តំបន់​ភ្នំ​ស្អាតៗ ៥កន្លែង គូស្នេហ៍​ទើប​រៀបការ​រួច​ក្ដៅៗ​គួរ​សាក​ទៅ​ដើរ​លេង

  • 2018-01-30 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

កន្លែង​ក្រេប​ទឹក​ឃ្មុំ​ស្អាតៗ​សឹង​តែ​មិន​ខ្វះ​នៅ​លើ​ពិភព​លោក តែ​បើ​ឲ្យ​គិត​ក៏​ពិបាក​នឹង​រក​ឃើញ​ដែរ ពិសេស​គឺ​តំបន់​ភ្នំ​នេះ​តែ​ម្ដង។ Sabay នឹង​លើក​យក​តំបន់​ដែល​សំបូរ​ភ្នំ ឬ​ព្រៃឈើ​បឹងបួ​ជាដើម សម្រាប់​អ្នក​ចង់​ទៅ​ក្រេប​ទឹក​ឃ្មុំ​ក្រោយ​រៀបការ៖

១. ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ៖ ខេត្ត​ស្ថិត​នៅ​តំបន់​ភ្នំ​ប៉ែក​ខាង​ជើង​ប្រទេស​ថៃ​នេះ អាច​ថា​ជា​ជម្រើស​ដំបូង​ដ៏​ល្អ​ក៏​ថា​បាន ដោយ​សារ​មិន​ត្រូវ​ការ​ចំណាយ​ច្រើន​ទៅ​ដល់​ប្រទេស​ឆ្ងាយៗ ហើយ​ទេសភាព​វិញ ស្អាត​មិន​ណយ​ប៉ុន្មាន​ឡើយ។ តំបន់​ភ្នំ​ដែល​ស្អាតៗ​នៅ​ខេត្ត​នេះ មាន​ដូចជា តំបន់​ភ្នំ និង​ឧទ្យានជាតិ​របស់​ថៃ Phu Chi Fa (ភូជីហ្វា) តំបន់​ភ្នំ Doi Ma Salong ជាដើម ដែល​អ្នក​អាច​ឡើង​ទៅ​លើ​កំពូល​ភ្នំ ហើយ​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​ពី​ទីនោះ​មក​វិញ។

នៅ​ទី​នោះ អ្នក​អាច​ដើរ​ព្រៃ មើល​សត្វ​ព្រៃ ជិះ​ដំរី ជិះ​ក្បូន​បណ្ដែត​ទឹក ឡើង​ភ្នំ ទស្សនា​ភូមិ​ជនជាតិ​លើ​ភ្នំ ទៅ​លេង​ចម្ការ​តែ Choui Fong Tea Plantation ដី​ជាង ១៦០ហិកតា សួន​ផ្កា Mae Fah Luang Garden ជាង ១ហិកតា កន្លះ ជា​ដើម។ កន្លែង​​ស្នាក់​នៅ​ស្អាត​ស័ក្ដិសម​បំផុត គឺ Resort Katiliya ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជុំជិត​ដោយ​ព្រៃ​បៃតង អាច​ឲ្យ​អ្នក​មើល​ទេសភាព​ស្អាតៗ​ពី​លើ​ភ្នំ​បាន​ទៀត​ផង។

២. ហ្លួង​ព្រះ​បាង ប្រទេស​ឡាវ៖ ហ្លួង​ព្រះ​បាង ជា​ទីក្រុង​បុរាណ​នៃ​ខេត្ត​ហ្លួង​ព្រះ​បាង ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ឡាវ ហើយ​ជា​កន្លែង​ដែល​គេ​សរសើរ​គ្រប់​គ្នា​ពី​ទេសភាព ជា​ពិសេស​គឺ​ទិដ្ឋភាព​ព្រៃ​ភ្នំ និង​ទឹក​ជ្រោះ​តែ​ម្ដង។ តំបន់​ល្បីៗ​នៅ​ខេត្ត​នេះ​មាន​ដូចជា ទួលភ្នំ Phou Si សម្រាប់​មើល​ថ្ងៃ​លិច​លើ​ទន្លេ​មេគង្គ ទឹកធ្លាក់ Kuang Si, ល្អាងភ្នំ Pak Ou, ទឹកធ្លាក់ Tad Sae។

ក្រៅ​ពី​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ហ្លួងព្រះបាង ក៏​ជា​ទីក្រុង​វប្បធម៌-ប្រវត្តិសាស្ត្រ​ផង​ដែរ ដោយ​អ្នក​អាច​ទៅ​មើល​សារមន្ទីរ​រាជវាំង Haw Kham, វត្ដ Xieng Thong, វត្ត Long Khoun មជ្ឈមណ្ឌល​សិល្បៈ​បុរាណដើម។ ឯ​កន្លែង​ស្នាក់​នៅ​វិញ មិន​បាច់​ភ័យ​ទេ អ្នក​អាច​ពិចារណា​សណ្ឋាគារ​អេមៗ​ដូចជា Belmon La Residence Phou Vao, Kiridara, និង Victoria Xiengthong Palace ដែល​សុទ្ធ​សឹង​តែ​ជា​កន្លែង​ស្រស់​ស្អាត ហើយ​មាន​ខ្លះ​សាងសង់​នៅ​លើ​ភ្នំ​តែ​ម្ដង។

៣. Tuscany (តាស់ស្កានី)៖ Tuscany ជា​តំបន់​នៅ​ភាគ​កណ្ដាល​អ៊ីតាលី ហើយ​ត្រូវ​គេ​ចាត់​ជា​តំបន់​មាន​សំណង់​ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និង​ទេសភាព។ ក្រៅ​ពី​ទេសភាព​តំបន់​ភ្នំ​ស្រស់​ស្អាត​ពណ៌​បៃតង​វែង​ដាច់​កន្ទុយ​ភ្នែក អ្នក​ក៏​អាច​ភ្លក់​ស្រា​ក្នុង​តំបន់​ដែល​ល្បី​ល្បាញ ម្ហូប ឡើង​ភ្នំ​ថត​រូប​ជាមួយ​សំណង់​អគារ​បុរាណៗ​ដ៏​ទាក់​ទាញ។ តំបន់​នេះ មាន​ទីក្រុង​ល្បីៗ​សម្បូរ​សំណង់​ស្ថាបត្យកម្ម​ដូចជា ទីក្រុង Florence ទីក្រុង Siena និង Pisa ជា​ដើម។

៤. Canoe Bay (កានូបេ) រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក៖ Canoe Bay ជា Resort ពិសេស​​មួយ​សម្រាប់​អ្នក​ទីក្រុង​គេច​ពី​ជីវិត​ទីក្រុង មក​រក​រសជាតិ​ជីវិត​ធម្មជាតិ​នៅ​ក្នុង​ព្រៃ។ Canoe Bay ជា​កន្លែង​រ៉ូមែនទិក​បំផុត​លើ​ផ្ទៃ​ដី ១២១ហិកតា ដែល​ស្ថិត​ក្នុង​រដ្ឋ Wisconsin ភាគ​ជាង​ជើង​ឆៀង​ខាង​លិច​នៃ​សហរដ្ឋអាមេរិក។

ត្បិត​តែ​មិន​មាន​វាល​ភ្នំ​ធំៗ​ដាច់​កន្ទុច​ភ្នែក​ក៏​ពិត​មែន តែ​សម្រាប់​គូស្នេហ៍​ដែល​ស្រលាញ់​ធម្មជាតិ​ច្បាស់​ជា​ត្រូវ​ចិត្ត​ព្រោះ Resort ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃភ្នំ បឹងបួ បូក​រួម​ទាំង​ការ​រៀបចំ​នៅ​ក្នុង​បន្ទប់ ប្រើ​ប្រាស់​ទៅ​ដោយ​ឈើ​ភាគ​ច្រើន។ នៅ​ទី​នោះ អ្នក​អាច​ឡើង​ភ្នំ ស្ទូចត្រី ជិះ​ទូក ជិះ​កង់​ឡើង​ភ្នំ ជិះ​កង់​មើល​ទេសភាព​ជិះ​ស្គី​ទឹកកក។

៥. ទីក្រុង Munnar (មន្តណា) រដ្ឋ Kerala ប្រទេស​ឥណ្ឌា៖ អ្នក​មួយ​ចំនួន​អាច​គិត​ថា ឥណ្ឌា​ប្រហែល​គ្មាន​កន្លែង​ស្អាតៗ បែប​ធម្មជាតិ​សម្រាប់​ដើរ​លេង ឬ​ក្រេប​ទឹក​ឃ្មុំ​ឡើយ។ តែ​ក្រោយ​ឃើញ​រូប​ទាំង​នេះ​ហើយ​ទើប​ដឹង​ថា វា​មិន​ដូច​ការ​គិត​ទេ។ អ្នក​អាច​ទៅ​មើល​ចម្ការ​តែ​ខៀវ​ស្រងាត់ ហើយ​រៀន​ឆុង​តែ​ពី​អ្នក​ភូមិ​នៅ​ទីនោះ រួច​ឡើង​ទៅ​លើ​កំពូល​ភ្នំ​មើល​ទេសភាព ទៅ​ចំណុច​អេកូ​ស្រែក​មួយ​ទំហឹង ហើយ​ឮ​សំឡេង​ខ្លួន​ឯង​ឡង​មក​វិញ ទៅ​សួន​ផ្កា​ដ៏​ធំ​ប្រចាំ​តំបន់ និង​កន្លែង​ស្អាតៗ​ជាច្រើន​ទៀត។ ទាំង​នេះ មាន​នៅ​ទីក្រុង Munnar រដ្ឋ Kerala។

រីឯ​កន្លែង​ស្នាក់​នៅ​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ អ្នក​អាច​ពិចារណា Resort លំដាប់ៗ​លើ​ភ្នំ ដូចជា Munnar Tea County Resort, Elysium Gardens Hill Resort, The Tall Trees Resorts, Nature Zone Resort, Mistletoe Munnar Boutique Homestay ជា​ដើម ដែល​មាន​ទីធ្លា​ធំ ហើយ​ផ្ទះ​ដាច់​មួយៗ​ដោយ​ឡែក​តែ​ម្ដង ព្រម​ទាំង​សាងសង់​នៅ​លើ​ជម្រាល​ភ្នំ៕

អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត


អត្ថបទ៖ វិទូ