ជំនឿ​លើ​ស្គរ​​សម្ភោរ​របស់​អ្នក​សិល្បៈ​បុរាណ​ ដឹង​ហើយ​ព្រឺ​ក្បាល​ខ្ញាក

  • 2018-01-28 02:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្គរ​សម្ភោរ​ត្រូវ​បាន​ក្រុម​អ្នក​សិល្បៈ​ ទាំង​ក្រុម​​ភ្លេង​ និង​អ្នក​រាំ គោរព​បូជា​យ៉ាង​ខ្លាំង​ព្រោះ​គេ​បាន​ចាត់​ទុក​ស្គរ​នេះ​ជា គ្រូ​ធំ​នៃ​វង់​ភ្លេង​និង​ចង្វាក់។

មុន​ការ​សម្ដែង​ចាប់​ផ្តើម​សម្ដែង​​មេ​វង់​ភ្លេង​ត្រូវ​​រៀប​ចំ​នំនែក​ចេក​អំពៅ​ផ្កា​ធូប ទៀន​ ដាក់​ថ្វាយ​ចំពោះ​ស្គរ​សម្ភោរ ​នេះបើតាមការឲ្យដឹងពីព្រឹទ្ធាចារ្យ ឆែម សុខ អ្នក​កាន់​ឧបករណ៍​ ​ស្គរ​សម្ភោរ និង​​ជា​មន្រ្តី​ដែល​កំពុង​បម្រើការ​ងារ​នៅ​ក្រសួង​វប្បធម៌ ។ លោក​បន្ត​ថា​ការ​ធ្វើ​បែប​នេះ​គឺ​និទាន​ត​គ្នា​មក​ដោយ​គេ​​ចាក់​ទុក​ស្គរ​សម្ភោរ​នេះ​ជា​ឧបករណ៍​ដ៏​ពិសិដ្ឋ​ ដែល​ជា​ដឹក​នាំ​ការ​សម្ដែង​ទាំង​មូល​។

«ស្គរ​នេះ​គេ​ចាក់​ទុក​ថា​ជា​គ្រូ​ធំ​ដែល​ជា​មេ​ចង្វាក់​ទាំង​រាំ​ ច្រៀង​ និង​ការ​ប្រ​គំតន្រ្ដី​ក្នុង​វង់​។ ស្គរ​សម្ភោរ​មុន​នឹង​ចូល​វៃ​អ្នក​វ៉ៃ​ត្រូវ​សំពះ​សិន​ទើប​វៃ​បាន» ព្រឹទ្ធាចារ្យ ឆែម សុខ បញ្ជាក់។

លោក មាស សំបូ​ គ្រូ​ឧបករណ៍​បុរាណ​នៅ​សាលា​មធ្យម​សិក្សា​ និង​វិចិត្រ​សិល្បៈ ក៏​បាន​បញ្ជាក់​ដូចគ្នា​ថា​ ត្រូវ​តែ​រៀបចំ​ថ្វាយបង្គំ​ ឬ​គោរព​​បូជា​ចំពោះស្គរ​សម្ភោរ មិន​អាច​អាក់​ខាន​ឡើយ។ លោក​បន្ត​​ថា​ នៅ​ពេល​ដែល​ភ្លេច​ការ​គោរព​បូជា​គឺ​និង​កើត​ហេតុ​ផ្សេង​ជា​ច្រើន​​ ដូច​ជា​ សម្ដែង​​មិន​បាន​ល្អ​ អ្នក​រាំ​ភ្លេច​ក្បាច់ ឬ​រាំ​មិន​ត្រូវ​គ្នា ឯ​អ្នក​ភ្លេង​ក៏​លេង​មាន​បញ្ហាផ្សេង​កើត​ឡើង​ គឺកម្មវិធី​នោះ​ដំណើរ​ការមិន​រលូន​ជា​ឡើយ​។ លោកថា « កាល​ពីដើម​ឡើយ​​គ្រូ​មុន​ពេល​ពាស​​ស្បែក​ លោក​​បញ្ចុះ​អាត្ម័ន មន្ត​គាថា​ជាដើម​ ពេល​នោះ​ស្គរ​នេះ​កាន់​តែ​ខ្លាំង​ទៀត គឺ​គ្រាន់​តែ​ដើរ​កន្លង​ច្បាស់​ជា​ហើម​ដៃ​ជើង​ហើម​ខ្លួន​ ហើយអ្នក​ដែល​មិន​ជា​អ្នក​កាន់​ឧបករណ៍​នោះ​បើ​មិន​មក​ចាប់​កាន់​លេង ក៏​ឈឺពោះ​វិល​មុខ​ទាល់​តែ​ធ្វើ​ពិធី​លោម​ថ្វាយ​ទើប​បាន»។

ស្គរ​ដែល​អ្នក​ភ្លេង​ពិណពាទ្យ​ មាន​ជំនឿ​ខ្លាំង​បែប​នេះ​ជា​ប្រ​ភេទ​ស្គរ​មួយ​​ធ្វើឡើង​ដោយ ដោយ​ឈើ ​កកោះ រាំង​ បេង ជា​ដើម។ បើ​តាម​ឯកសារ​ ឧបករណ៍​តន្រ្តី​បុរាណ​កម្ពុជា​បោះពុម្ព​ឆ្នាំ ១៩៩៤ ដោយ​អង្គការUNESCO បាន​រៀប​រាប់​ថា​​ស្គរ​នេះ​គេ​ធ្វើ​វា​ឡើង​​ដោយ​កំណត់​ពេល​វេលា​ច្បាស់​លាស់​​ក្នុង​ការ​​ដាស់ (ពាស)​ស្បែក ​គឺ​ជ្រើស​​យក​តែ​ថ្ងៃ​ព្រហស្បតិ៍​មួយ​ថ្ងៃ​គត់។ ​ព្រោះ​ជា​ថ្ងៃ​ព្រះ​ពិស្ណុការ​ ដោយ​គេ​មាន​ជំនឿ​ថា​ សំឡេង​ស្គរ​នឹង​ពីរោះ​រណ្ដំ​អន្ទង​អារម្មណ៍​អ្នក​ស្ដាប់​ ។​ស្គរ​នេះ​មាន​តួ​នាទី​​​កំណត់​ចង្វាក់​ ២​​ជាន់​ ឬ៣ជាន់​ និង​ជា​កន្លែង​ដែល​គេ​អុច​ធូប​ ទៀន​ផ្កា​ឧទ្ទិស​ចំពោះ​គុណ​គ្រូ​តូច​ធំ​ឡាយ​នៃ​វង់​ភ្លេង​។ បើ​ទោះ​ជា​ពេល​វេលា​បាន​ដើរ​ដល់​សម័យ​ទំនើប​ទៅ​ហើយ​ក្ដី តែ​ជំនឿ​អរូបីនេះ​នៅ​តែ​មិនទាន់​មាន​អ្នក​បក​ស្រាយ​ឲ្យ​បាត់​ចម្ងល់​នោះ​ទេ៕​​​​ ​​​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម