​៣​ស្មើ​ជើង​ទី​១​នេះ ​គ្រូ​បឹង​កេត ​រក​ឃើញ​ចំណុច​ឈ្នះ Lao Toyota ​នៅ​ជើង​ទី​២​បាន

  • 2018-01-30 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែវ កុសល ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត ​មើល​ឃើញ​ថា​ចំណុច​វិជ្ជមាន​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ ​ហើយ​រំពឹង​ថា​នឹង​យក​ឈ្នះ​ Lao Toyota ​បាន​នៅ​ជើង​ទី​២ ប្រទេស​ឡាវ​បាន។

ការ​ប្រកួត​ជម្រុះ AFC Cup ​រវាង​ក្រុម​បឹង​កេត ​និង Lao Toyota ​បាន​បញ្ចប់​ត្រឹម​លទ្ធផល ៣-៣ ​នៅ​ជើង​ទី​១ ខណៈ​ដែល​ជើង​ទី​២​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ​លោក កុសល ​គ្រូ​​បង្វឹក​ក្រុម​បឹងកេត ​បាន​និយាយ​ជើង​ទី​១​ស្មើ​គ្នា​នេះ មិន​មែន​ជា​លទ្ធផល​អាក្រក់​ពេក​ទេ ព្រោះ​នៅ​មាន​ឱកាស​ជើង​ទី​២ ​ហើយ​ប្រកួត​យប់មិញ​នេះ​ក្រុម​ទាំង​មូល​ក៏​រក​ឃើញ​ចំណុច​ត្រូវ​កែប្រែ​ផង​ដែរ។

ការ​ប្រកួត​នៅ​ជើង​ទី​២ ​លោក​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាក់​ជា​មិន​ខាន ព្រោះ​ថា​លោក​នឹង​ពង្រឹង​ចំណុច​ខ្វះ​ខាត​នៅ​តំបន់​ការពារ​។ មួយ​វិញ​ទៀត ​ការ​លេង​ប្រយុទ្ធ​របស់​ក្រុម​ក៏​បាន​ល្អ​ថែម​ទៀត ដូច្នេះ​ឱ្យ​តែ​រៀប​ប្រព័ន្ធ​ការពារ​បាន​ល្អ នោះ​ភាគរយ​ឈ្នះ​ត្រូវ​តែ​មាន​ដាច់​ខាត។ ​ការ​លេង​ដោយ​បោះ​បាល់​ទៅ Julius គឺ​បង្កើត​ឱកាស​បាន​ច្រើន ដែល​ធ្វើ​ឱ្យ​ខ្សែ​ការពារ Lao Toyota ​ពិបាក​ចាប់​កីឡាករ​បឹង​កេត​ផ្សេង​ទៀត និង​ងាយ​ស្រួល​រក​គ្រាប់​បាល់​ផង​ដែរ។

សម្រាប់​ជើង​ទី​២​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ​នោះ ​ក្រុម​បឹង​កេត​នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ត្រៀម​ខ្លួន​នៅ​ទី​នោះ​នៅ​ថ្ងៃ​ស្អែក​នេះ ​ខណៈ​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០១៨៕

អត្ថបទ៖ មុន្នីរម្យ