រកបានលើសពីស្រួល អស់ដើមតិចញ៉យ តែលុយណែនកាបូបរាល់ថ្ងៃ

  • 2018-02-01 03:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រាជធានី​ភ្នំពេញ​ អាជីវកម្ម​ដ៏​មមាញឹក​បំផុត​គឺ​ការ​ធ្វើ​ចំណី​អាហារ​លក់​ ជា​ពិសេស​អាហារ​តាម​ផ្លូវ​តែម្ដង​ ដែល​គេ​សង្កេត​ឃើញ​ថា ​ជារបរ​ចំណាយដើមទុនតិចតួច និងរីកស្កុះស្កាយនៅ​តាម​កន្លែង​សាធារណៈ​។ ​បើ​ក្រឡេក​ទៅ​មើល​តំបន់​សំបូរ​យុវជន​កកកុញ​ខ្លាំងជាងគេ​នៅ​ម្ដុំវត្តបុទុម ​លោក​អ្នក​ប្រាកដ​ជា​ឃើញ​អ្នក​លក់​ជាច្រើន​កំពុង​ញាប់ដៃ​ញាប់ជើង​ចំអិន​អាហារ​ឲ្យ​អតិថិជន​ ក្នុង​នោះ​អ្នកលក់ពោត​ឆានៅ​ម្ខាង​ផ្លូវ ​ក៏​ដាច់​ខ្លាំង​មិន​ចាញ់​គេដែរ​។

អ្នកស្រី ស៊ីវន អ្នកលក់ពោតឆា និងលីង រាប់ឆ្នាំនៅ វត្តបុទុម ប្រាប់ Sabay យ៉ាងរីករាយថា អ្នកស្រី​ចាប់ផ្ដើមប្រកបរបរ​លក់ពោតតាំង​ពីនៅ​ក្រមុំរហូត​ដល់កូន​ពីរហើយ​។ ​របរដ៏​សាមញ្ញ​មួយ​នេះ​បាន​ធ្វើឲ្យ​គ្រួសារ​និង​កូន​លោក​ស្រី​រស់នៅ​ទីក្រុង​យ៉ាង​សុខ​ស្រួល​។

(អ្នកស្រី ស៊ីវន ​ឆា​ពោត​បណ្ដើររៀបរាប់បណ្ដើរ)

​បើទោះ​បីជា​មុខរបរ​មានទំហំតូច​ក្ដី ​តែចំណូល​វិញគឺអាច​មិនអន់​ឡើយ​ អ្នកស្រី ស៊ីវន ​ឆា​ពោត​បណ្ដើររៀបរាប់បណ្ដើរថា អ្នកស្រី​លក់ពោតឆា​អស់មិនក្រោម ៥០​ប្រអប់​ឡើយ​ ដែលតម្លៃមួយប្រអប់មានពី ៥ពាន់រៀល ទៅ ៦ពាន់រៀល រីឯចំណូលបូកទាំងលក់ពោតលីងទៀតនោះមិនទាបជាង ៥០ម៉ឺន ទៅ ៦០ម៉ឺនរៀលក្នុងមួយ​ថ្ងៃ។ ​អ្នកស្រីថា ​ភ្ញៀវអ្នកស្រីមកទិញ​ស្ទើររាល់ថ្ងៃ ​តែថ្ងៃ​​លក់​ដាច់ជាង​គេគឺ​ចុងសប្ដាហ៍​ និង​ថ្ងៃ​បុណ្យ​ទាន។

យ៉ាង​ណា​មិញ​ ស្ត្រីឆាពោត ពោល​ថា​ ការលក់​បាន​ធ្លាក់ចុះ​ជាង​មុនឆ្ងាយ​។ ដំបូង​អ្នកស្រីលក់​បានរហូត​ដល់ទៅជាង​ ១០០ប្រអប់ឯណោះ ព្រោះតែកាលណោះ​លក់​នៅ​ជាប់​ចិញ្ចើម​ឧទ្យាន​វត្តបុទុម​ឆ្ពោះទៅកោះពេជ្រ តែឥឡូវ​សន្តិ​សុខខណ្ឌប្រាប់ឲ្យប្ដូរមកលក់នៅចំហៀងឧទ្យាន ខណៈ​កន្លែងចាស់​ត្រូវ​បាន​គេ​ដេញ​ថ្លៃធ្វើ​ចំណត​ម៉ូតូ​។

ទោះបែបនេះក្ដី អ្នកលក់ដូររូបនេះ ​ក៏គ្មាន​ចិត្តថា​នឹង​បញ្ចប់​របរដែរ៖ « ​ខ្ញុំមិនអាច​បោះបង់​របរ​នេះ​បាន​ទេ ​ព្រោះ​វាជា​ជីវិត​ខ្ញុំ...​ហើយ​ខ្ញុំក៏​បាន​បង្រៀន​កូនស្រី​ខ្ញុំឲ្យ​ចេះឆា លីងពោត​ ដើម្បីបន្តរបរ​មួយនេះ​ត​ទៅ​មុខ​ទៀត​»។

​ ដោយ​ឡែក​​ការ​ចំណាយ​វិញ​ អាជីវករ​រូបនេះ​ឲ្យដឹងថា ​របរចំណាយ​ថ្លៃដើមមិនសូវច្រើននោះទេ បើតាម​អ្នក​លក់ពោត​​ប្រាប់​ត្រួស​ៗនោះ ​ក្នុងមួយ​ថ្ងៃគឺ​ចំណាយ​​ទិញ​ពោត​ស្រស់​ពី​ម៉ូយ​ប្រមាណ ​២ ទៅ ៣បាវ ​ ដោយ​តម្លៃ​មួយបាវ​ត្រឹម​តែ២ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ​ជាមួយ​គ្នា​នេះ អ្នកស្រី​ត្រូវឲ្យផាស៊ី​ដល់​សន្តិសុខ​មួយ​ថ្ងៃ ៥ពាន់រៀល ក៏​ដូចជា​ចំណាយ​លើរបស់​ផ្សេងៗ​រួមមាន​៖ ហៃប៊ី យីហ៊ឺ និង​គ្រឿងទេស​សម្រាប់​ឆា និងលីង​ជាដើម​៕

អត្ថបទ៖ ស៊ិន សាវ៉េត