អេនឌី ថា លោក​ចាប់​ផ្ដើម​ហត់​ចិត្ត អន់​ចិត្ត និង​អស់​ទាំង​កម្លាំង​កាយហើយ!

  • 2018-02-02 10:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារ​វែង​អន្លាយ​លើ​បណ្ដាញ​សង្គម អេនឌី ថា​ពេល​នេះ លោក​​ហត់​ចិត្តហើយ កម្លាំង​កាយ​ក៏​អស់ដែរ ព្រោះ​តែ​មិន​ដឹង​ធ្វើ​ម៉េច​ត​ទៅ​ទៀត ដើម្បី​តម្រូវ​ចិត្ត​ទស្សនិកជន​នោះ​ឡើយ។

ការ​ត្អូញត្អែរ​នេះ បន្ទាប់​ពី​ អេនឌី បាន​បញ្ចេញ​ស្នាដៃ​តាម​រយៈ​វីដេអូ​ចម្រៀង​២-៣​បទ​មក​ហើយ ដែល​ក្នុង​នោះ​លោក​បាន​បញ្ចូល​នូវ​រសជាតិ​សិចស៊ី​របស់​តារា​ស្រី​ល្បី​ៗមាន កែវ ស្រីនាង សុខ សោម៉ាវត្តី និង​ឌុច លីដា ជា​ដើម។ ប៉ុន្តែ​ជា​លទ្ធផល ការ​ខិត​ខំ​របស់​លោក​ត្រូវ​សង​ត្រឡប់​មក​វិញ​នូវ​ការ​ជេរ តិះដៀល ជា​ជាង​ការ​រិះគន់​កែ​លម្អ។

ឃើញ​ការ​រិះគន់​ទាំង​នោះ លោក​ថា ហត់​ចិត្ត​ណាស់ ព្រោះ​មិន​ដឹង​ថា គួរ​ធ្វើ​យ៉ាង​ណា​ទៀត ដើម្បី​ឲ្យ​ត្រូវ​ចិត្ត​ប្រិយមិត្ត ត្បិត​ថា ធ្វើ​សាច់​រឿង​ធម្មតា មិន​មាន​អ្នក​មើល មិន​មាន​អ្នក​គាំទ្រ។ ប៉ុន្តែ​ធ្វើ​បញ្ចូល​ភាព​សិចស៊ី មាន​អ្នក​មើល​ច្រើន តែ​រិះគន់​ក៏​ច្រើន។ ចំណុច​នេះ អេនឌី ថា អ្នក​មើល និង​អ្នក​រិះគន់​ភាព​សិចស៊ី​នោះ គឺ​ជា​មនុស្ស​តែ​មួយ។ ដូច្នេះ​ហើយ អ្នក​សិល្បៈ​ដូច​លោក​ ចាំ​តែ​ខុស​ប៉ុណ្ណោះ!

"ខ្ញុំ​ខំ​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ​ហើយ អ្នក​ទាំង​អស់​គ្នា​មាន​យល់​អត់?និយាយ​វា​ងាយ​ស្រួល​ជាង​ធ្វើ MV ខ្ញុំ​សិច​ស៊ី មាន​អ្នក​មិន​ពេញ​ចិត្ត និង​ជេរ​ តែ​ចូល​ចិត្ត​មើល​ច្រើន តែ​ពេល​ខ្ញុំ​ថត​ធម្មតា​អ្នក​មិន​ដែល​យក​ភ្នែក​មើល រឺ​ក៏​សរសើរ​ទេ និយាយ​ទៅ​អ្នក​សិល្បៈ​ខ្មែរ គឺ​មាន​តែ​ពាក្យ​ថា​ខុស​មួយ​មុខ​ប៉ុណ្ណោះ ចុះ​បើ​អ្នក​មិន​ចូល​ចិត្តMV របៀប​សិច​ស៊ី អ្នក​កុំ​មើល កុំ​គាំទ្រ វា​ចប់​បាត់​ទៅ​ហើយ លើក​ក្រោយ​មាន​អ្នក​ណា​ហ៊ាន​ថត​ទៀត តែ​នេះ​ចូល​ចិត្ត​មើល រួច​ហើយ​ជេរ ហើយ​ថា​ខ្លួន​ឯង​ហ្នឹង​ត្រឹម​ត្រូវ"។

អេនឌី បន្ត​ថា លោក​មិន​ខ្លាច​នឹង​ទទួល​យក​ការ​រិះគន់​ទេ ប៉ុន្តែ​គួរ​បង​ប្អូន​រិះគន់ ក្នុង​ន័យ​កែ​លម្អ ជា​ជាង​ប្រើ​ពាក្យ​អសុរោះ ជេរ ឬ​បន្តុះ​បង្អាប់ ឲ្យ​គេ​ឃើញ​ពី​ភាព​មិន​ថ្លៃ​ថ្នូរ​របស់​ខ្មែរ។ ដូច្នេះ​ហើយ លោក​ថា ប្រសិន​បើ​បង​ប្អូន​រិះគន់​កែ​លម្អ ដោយ​ប្រើ​ពាក្យ​សមរម្យ គឺ​ជា​រឿង​ល្អ​ទាំង​សង្ខាង ហើយ​លោក​ក៏​រីករាយ​ទទួល នូវ​ចំណុច​ណា​ដែល​អាច​ប្រើ​ដើម្បី​អភិវឌ្ឍ​ស្នាដៃ​របស់​លោក​ដែរ។

នា​មួយ​រយៈ​ចុង​ក្រោយ​នេះ អេនឌី បាន​សម្រុក​ការងារ​ផលិត​បទ​ចម្រៀង​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ទាំង​ប្រភេទ Original Song និង Cover បទ​មរតក​ដើម។ បទ​នីមួយៗ សុទ្ធ​រំលេច​ភាព​សិចស៊ី ដែល​ជាមួយ​គ្នា អ្នក​មើល​ក៏​ច្រើន រិះគន់​ក៏​ច្រើន។ វីដេអូ​ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា "នឹក​បង​៥០%” “មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី" និង​បទ "វិល​វិញ​អូន"។

លោក អេនឌី ក៏​ត្រៀម​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​បទ​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់​ៗ។ បទ​នោះ​មាន​ចំណង​ជើង​ថា "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" ដែល​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ថត ដោយ​បាន​យក កែវ ស្រីនាង និង​ទឹម រដ្ឋា ជា​តួ​សម្ដែង៕

អត្ថបទ៖ ទារិកា