ឈុត "​ក្រវ៉ាន់​កម្ពុជា" ស្នាដៃ​កូន​ខ្មែរ ធ្វើ​ឲ្យ ណាក់ ស្រីណា លេចធ្លោ​ខ្លាំង

  • 2018-02-06 04:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលៀក​បំពាក់​បែប​ប្រពៃណី​មួយ​ឈុត​គ្រប​លើ​ដង​ខ្លួន​របស់​តារា​សម្ដែង និង​ពិធីការិនី ណាក់ ស្រីណា រំលេច​សោភណភាព​ល្អ​ទាំង​ព្រម រហូត​មាន​ប្រិយមិត្ត​សរសើរ​ជា​ច្រើន។

ឈុត​ប្រពៃណី​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "ក្រវ៉ាន់​កម្ពុជា" ច្នៃ​ម៉ូដ​ដោយ​ហាង​របស់​ស្រីណា​ផ្ទាល់ "ណុប ដាណេ​សម្អាង​ការ"។ ស្រីណា ប្រាប់​ថា កិច្ចការ​នេះ គឺ​ការងារ​រួម​គ្នា​របស់​កញ្ញា​ផ្ទាល់​ជាមួយ​នឹង​អ្នក​រចនា​ប្រចាំ​ហាង​របស់​នាង​ឈ្មោះ សូណែម ។ តាម​ការ​ពិភាក្សា គឺ​ស្រី​ណា ប្រាប់​ថា នាង​ចង់​បាន​ម៉ូដ​មួយ ដែល​តំណាង​ឲ្យ​អ្វី​ដែល​ជា​របស់​ខ្មែរ តួ​យ៉ាង​ដូច​ជា "ផ្កា​ក្រវ៉ាន់"។

“ផ្កា​ក្រវ៉ាន់ គឺ​ជា​ផ្កា​មួយ​តំណាង​ជាតិ​យើង ប៉ុន្តែ​មិន​សូវ​មាន​គេ​លើក​មក​និយាយ ដល់​អីចឹង​ទៅ ពួក​ខ្ញុំ​ក៏​គិត​ថា យក​ផ្កា​នេះ​មក​ដាក់​លើ​សំលៀកបំពាក់ ហើយ​ឲ្យ​ឈ្មោះ​ម៉ូដ​នេះ​ថា "ក្រវ៉ាន់​កម្ពុជា"។ ក្រោយ​ពី​ចេញ​ទៅ ឃើញ​ថា ទទួល​បាន​ការ​គាំទ្រ​ច្រើន​បង"។ ស្រី​ណា បញ្ជាក់​បន្ថែម។

“ក្រវ៉ាន់​កម្ពុជា" ប្រើ​ប្រាស់​ក្រណាត់​នាំ​ចូល​ពី​បរទេស ប៉ុន្តែ​សម្ភារ​ផ្សេង​ទៀត សុទ្ធ​ជា​របស់​ក្នុង​ស្រុក។ រយៈ​ពេល​នៃ​ការ​រចនា ៥​ថ្ងៃ​ជាមួយ​ទុន​ចំណាយ​ប្រមាណ​ជាង ៣០០​ដុល្លារ​អាមេរិក៕

រូបភាពរបស់​សម្អាង​ការ ណុប ដាណេ ៖ ផ្ដល់​សិទ្ធិដោយ ស្រីណា

អត្ថបទ៖ ទារិកា