មក​ស្គាល់​ពិធីបុណ្យ​ប្លែកៗ​ទាំង១៥ជុំវិញពិភពលោក

  • 2018-02-04 08:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើយើងរស់នៅក្នុងសម័យសាកលភាវូបនីយកម្មក៏ដោយក៏ប្រពៃណីជាច្រើនរបស់មនុស្សនៅជុំវិញពិភពលោកគឺគួរឱ្យភ្ញាក់ផ្អើលហើយវាហាក់ដូចជាមិនធម្មតានិងចម្លែក។ មាន​ហេតុផល​ល្អៗ​ជា​ច្រើន​ដែល​យើង​គួរ​តែ​ដក​ពិសោធន៍​យ៉ាងហោច​ណាស់​ម្តង​ឲ្យ​បាន​ស្គាល់​បុណ្យ​ទាំង​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា​ពិធីបុណ្យ​ប្លែកៗ​១៥​នៅ​ជុំវិញ​ពិភពលោក៖

១៥ ពិធីបុណ្យ Thaipusam Hindu Piercing

ជា​ពិធីបុណ្យ​ឈឺ​សាច​របស់​សាសនា​ហិណ្ឌូ។ អ្នក​កាន់​សាសនា​ហិណ្ឌូ​នៅ​ប្រទេស​ម៉ាឡេស៊ី និង សឹង្ហបុរី​ច្រើន​ប្រារព្ធ​វា​នៅ​ក្នុង​ខែ​រងារ (ចន្លោះ​​ពី​ខែ​ធ្នូ ដល់ កុម្ភៈ)។ អ្នក​ហិណ្ឌូ​បាន​ទម្លុះ​ស្បែក​ខ្នង​របស់​ពួកគេ​ដោយ​ដែក​មុត​ស្រួច​និង​ចង​ភ្ជាប់​ដោយ​របស់​ដែល​គេ​ហៅ "kavadis" ហើយ​ទុក​រយៈពេល​១០​ម៉ោង។ ជំនឿ​នេះ​ត្រូវ​បាន​​ធ្វើឡើង​ដើម្បីលាង​បាប​ចេញ​ពី​ខ្លួន។

​១៤ El Colacho ពិធីបុណ្យ​លោត​រំលង​ទារក​ នៅ​ប្រទេសអេស្ប៉ាញ

ពីធីបុណ្យ El Colacho នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជាង​៤០០​ឆ្នាំ​មក​ហើយ។ មាន​មនុស្ស​ស្លៀកពាក់​ក្រហម​លឿង​តុបតែង​ជា​បិសាច រត់​ពេញ​ភូមិ។ បន្ទាប់​មក​សំលេង​ស្គរ​បន្លឺ​ឡើង ហើយ​បិសាច​ទាំង​នោះ​លោត​រំលង​ទារក​១​ខួប។ គេ​ជឿ​ថា​ពិធីបុណ្យ​នេះ​នឹង​ការពារ​ទារក​ពី​សំណាង​អាក្រក់ ហើយ​និង​លាង​បាប​ផង​ដែរ។

១៣ ពិធីបុណ្យភក់ Boryeong ប្រទេសកូរ៉េខាងត្បូង

រៀង​រាល់​ខែ​កក្កដា​អ្នក​អាច​ចូល​រួម​ក្នុងពិធីបុណ្យភក់ Boryeong របស់​កូរ៉េខាងត្បូង​នៅ​លើ​ឆ្នេរ​នៃ​សមុទ្រ​លឿង។ ក្រៅ​ពី​ងូតភក់​ក៏​មាន​ពិធីផ្សេងៗ​ ដូច​ជា​រត់ម៉ារ៉ាតុង និង ការ​រាំកម្សាន្ត​ជាដើម ដែល​ សកម្មភាព​ទាំងនេះ​បាន​ទាក់ទាញ​មនុស្ស​ពី​ជុំវិញពិភពលោក​ទៅ​កាន់​ទីក្រុង​ប៊ូយ៉ុង​ប្រទេស​កូរ៉េខាងត្បូង។

១២ ពីធី​ជប់លៀង​ប៊ូហ្វេ​ឲ្យ​ស្វា នៅ​ប្រទេស​ថៃ

រៀងរាល់​ខែ​វិច្ឆិកា​អ្នក​ស្រុក​លុមបូរី​​បាន​ធ្វើ​ ពីធី​ជប់លៀង​ប៊ូហ្វេ​ឲ្យ​ស្វា ដែល​គេ​ជឿ​ថា​នឹង​នាំ​មក​នូវ​សំណាង​ល្អ​ជូន​ពួកគេ។ ម្ហូបអាហារ​ថៃ និង ផ្លែឈើ​ជាង​៤​តោន​បាន​ដាក់​តម្រៀប​​នៅ​ជិត​ប្រាសាទ​ខ្មែរ (តែ​ប្រភព​ព័ត៌មាន brightside.me មិន​បាន​បញ្ជាក់​ថា​ឈ្មោះ​ប្រាសាទ​អ្វី​ទេ) ​ឲ្យ​ពួកពានរ​ឆី​ឆ្ងាញ់​មាត់​តាម​ចិត្ត​ចង់។ ទី​នោះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ទីក្រុង​ពានរ ឬ The City of Monkeys” ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ទៅ​ទស្សនា។

១១ ពិធី La Tomatina របស់​អេស្ប៉ាញ

​ ពិធី La Tomatina ឬ អាច​ហៅ​បាន​ថា សមរភូមិ​ប៉េងប៉ោះ ព្រោះ​ពិធីបុណ្យ​នេះ​ត្រូវ​បាន​ទីក្រុងតូចមួយ​របស់​អេស្ប៉ាញ​ឈ្មោះ Bunol ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។ ប៉េងប៉ោះ​រាប់​ឡាន​កាម៉ាស​ត្រូវ​បាន​បម្រុង​ទុក​ដើម្បី​ប្រយុទ្ធ​គ្នា។ ចរិតលក្ខណៈ​ពិធីបុណ្យ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​បុណ្យ​ភក់​នៅ​កូរ៉េ​ដែរ។

១០ Saidai-ji Eyo Hadaka របស់​ជប៉ុន

ពិធីបុណ្យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ធំ​លំដាប់​ទី​៣​ដែរ​នៅ​ជប៉ុន ប៉ុន្តែ​អ្នក​ចូល​លេង​ក្នុង​ពីធីបុណ្យ Saidai-ji Eyo Hadaka សុទ្ធ​សឹង​ជា​បុរស​ប៉ុណ្ណោះ។ គេ​ប្រារព្ធ​នៅ​ខែ​កុម្ភៈ ធ្វើ​ឡើង​ក្នុង​វិហារ។ អ្នក​ចូលរូម​ប្រកៀក​គ្នា ហើយ​ស្លៀក​ប៉ឹង​បាំង​តែ​របស់​សំខាន់​បន្តិច​ប៉ុណ្ណោះ ហើយ​ពួកគេ​ប្រជែង​ដណ្តើម​​របស់​ដែល​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​ឲ្យ​​ដណ្តើម​យក។ អ្នក​យក​របស់​នោះ​បាន​គឺ​ជា​មាន​សំណាង។

៩ ទិវា​បង្កក​សក់​នៅ​ប្រទេស​កាណាដា

គេ​ធ្វើ​នៅ​រៀងរាល់​ខែ​កុម្ភៈ។ វិធី​ចូលរួម​ប្រកួត​គឺ​សាមញ្ញ ដោយ​គ្រាន់​តែ​អ្នក​ស្ម័គ្រ​ចិត្ត ដោយ​គ្រាន់​តែ​អ្នក​សុខចិត្ត​ទៅ​ខាងក្រៅ​ផ្ទះ​ដែល​មាន​សីតុណ្ហភាព -៣០ អង្សារ​សេ បន្ទាប់​មក​​ជ្រមុជ​សក់​របស់​អ្នក​ទៅ​ក្នុង​ទឹក​ ហើយ​ហាល​នឹង​ខ្យល់​ចាំ​មើល​ថា​តើ​សក់​អ្នកណា​កក​បាន​ល្អ​ជាង​អ្នក​នោះ​នឹងឈ្នះ។

៨ រាត្រី​ឆាយថាវ របស់​ប្រទេស​ម៉ិកស៊ិក

នៅថ្ងៃទី ២៣ ខែ​ធ្នូ​ទីក្រុងម៉ិកស៊ិក បង្កើត​បរិយាកាស​បុណ្យណូអែល​ដែល​មិនធម្មតាមួយ គឺ​អ្នកស្រុក​បាន​យក​មើមឆាយថាវ​ទៅ​សូន​ជារូប​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​រឿងព្រេង​ ឬ ក៏​ការ​ច្នៃប្រឌិត​ប្លែកៗ ហើយ​យក​រូបនោះ​ដាក់​តាំង​មុខ​ផ្ទះ​ដើម្បី​ឲ្យទាក់ភ្នែក​អ្នកផង។

៧ ថ្ងៃ​នៃ​ភាពស្ងប់ស្ងាត់​នៅ​កោះបាលី

បុណ្យ​ឆ្នាំថ្មី​នៅ​កោះ​បាលី​គឺ​ខុសគ្នា​ទាំងស្រុង​ពី​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ។ មិន​ដូច​ប្រទេស​ភាគ​ច្រើន​ដែល​ថ្ងៃ​ឈប់​សម្រាក​នេះ​មនុស្ស​ម្នា​តាម​គ្រួសារ​នីមួយៗ​បង្កើត​ពិធីជប់លៀង​ល្បែង​ប្រជាប្រិយ​ប៉ុន្តែបុណ្យ​ឆ្នាំថ្មី​នៅ​កោះ​បាលី​​ប្រជាជន​បាន​យក​ឱកាស​នេះ​ដើម្បី​ស្វាគមន៍​ការ​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ប្រកប​ដោយ​សន្តិភាព និង ភាពស្ងប់ស្ងាត់​បំផុត។ គ្មាន​ទេ​ភ្លើង​ព្រោងព្រាត ការ​ធ្វើ​ដំណើរ សកម្មភាព​នានា និង ការ​កំសាន្ត ទីក្រុង​ទាំង​មូល​ស្ថិត​​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ជ្រងំ។

៦ ទិវា​កីឡា​ប្រណាំង​ហែល​ក្រោម​ទឹក​ក្នុង​ប្រលាយ

​​ជា​ប្រភេទ​កីឡាចម្លែក​មួយ​នៅប្រទេស​វែល ដែល​អ្នក​ចូលរួម​ប្រកួត​គឺ​ប្រណាំង​គ្នា​ហែល​ទឹក​ក្នុង​ប្រលាយ​ដែល​​ទឹក​មើល​ទៅ​ងងឹត​គួរ​ឲ្យ​ព្រឺ ហើយ​អ្នក​ប្រកួត​ប្រជែង​មិនមែន​​ប្រណាំងគ្នា​លើ​ទឹក​ទេ។ ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ប្រើ​បំពង់​ដក​ដង្ហើម​ហែល​ប្រណាំង​គ្នា​ប៉ប្រះ​ក្រោម​ទឹក។

៥ ទិវា​តុក្តតា Pikachu របស់​ជប៉ុន

Pikachu មិន​ត្រឹម​តែ​ជា​តុក្តតា​ល្បី​នៅ​ជប៉ុន​ទេ បច្ចុប្បន្ន​វា​មាន​ទិវា​ដង្ហែ Pikachu ជា​សាធារណៈ​ទៀត​ផង។ អ្នក​សំដែង​ជាង ១ ០០០ នាក់​នៅ​ក្នុង​សំលៀក​បំពាក់ Pikachu ដើរ​ជា​ជួរ​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​យូកូហាម៉ា​ប្រទេសជប៉ុន។

៤ ទិវា​ដុត​មនុស្ស​ព្រិល នៅ​អាមេរិក

រៀងរាល់​ថ្ងៃ​ទី ២០ ខែ​មិនា ប្រជាពលរដ្ឋ​នៃ​តំបន់​ត្រជាក់​របស់​បឹង Superior នៅ​សហរដ្ឋអាមេរិក​បាន​ដុត​មនុស្ស​ព្រិល ដើម្បី​សាទរ​រដូវ​ផ្ការីក។

៣ សមរភូមិ​ផ្លែ​ក្រូច​ នៅ​ប្រទេស​អ៊ីតាលី

ស្រដៀង​ទៅ​នឹង​សមរភូមិ​ប៉េងប៉ោះ​ដែរ សមរភូមិ​ផ្លែ​ក្រូច​ នៅ​ប្រទេស​អ៊ីតាលី ប៉ុន្តែ​សមរភូមិ​ផ្លែក្រូច​អ្នក​ចូលរួម​ត្រូវ​ពាក់​មួកការពារ ហើយ​២​ក្រុម​ធ្វើ​ការ​ប្រកួត​គ្នា និង មាន​គណៈកម្មាការ​ជា​អ្នកសម្រេច។

២ ពិធីបុណ្យ Vikingនៅ​ប្រទេសអ៊ីស្លង់

ជារៀងរាល់ឆ្នាំHafnarfjörðurដែលជាទីក្រុងតូចមួយនៅអ៊ីស្លង់បានក្លាយជាកន្លែងប្រវត្តិសាស្ត្រ​ដ៏ធំ​មួយ​នៃ​ពិធីបុណ្យ Viking ប្រចាំឆ្នាំ ដែល​ជា​ការ​ស្លៀកពាក់​សំលៀកបុរាណ​របស់​អ្នក​ដើរ​​ធ្វើ​ដំណើរ​តាម​សំពៅ​ ហើយ​ក៏​មាន​ផង​ដែរ​នូវ​ឈុតឆាក​សម្តែង​ការប្រយុទ្ធ​គ្នា​សម្រាប់​អ្នក​ទស្សនា។

១ ការ​ដុត​រូប​សំណាក​មនុស្ស​

នៅ​តំបន់វាលខ្សាច់ Black Rock របស់​សហរដ្ឋអាមេរិក ប្រសិន​បើ​អ្នក​ចំណាយ​ពេល​៨​ថ្ងៃ​នៅ​ទីនោះ អ្នក​នឹង​សង្កេត​ឃើញ​ថា​មនុស្ស​ពី​មួយ​ក្រុមទៅ​មួយ​ក្រុម​នៅ​លើ​វាលខ្សាច់​នោះ​មាន​របៀប​រស់​នៅ​ដាច់​ស្រលះ​ពី​គ្នា។ ពិធីបុណ្យ​ដុត​រូបសំណាកមនុស្ស​គឺនៅ​ពេល​ដែល​មនុស្ស​មួយ​ក្រុម បំភ្លេច​ពី​របៀប​រស់​នៅ​ធម្មតា​របស់​ពួកគេ​ហើយ​បង្កើត​សង្គម​ថ្មី​មួយ​ដែល​​ពួកគេ​យល់​ថា​សមស្រប​សម្រាប់​ពួកគេ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត