Mourinho ចង្អុល​ច្បាស់​ៗ​ចង់​ឲ្យ ទូ​សំលៀកបំពាក់​ Sanchez នៅ​ជិត​កីឡាករ​ពីរ​នាក់​នេះ

  • 2018-01-29 13:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន The Sun អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinho បាន​បញ្ជា​ឲ្យ​មាន​ការ​រៀប​ចំ​ទូ​សំលៀកបំពាក់​របស់​ខ្សែ​ប្រយុទ្ធ​ទើប​ទិញ​ចូល​ថ្មី Alexis Sanchez ឲ្យ​នៅ​ជិត​ទូ​សំលៀកបំពាក់​របស់ Marcus Rashford និង Jesse Lingard នៅ​ក្នុង​បន្ទប់​ផ្លាស់​ខោ​អាវ​របស់​ក្លឹប។

បើ​តាម​ប្រភព​មួយ​ថ្លែង​ប្រាប់​ The Sun បាន​ឲ្យ​ដឹង​ថា៖ "លោកMourinho ចង់​ឲ្យ​កីឡាករ​ចម្រុះ​វ័យ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​គ្នា"។ ប្រភព​ដដែល​បាន​គូស​បញ្ជាក់​ថា៖ "វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ទូរ​ខោ​អាវ​របស់ Alexis Sanchez នៅ Manchester United ស្ថិត​នៅ​ទីតាំង​ជិត​ទូរ​ខោ​អាវ​របស់​កីឡាករ Rashford និង Lingard។ នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា លោក Mourinho ចង់​ឲ្យ Sanchez ជួយ​​ឲ្យ​ពួក​គេ​លេង​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត"។

ការ​អះអាង​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក Mourinho បាន​និយាយ​នៅ​ពេល​ឈ្នះ​ក្លឹប Yeovil Town ៤-០ ក្នុង​កម្មវិធី FA Cup កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ "ការ​សម្រេច​ចិត្ត​របស់ Sanchez ក្នុង​ការ​បញ្ជូន​បាល់​គ្រាប់​ទី ២ គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ ដែល​កីឡាករ​ដូច​ជា Marcus Rashford ភ័យ​មិន​ហ៊ាន​ធ្វើ"។

ខ្សែ​ប្រយុទ្ធ Jesse Lingard និង Marcus Rashford ត្រូវ​បាន​ពិភព​បាល់ទាត់​មើល​ឃើញ​ថា​ជា​កីឡាករ​សំខាន់​របស់​លោក Mourinho ដោយ​ជា​រឿយៗ​ លោក​តែង​សរសើរ​កីឡាករ​ទាំង​ពីរ។

ក្នុង​រដូវ​កាល​ថ្មី​នេះ ក្នុង​លីគ​អង់គ្លេស Rashford លេង​បាន​ ២៤​លើក​ដោយ​ក្នុង​នោះ​ស៊ុត​ចូល ៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៥លើក ខណៈ Lingard លេង​បាន ២០​លើក (រក​បាន ៧​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៤​លើក)។

គ្រាប់បាល់ទី២ ដែល​ត្រូវបញ្ជូនដោយ Sanchez (នាទី ៤ៈ៣៤-៤ៈ៤០)៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី