ដល់​ពេលដែល Wenger ដាក់ការរំពឹឹងទុក​ខ្ពស់លើ Ozil ហើយ!

  • 2018-02-02 12:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Arsenal លោក Arsene Wenger បាន​ចង់​ឲ្យ​​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil ធ្វើ​ជា​កីឡាករ​បង្គោល​ ក្នុង​ការ​ដឹកនាំ​ក្លឹប​ទៅ​រក​ភាព​ជោគជ័យ។ ការ​ពោល​នេះ​គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​កីឡាករ​អាល្លឺម៉ង់​ទើប​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២១។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Wenger បាន​និយាយ​ថា៖ "គេ​ (Ozil) បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប នៅ​ពេល​ដែល​ក្លឹប​កំពុង​មាន​ស្ថានភាព​មិន​ប្រាកដ​ប្រជា​ថា​នឹង​បាន​លេង​ Champions League នៅ​រដូវ​កាល​ក្រោយ។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ គេ​នឹង​មិន​ចុះ​ទេ​នូវ​កុងត្រា​ថ្មី​ជាមួយ​យើង។ ទោះ​ជា​យ៉ាង​ណា គេ​បាន​សម្រេច​បន្ត​រួម​រស់​ជាមួយ​យើង។ ដូច្នេះ​វា​ជា​ព័ត៌មាន​ល្អ​សម្រាប់​យើង"។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ទៀត​ថា៖ "អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ រំពឹង​ពី​រូប​គេ គឺ​ចង់​ឲ្យ​គេ​ហ្នឹង​ដឹកនាំ​ក្រុម​ទៅ​រក​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត"។

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន Mesut Ozil អាច​នឹង​ចាក​ចេញ​ពី​ក្លឹប Arsenal ក្នុង​ការ​ដោះ​ដូរ​ខែ​មុន។ ទោះ​ជា​យ៉ាង​ណា មិន​ត្រឹម​មិន​ចេញ​ទេ កីឡាករ​អាល្លឺម៉ង់​ថែម​ទាំង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ក្នុង​ថ្ងៃ​នេះ​ថែម​ទៀត ដើម្បីបញ្ជាក់​ពី​ភាព​ច្បាស់​លាស់​នូវ​អនាគត​ខ្លួន​នៅ​ជាមួយ​ក្លឹប។

Arsenal បច្ចុប្បន្ន​កំពុងឈរលេខ ៦ក្នុងតារាង Premier League មាន ៨ពិន្ទុ តិចជាង Chelsea ដែលកំពុងឈរលេខ ៤ និង ២៦ពិន្ទុ ពី Manchester City ដែលកំពុងស្ថិតនៅកំពូលតារាង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម