ល្ងាច​នេះ​ បឹងកេត​ ប៉ះ​ Lao Toyota ទាំង​ស្រពិចស្រពិល​

  • 2018-01-29 01:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ បឹងកេត​ ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​​ឡាវ​ Lao Toyota ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់​លំដាប់​ទី​២​របស់​អាស៊ី​​ AFC Cup នៅ​ពហុកីឡដ្ឋាន​ជាតិ​ ប៉ុន្តែ​ក្រុម​​​កម្ពុជា​​នេះ​​នឹង​​ប្រកួត​ទាំង​ស្រពិចស្រពិល​។

លោក​គ្រូ កែវ កុសល ចាប់​ដៃ​លោក​គ្រូ Fukuda

បន្ទាប់​ពី​​បញ្ចប់​យុទ្ធនាការណ៍​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៧​ ក្រុម​បឹងកេត​បាន​ក្លាយ​ជា​ជើង​ឯក​ ប៉ុន្តែ​ក្រុម​ទាំង​មូល​មិន​បាន​ត្រៀម​ខ្លួន​អ្វី​សោះ​ឡើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ AFC Cup នេះ។ ដើម​ឡើយ​​​បឹងកេត​ទទួល​បាន​ដំណឹង​ថា​ នឹង​​​បាន​កៅអី​ប្រកួត​វគ្គ​​តាម​ពូល​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​​ខ្លី​ចុង​ក្រោយ​នេះ​ បែរ​ជា​ត្រូវ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ ដោយ​សារ​ក្រុម​ Lao Toyota ​បាន​តវ៉ា​ទៅ​នឹង​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ ​និង​បាន​ឈ្នះ​ក្តី​លើ​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ ហើយ​បាន​ឱកាស​លេង​ពាន​រង្វាន់​ AFC Cup វិញ។ ហេតុ​ផល​នេះ​ហើយ​បាន​ធ្វើ​ក្លឹប​បឹងកេត​ ក៏​ដូច​ជា​ Lao Toyota មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដើម្បី​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ល្ងាច​​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៣​សម័យ​កាល​ត្រូវ​បាន​លេច​ឮ​ត​ៗ​គ្នា​ថា​ មិន​ទាន់​ច្បាស់​ការណ៍​ពី​អនាគត​នៅ​ពេល​ខាង​មុខ​ផង។ ការ​រៀម​ចំ​ក្លឹប​សម្រាប់​រដូវ​កាល​ថ្មី​ បឹងកេត​មិន​ទាន់​​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ​ពោល​គឺ​នៅ​រក្សា​កីឡាករ​ចាស់​ៗ​កាល​ពី​រដូវ​កាល​២០១៧​ ខណៈ​កីឡាករ​ខ្លះ​ក៏​បាន​ចេញ​ពី​​ក្រុម​ទៅ​កាន់​ទ្រនំ​ថ្មី​ថែម​ទៀត។ ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​​ លោក​ បែ មករា អ្នក​ចាត់​ការ​របស់​ក្លឹប​​បឹងកេត​មិន​​អាច​បញ្ជាក់​បាន​ឡើយ​ ប៉ុន្តែ​ប្រាប់​ថា​ អ្វី​ៗ​នឹង​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​​ បឹងកេត​បាន​តែង​តាំង​លោក​ កែវ កុសល​​ដែល​​មាន​សញ្ញាប័ត្រ​ A-License ដើម្បី​ដឹក​នាំ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​​លំដាប់​អាស៊ី​នេះ។ ជុំ​វិញ​ការ​ប្រកួត​ល្ងាច​នេះ​ លោក​គ្រូ​បង្វឹក​ថ្មី​បាន​​និយាយ​ថា​ វា​មាន​ពេល​​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​​ ដូច្នេះ​ការ​ត្រៀម​ខ្លួន​មិន​បាន​ដិត​ដល់​ទេ។ លោក​រក្សា​ទម្រង់​លេង​ចាស់​ដដែល។

លោក​បញ្ជាក់​ថា​ ៖«ចំណុច​ខ្វះ​ខាត​របស់​បឹងកេត​គឺ​នៅ​ពេល​យើង​ប្រយុទ្ធ​គេ​ ហើយ​បាត់​បាល់​ ពេល​នោះ​យើង​ត្រឡប់​មក​ចុះ​ការពារ​យឹត។ ដូច្នេះ​ចំណុច​នេះ​ហើយ​​ដែល​ខ្ញុំ​ត្រូវ​​បំពេញ​បន្ថែម​គឺ​ត្រូវ​ចុះ​ទាំង​អស់​ដើម្បី​ការពារ»។ លោក​គ្រូ​បង្វឹក​រូប​នេះ​ចូល​មក​ដឹក​នាំ​បឹងកេត​​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

ក្រុម​បឹងកេត

ចំណែក​គ្រូ​បង្វឹក​ Lao Toyota ក៏​មិន​ខុស​ពី​លោក​គ្រូ​បឹងកេត​កេត​ដែរ។ លោក​ Jun Fukuda បាន​និយាយ​ថា លោក​មាន​រយៈ​ពេល​ខ្លី​សម្រាប់​ការ​ត្រៀម​ខ្លួន​នេះ​ ប៉ុន្តែ​​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​អាច​ដំណើរ​ការ​ទៅ​បាន។ ចំណែក​ប្រធាន​ក្រុម​ Lao Toyota កីឡាករ​ Kazuo បាន​និយាយ​ថា​ ក្រុម​របស់​គេ​មក​​​កម្ពុជា​នេះ​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​យក​ផ្ទះ​វិញ។​

ការ​ប្រកួត​ជើង​ទី​១​​រវាង​ម្ចាស់​ផ្ទះ​បឹងកេត​ និង​ Lao Toyota នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ MYTV។ សំបុត្រ​សម្រាប់​ចូល​ទស្សនា​តម្លៃ​៨​ពាន់​រៀល​ និង​៤​ពាន់​រៀល៕

វ៉ាហេទ​ និង​​ ចាន់ណា ឈ្នះ​ពាន​ប្រជាប្រិយ​ ស្របពេល មុន្នីឧត្តម ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម

គ្រូ​ ទ័ព មើល​ឃើញ​ កីឡាករ​បរទេស​ទេស​ឆ្នាំ​នេះ​​ល្អ​ជាង​កូរ៉េខាងជើង

អត្ថបទ៖ ជាន ចាន់រ៉ា