​ការ​ហាង​លក់​ទំនិញ​ដំបូង​គេ​ក្នុង​ដែល​ប្រើ​បច្ចេកវិទ្យា​ AI ​ដោយ​មិន​​ត្រូវ​​ការ​បុគ្គលិក​ប្រចាំ​ការ​នៅ​ក្នុង​ហាង​​នោះ​ទេ។

ហាង​ទំនិញ​នេះ​មាន​ប្រើ​បច្ចេកវិទ្យា​ AI ដោយ​មុន​នឹង​ចូល​ទិញ​ទំនិញ​អតិថិជន​គ្រាន់​តែ​ដំឡើង​កម្មវិធី​មួយ​របស់​ Amazon បន្ទាប់​មក​​ត្រូវ​​ស្កេន​ QR Code ​​​​​ជា​ការ​ Check-In។ នៅ​ពេល​ទិញ​ទំនិញ​រួច​រាល់​អតិថិជន​គ្រាន់​តែ​ដើរ​ចេញ​ជា​ការ​ស្រេច​ ដោយ​បច្ចេកវិទ្យា​ទំនើប​នឹង​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​ជា​មួយ​គណនី​ធនាគារ​របស់​អតិថិជន​ភ្លាមៗ។ អតិថិជន​មិន​ចាំ​បាច់​ទាញ​កន្ត្រក​ដើម្បី​មក​ដាក់​ឥវ៉ាន់​ដែល​ពួក​គេ​ចង់​ទិញ​នោះ​ទេ​ ព្រោះ​​គ្រាន់​តែ​ទិញ​ហើយ​ពួក​គេ​អាច​ដើរ​ចេញ​​ពី​ហាង​ភ្លាម​ មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​គិត​លុយ​លើ​មុខ​ទំនិញ​មួយៗ​ដូច​មុន។

ហាង​ទំនើប​នេះ​មាន​បំពាក់​ដោយ​កាមេរ៉ា​រាប់​រយ​គ្រឿង​​ និង​ Sensor អេឡិចត្រូនិក​ជា​ច្រើន​ដើម្បី​ចំណាំ​​មុខ​អតិថិជន​នីមួយៗ និង​អាច​តាមដាន​ពី​ទំនិញ​ដែល​អតិថិជន​រូប​នោះ​បាន​​ទិញ។ ជា​មួយ​នឹង​ Sensor អេឡិចត្រូនិក​ ​ទំនិញ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​គណនី​នៃ​កម្មវិធី​ Amazon Go នៅ​ពេល​ដែល​អតិថិជន​រើស​យក​ទំនិញ​ឡើង​ ហើយ​ក៏​នឹង​លុប​ចោល​វិញ​នៅ​ពេល​ដែល​អតិថិជន​ដាក់​ទំនិញ​ចុះ​វិញ។

ប្រព័ន្ធកាមេរ៉ា

ហាង​លក់​ទំនិញ​ដ៏​ទំនើប​នេះ​បាន​បើក​ដំណើរ​ការ​សម្រាប់​ឲ្យ​បុគ្គលិក​របស់​ខ្លួន​សាក​ល្បង​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៦ ហើយ​រំពឹង​ថា​នឹង​ដំណើរ​ការ​ជា​សាធារណ​នា​ពេល​ឆាប់ៗ។​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​បច្ចេកទេស​​មួយ​ចំនួន​ ដូច​ជា​ការ​ចំណាំ​​ដង​ខ្លួន​អតិថិជន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​ការ​​ដាក់​ទំនិញ​ខុស​កន្លែង​ដើម​ជា​ដើម​ ទើប​ត្រូវ​ពន្យារពេល​យ៉ាង​យូរ។

ក្រៅ​ពី​ហាង​ទំនើប​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​​ Seattle រដ្ឋ​ Washington ​សហរដ្ឋអាមេរិក​មួយ​នេះ ក្រុមហ៊ុន​ Amazon មិន​បាន​និយាយ​ពី​​គម្រោង​បើក​ដំណើរ​ការ​ហាង​នេះ​នៅ​ទីតាំង​ដទៃ​នៅ​ឡើយ​ទេ៕​​​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង