ត្រឹមជាអ្នកឡើងត្នោត ចំណូលប្រហែលអ្នកធ្វើការនៅទីក្រុង

  • 2018-01-24 03:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​រំដោះ​ខ្លួន​ពីភាព​ក្រីក្រ​ និង​មិនចង់​​ធ្វើការ​ក្រៅ​ប្រទេស ​កសិករ​រស់​នៅ​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ​ប្រឹងប្រែង​បង្កើន​ចំណូល​បន្ថែមតាមរយៈ​ការ​ធ្វើ​ស្ករ​ត្នោត​។​​ មុខ​របរ​នេះមាន​ចំណូល​ជាមធ្យម ​អាចរក​បាន ​ចន្លោះ​ពី ១​លាន​រៀល​ ទៅ​ ២លានរៀលជា​ប្រចាំ​​ក្នុង​មួយ​ខែៗ។ ចំពោះ​ចំណូល​ប៉ុននេះ ​អាច​និយាយ​បាន​ថា​មិន​តិច​ទេ​ សម្រាប់​អ្នក​រស់​នៅ​ជនបទ​។ ​

​ស្រប​គ្នា​នេះ​ ​​លោក ​ណៃ ម៉ន ​ដែល​ជាកសិករ​ពេញ​កម្លាំង​ម្នាក់ រស់​នៅ​ក្នុង​ភូមិពោធិ៍​អណ្ដោត​ ឃុំជើងភ្នំ ​ស្រុកបាភ្នំ​ ខេត្ត​ព្រៃវែងលើក​ឡើង​ថា ​លោក​សប្បាយ​ចិត្ត​ជាមួយ​អាជីព​លោក​បច្ចុប្បន្ន​ ព្រោះ​ចំណូល​ប៉ុណ្ណេះ​ គឺ​សម​ល្មម​គ្រប់គ្រាន់​អាច​ចិញ្ចឹម​គ្រួសារ​៤នាក់​រស់​នៅ​យ៉ាងសុខ​ស្រួល ​ដោយ​មិន​ចាំ​បាច់​ឆ្ងាយ​ផ្ទះ​ទៅ​ធ្វើការ​ស្រុក​គេ​ឡើយ​។

( ​​លោក ​ណៃ ម៉ន កសិករ​ឡើងត្នោត)

លោក ណៃ ម៉ន ​បាន​ប្រាប់​ Sabay ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំការ​ លោក​បាន​ឆ្លៀត​​ឡើង​ដើម​​ត្នោត​​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី ២០ដើម​នោះ​ឡើយ​ ដោយ​ក្នុង​មួយ​ដើម​លោក​អាច​រក​ទឹកត្នោត​​ បាន​ប្រហែល​៥ ទៅ ១០ លីត្រ​។ ម្យ៉ាងរបរឡើងត្នោត អាចរកទឹកបានទៅតាមរដូវ ក្នុងនោះចាប់ខែធ្នូ ដល់ ខែឧសភា ជារដូវគេធ្វើស្ករត្នោត។

បន្ទាប់មក​លោក​យក​ទឹកត្នោត​ទាំងនោះ​ឲ្យ​ប្រពន្ធ​ទៅ​កូរ​ជាស្ករ​ត្នោត​សម្រាប់​លក់។ លោក បន្តថា ​ស្ករត្នោត​​មួយ​គីឡូក្រាម​ លក់​បាន​តម្លៃ ​៥ពាន់រៀល ​ហើយតម្លៃនេះ​គឺទាបជាង​ទីផ្សារ ដោយ​សារ​ក្នុងភូមិ​មាន​អ្នកធ្វើ​ច្រើន​។ ​ជារៀងរាល់ថ្ងៃ លោក​មាន​ម៉ូយ​ស្ករត្នោត​ច្រើនគួរ​សម​មកទិញ​មិន​ក្រោម​ ១០គីឡូ​ឡើយ​ ហើយ​អ្នកទិញ​គេត្រូវការ​ច្រើន​ជាង​នេះ ប៉ុន្តែ​លោក​មិនអាច​បំពេញ​តាមតម្រូវការ​បាន ​ព្រោះ​ធ្វើមិន​ទាន់​។

កសិករ​រូបនេះ ​​ឲ្យដឹង​បន្ថែម​ថា ​សព្វថ្ងៃ​ក្រៅពី​ធ្វើស្រែ​សម្រាប់​ទប់​ក្រពះ​ប្រចាំឆ្នាំ​ ​​ចំណូល​ពីការធ្វើ​ស្ករ​ត្នោតគឺជាចំណែកធំមួួ​​ជួយ​គ្រួសារ​លោក​ប្រចាំថ្ងៃ​ប្រមាណ ៤ ទៅ ៥ម៉ឺនរៀល​ ៖ «ខ្ញុំម្នាក់​ឯង​ចិញ្ចឹម​គ្រួសារ​បួននាក់​បានស្រួល​ដោយសារ​ឡើងត្នោត​នេះ ​... ហើយ​កូនៗខ្ញុំ​សុទ្ធតែ​បាន​រៀន​សូត្រ​ទាំងអស់​»។ ​យ៉ាង​ណាក្ដី ​លោកក៏​ត្រូវ​ចំណាយថ្លៃ​ដើម​ដូចជា​ ការ​ជួល​ដើមត្នោត​ ត្រូវ​ផ្ដល់​កម្រៃឲ្យ​គេវិញ​ជាទឹកត្នោត​ ៣លីត្រ​ក្នុងមួយដើម​។

ប្រភពខាងលើបន្តថា ​នៅក្នុង​ស្រុកបាភ្នំ​បច្ចប្បន្ន​ដើម​ត្នោតមិន​សូវ​សំបូរ​ដូច​មុនទេ​ ដែល​វាបញ្ហា​ប្រឈម​ធំបំផុត ប្រសិន​បើអត់​ពីដើម​ត្នោត​ទាំង​នេះ​ទៅ ​លោកនិងគ្រួសារ​ប្រាកដ​ជា​ជួបការ​លំបាក​ខ្លាំងជា​មិន​ខាន ​ដោយ​លោក​សូមឲ្យ​អាជ្ញាធរ​ចូលរួម​អភិរក្ស​ដើម​ត្នោត​ខ្មែរ​ឲ្យបាន​យូរ​អង្វែង​។ ​ស្របគ្នា​នេះ ​លោក​​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ ​ពីព្រោះ​ជា​ការ​លើកទឹកចិត្ត​ដល់​ការ​ផលិត​ក្នុងស្រុក៕

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត