អ្នក​រង់ចាំ​ iPhone SE 2 អាច​​ខក​ចិត្ត ពេល​ឮ​ដំណឹង​នេះ​

  • 2018-01-30 02:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​វិភាគ​ Ming-Chi Kuo ដែល​មាន​ប្រភព​​​ផ្ទៃ​ក្នុង​​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​របស់​ Apple នៅ​​អាស៊ី បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​​ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ iPhone SE ជំនាន់​ទី​ពីរ​ បង្ហាញ​ខ្លួន​​នៅ​អំឡុង​ខែ​មិថុនា-កក្កដា ឆ្នាំ​ ២០១៨ នេះ។

​លោក​ Kuo បាន​បង្ហាញ​ការ​ជឿជាក់​ថា​ Apple មិន​មាន​​ធនធាន​គ្រប់​គ្រាន់​សម្រាប់​​ផ្ដោត​លើ​ការ​ប្រកាស​ចេញ​ iPhone ​មួយ​ទៀត​នោះ​ទេ ស្រប​ពេល​ដែល iPhone ស៊េរី​ខ្ពស់​ចំនួន​បី​ម៉ូដែល​កំពុង​ស្ថិត​ក្នុង​ការ​ផលិត ត្រៀម​ប្រកាស​ចេញ​នៅ​ចុង​ឆ្នាំ។

សម្រង់​សម្ដី​មួយ​ដក​ស្រង់​ចេញ​ពី​​របាយការណ៍​ដែល​លោក​ Ming-Chi Kuo ចេញ​ផ្សាយ​មាន​អត្ថន័យ​ដូច​នេះ ៖

“ការ​ប្រកាស​ចេញ​ iPhone ម្ដង​បី​ម៉ូដែល​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ ជា​ការ​ប្រកាស​ចេញ​ដ៏​ធំ​មួយ​ដែល​ Apple មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ហើយ​យើង​ជឿ​ថា​​ការ​ពន្យារ​ពេល​ចេញ​លក់​ iPhone X ដែល​មាន​រចនាបថ​សាំញ៉ាំ​ជា​​សញ្ញា​​បង្ហាញ​ថា​ Apple នៅ​មិន​ទាន់​មាន​ធនធាន​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិត។

ជា​មួយ​នឹង​ផែនការ​ប្រកាស​ចេញ​ iPhone បី​ម៉ូដែល​បន្ត​ទៀត​នៅ​ឆ្នាំ​ ២០១៨ នេះ​ យើង​ជឿ​ថា​ Apple ប្រហែល​ជា​បាន​ប្រើ​ធនធាន​អស់​ទៅ​ហើយ។ បន្ថែម​ពី​នេះ​ទៀត​ យើង​គិត​ថា​ Apple នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​កុំ​ឲ្យ​មាន​ការ​ពន្យារពេល​ម្ដង​ទៀត​លើ​​ថ្មី​ទាំង​ ៣ ម៉ូដែល​ ដូច​ជា​ iPhone X។ ដោយ​ហេតុ​នេះ​យើង​យល់​ថា​ Apple ទំនង​ជា​​នឹង​មិន​​មាន​ធនធាន​សេសសល់​ដើម្បី​ផលិត​ iPhone ថ្មី​សម្រាប់​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨ ឡើយ​”។

​ប្រសិន​បើ​ iPhone SE 2 ស្ថិត​នៅ​ក្នុង​ផែនការ​របស់​ Apple ពិត​មែន​ លោក​ Kuo រំពឹង​ថា​​វា​នឹង​​មាន​ការ​ផ្លាស់​ប្ដូរ​មុន​មាត់​តិច​តួច​បំផុត។ អ្នក​វិភាគ​រូប​នេះ​ព្យាករណ៍​ថា​​ iPhone SE 2 នឹង​មាន​ Processor លឿន​ជាង​មុន, មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​មិន​មាន​រចនាបថ​​អេក្រង់​ពេញ​ផ្ទៃ​ខាង​មុខ​, Face ID ឬ សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ដូច​ iPhone X នោះ​ទេ។

​​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​ថា​ Apple នឹង​ប្រកាស​ចេញ iPhone SE ជំនាន់​ថ្មី​នៅ​ឆ្នាំ​ ២០១៨ ដោយ​​ប្រភព​ភាគ​ច្រើន​ចេញ​ពី​​ទ្វីប​អាស៊ី​​ រួម​មាន​​ក្រុមហ៊ុន​ស្រាវជ្រាវ​ TrendForce និង​សារព័ត៌មាន​ Economic Daily News ជា​ដើម៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង