ពីបុគ្គលគ្មានសូម្បីតែផ្ទះនៅ ក្លាយជាថៅកែផ្គត់ផ្គង់និងសង់ផ្ទះតាមក្ដីប្រាថ្នា
- 2018-02-07 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីបុគ្គលគ្មានសូម្បីតែផ្ទះនៅ ក្លាយជាថៅកែផ្គត់ផ្គង់និងសង់ផ្ទះតាមក្ដីប្រាថ្នា
ចន្លោះមិនឃើញ
ភាពលំបាកធ្វើឲ្យបុរសម្នាក់ បានផ្លាស់ប្ដូរជីវិតពីបុគ្គលិកធ្វើការឲ្យគេ ក្លាយជាម្ចាស់សហគ្រាសផលិតឥដ្ឋបរិស្ថានដំបូងនៅកម្ពុជា ថែមទាំងជួយឲ្យអ្នកចំណូលទាបមានលទ្ធភាពរស់នៅផ្ទះយ៉ាងសមរម្យ។
លោក ហាវ គង់ងី ស្ថាបនិកឥដ្ឋបរិស្ថាន ដែលមានសហគ្រាសឈ្មោះថាផ្ទះតាមក្តីប្រាថ្នា បានប្រាប់ Sabay ថា ការចាប់ផ្ដើមនៃអាជីវកម្មដំបូងកើតចេញពីការចង់បានផ្ទះផ្ទាល់ខ្លួន។ លោកបានខិតខំសន្សំប្រាក់រាប់ឆ្នាំ ដើម្បីទិញផ្ទះ ប៉ុន្តែមិនបានសម្រេចដូចបំណង ព្រោះតែតម្លៃផ្ទះខ្ពស់ហួសលទ្ធភាព។
មិនមែនតែលោក គង់ងី នោះទេ ដែលមិនមានលទ្ធភាពទិញផ្ទះ ពលរដ្ឋខ្មែរចំណូលទាបឯទៀតក៏ដូចគ្នាផងដែរ។ លោក គង់ងី បន្តថា៖ « ជាក់ស្ដែង កម្មកររោងចក្រម្នាក់មានចំណូលជាង១០០ដុល្លារ ត្រូវរស់នៅគ្នុងបន្ទប់ជួលតូចៗជុំគ្រួសារ ពួកគាត់ក៏ចង់បានផ្ទះផ្ទាល់ខ្លួនដែរ តែចំណូលប៉ុណ្ណឹង តើពេលណាទើបអាចមានលទ្ធភាពទិញផ្ទះបាន?»
លុះបែកគំនិត បន្ទាប់ពីលោក ហាវ គង់ងី បានចូលវគ្គបណ្ដុះបណ្ដាលអាជីវកម្មរបស់ស្ថាប័នបរទេសមួយឈ្មោះថា Impact Hub លោកបានរៀនសូត្រពីគំនិតអាជីវកម្មថ្មីៗពាក់ព័ន្ធនឹងការជួយសង្គមផងនោះ លោក៏បានជ្រើសរើសការផលិតឥដ្ឋបរិស្ថានមួយដែលអាចជួយរកប្រាក់ចំណេញ និងអាចជួយប្រជាពលរដ្ឋក្រីក្រមានចំណូលទាបទទួលបានលំនៅដ្ឋានយ៉ាងពេញចិត្តផងដែរ។
សហគ្រិនរូបនេះអះអាងថា ការប្រើប្រាស់ឥដ្ឋប្រភេទនេះធ្វើឲ្យម្ចាស់សំណង់ចំណេញទាំងថវិកា និងពេលវេលាសាងសង់។ ចំណេញ ដោយហេតុថាឥដ្ឋប្រភេទនេះត្រូវការប្រើស៊ីម៉ងត៍តិច និងរៀបបានលឿន។ ជាងនេះទៅទៀតគឺសហគ្រាសរបស់លោកមានបង្រៀនម្ចាស់ផ្ទះ ឬជាងសំណង់ដែលម្ចាស់ផ្ទះជួលឲ្យសាងសង់ចេះប្រើប្រាស់ឥដ្ឋបរិស្ថាននេះដោយមិនគិតថ្លៃ។
ម្ចាស់សហគ្រាសផ្ទះតាមក្តីប្រាថ្នា បញ្ជាក់ថា ផ្ទះដែលលោកសាងសង់លក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទំហំ៤ម៉ែត្រគុណ៨,៥ម៉ែត្រកំពស់ពីជាន់(E0&E1) គឺតម្លៃពី១៤ ៥០០ដុល្លារទៅដល់១៨ ០០០ដុល្លារខណៈដែលដីដែលលោកទិញសម្រាប់សាងសង់ផ្ទះនេះតម្លៃ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែបើប្រជាពលរដ្ឋសង់ដោយខ្លួនឯងលោកថានឹងចំណាយថវិកាកាន់តែតិចជាងនេះ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
សម្រាប់អ្នកមានចំណូលទាប សង់ផ្ទះពីឥដ្ឋប្រភេទនេះជួយសន្សំថវិកាមិនតិចជាង២០ភាគរយ
ព្រោះមិនចង់ចាយលុយប្ដី ប្ដូរផ្ដាច់បើកហាងកាហ្វេតម្លៃជាង១៣ម៉ឺនដុល្លារ