សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​រៀប​ចំ​កម្មវិធី​បង្ហាញ​នៅ​ស្រុក​ស្វាយអន្ទរ​

  • 2018-01-29 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ ដើម្បី​រៀប​ចំ​ធ្វើ​កម្មវិធី​បង្ហាញ​នៅ​អនុវិទ្យាល័យ​ព្រហូត​ ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៨​ ដោយ​មាន​ក្រុម​កីឡា​សិស្ស​មក​ពី​៤​សាលា​ផ្សេង​គ្នា​ រួម​មាន​ វិទ្យាល័យ​ដំរីពួន​ អនុវិទ្យាល័យ​អង្គរ​ទ្រេត​ អនុវិទ្យាល័យ​ព្រហូត​ និង​អនុវិទ្យាល័យ​ទឹក​ថ្លា។

លោក​ ស្លឹក​ ឡយ​ ប្រធាន​ក្លឹប​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ បាន​ឲ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ ជំហាន​ដំបូង​គឺ​ដើម្បី​បំផុស​សកម្មភាព​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នៅ​តាម​សាលា​មធ្យម​សិក្សា​ទាំង​៤​ក្នុង​កម្រង​ដំរី​ពួន​ជា​មុន​សិន​ បន្ទាប់​មក​ក្លឹប​នឹង​ពិចារណា​សាកល្បង​ជ្រើស​រើស​សាលា​បឋម​សិក្សា​ណា​ដែល​លេច​ធ្លោ​មាន​សកម្មភាព​កីឡា​ ដើម្បី​ផ្តល់​នូវ​សម្ភារៈ​ហ្វឹក​ហាត់​ទៅ​តាម​លទ្ធភាព។

ប្រធាន​ក្លឹប​ដែល​ទើប​តែ​បញ្ចប់​វគ្គ​អាជ្ញា​កណ្តាល​និង​ចៅ​ក្រម​ថ្នាក់​ជាតិ​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​អន្តរជាតិ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្លឹប​ក៏​បាន​ពិចារណា​រួច​ហើយ​ដែរ​ចំពោះ​ការ​ផ្តល់​សម្ភារៈ​ហ្វឹកហាត់​ និង​តុ​សម្រាប់​ផ្តល់​ជូន​សាលា​មធ្យម​សិក្សា​ និង​បឋម​សិក្សា​នៅ​កម្រង​ពីរ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយអន្ទរ​ ប៉ុន្តែ​ក្លឹប​មាន​លទ្ធភាព​តិច​តួច​ ដូច្នេះ​នឹង​ខិត​ខំ​ធ្វើ​តាម​ជំហាន។

ចំណែក​លោក​ ឃុន ផាន់និត​ តំណាង​មន្ត្រី​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​លើក​ឡើង​ថា​ គោល​បំណង​នៃ​ការ​រៀប​ចំ​កម្មវិធី​បង្ហាញ​នេះ​មាន​គោល​បំណង​៣​សំខាន់​។ ទី​១​ចុះ​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ហើយ​ក៏​ដើម្បី​បំផុស​ចលនា​កីឡា​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​នៅ​តាម​សាលា​រៀន​ មិន​ថា​នៅ​ទី​ក្រុង​ ទី​ប្រជុំ​ជន​ ជន​បទ​នោះ​ទេ​។ កីឡា​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដាក់​បញ្ជូល​ទៅ​ក្នុង​កម្មវិធី​ប្រកួត​ក្រប​ខណ្ឌ​កីឡា​សិស្ស​និស្សិត​៣​ឆ្នាំ​មក​ហើយ។ ទី​២​គឺ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ឲ្យ​បាន​កាន់​តែ​ច្រើន​ ដើម្បី​បង្កើន​ការ​ប្រកួត​ប្រ​ជែង​ចម្រាញ់​រក​យុវជន​មាន​ទេពកោសល្យ​ និង​សមត្ថភាព​ខ្លាំង​ សម្រាប់​បញ្ចូល​ទៅ​ក្រុម​ជម្រើស​ជាតិ​ និង​ទី​៣​គឺ​ចលនា​កីឡា​ ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ក្រុម​ក្មេង​ទំនើង​នៅ​តាម​សាលា​រៀន​ និង​តាម​ភូមិ​ឃុំ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដំបូង​បាន​ដាក់​យុវជន​ជម្រើស​ជាតិ​បង្ហាញ​ពី​របៀប​ហ្វឹក​ហាត់​ និង​ប្រកួត​ បន្ទាប់​មក​គឺ​បង្ហាត់​របៀប​ចាប់​ដង​រ៉ាកែត​ ជំហរ​ កាយវិការ​ដល់​ប្អូន​ៗ​ក្រុម​កីឡា​ ហើយ​ក៏​មាន​ការ​ប្រកួត​ផ្នែក​​ទោល​ ចម្រុះ​បុរស​-​នារី​ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​ ដោយ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត។

ចុង​បញ្ចប់​តំណាង​សហព័ន្ធ​បាន​ប្រគល់​ដង​រ៉ាកែត​ក្នុង​សាលា​រៀន​នីមួយ​ៗ​ចំនួន​៥​ គ្រាប់​កូន​ឃ្លី​ចំនួន​១៤​ គ្រូ​ដឹក​នាំ​៤​នាក់​បាន​អាវ​យឺត​ម្នាក់​១ ប្អូន​ៗ​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​២៨​នាក់​ ម្នាក់​ៗ​ទទួល​បាន​អាវ​យឺត​កីឡា​១​ ថវិកា​១​ម៉ឺន​រៀល។​ កីឡាករ​ កីឡា​ការិនី​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​១​ ទទួល​​បាន​ថវិកា​៤​ម៉ឺន​រៀល​ អាវយឺត​កីឡា​១​ ដង​រ៉ាកែត​១​។ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​ថវិកា៣​ម៉ឺន​រៀល អាវ​យឺត​១​ ដង​រ៉ាកែត​១​ និង​ចំណាត់​ថ្នាក់​លេខ​៣​ស្ទួន​ ម្នាក់​ៗ​ទទួល​បាន​ថវិកា ២​ម៉ឺន​រៀល​ អាវ​យឺត​១​ និង​ដង​រ៉ាកែត​១​ និង​ប្រគល់​ជូន​ក្លឹប​គ្រាប់​កូន​ឃ្លី​គុណភាព​ល្អ​១​ប្រអប់​ និង​សំណាញ់​១៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី