មិន​បាច់​ចំណាកស្រុក​នាំឆ្ងាយ​គ្រួសារ បើ​ចេះចាប់​ឱកាស​ក្នុង​វិស័យ​កសិកម្ម

  • 2018-02-07 03:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​យុវជន​​រហូត​ដល់ខ្ទង់លាន​នាក់​បាន​ចំណាក​ស្រុក​បោះបង់​ការងារ​កសិកម្ម​ ហើយ​ទៅ​ស្វែង​រក​ប្រាក់​​ផ្គត់ផ្គង់​គ្រួសារ តាម​រយៈការធ្វើការ​លើ​វិស័យ​ឧស្សាហកម្ម និង​សំណង់ ជាដើម​ នៅ​ឯបរទេស​ អ្នក​ជំនាញ​ខាង​កសិកម្ម​មើល​ឃើញ​ថានេះ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ចាប់អារម្មណ៍​ខាង​វិស័យ​កសិកម្មក្នុង​ស្រុក​ ដើម្បី​រក​ចំណូល​ទៅ​វិញ។

(នាយក​ប្រតិបត្តិ​អង្គការ​សេដាក លោក សម វិទូ ពន្យល់ពី​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម កាលពីថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០១៨)

នាយក​ប្រតិបត្តិ​អង្គការ​សេដាកដែលធ្វើការ​លើ​វិស័យ​កសិកម្ម​ លោក សម វិទូ លើក​ឡើង​នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​ Sabay ថា​ប្រ​ជា​ពល​រដ្ឋខ្មែរ​មិនតិចជាង​ពីរលាន​នាក់នោះទេ ដែលបាន​ចំណាក​ស្រុក​មក​កាន់​ទី​ក្រុង និង​ទៅ​កាន់​បរទេស​ដើម្បីស្វែង​រកការងារ​ធ្វើ។ ដោយសារតែចំនួន​មនុស្ស​ពេញ​កម្លាំង​ធ្វើចំណាកស្រុក​នេះ​ហើយ បាន​ធ្វើឲ្យ​ខ្វះកម្លាំង​ពល​កម្ម​លើ​វិស័យ​កសិកម្ម ដែល​លោក​ថា​ជាវិស័យ​​មិនអាច​ខ្វះបាននៅ​កម្ពុជា​។

បើ​តាម​របាយការណ៍​សង្ខេប​របស់​អង្គការ​ILO សម្រាប់​ត្រីមាសទី​១ ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំៗ​មាន​យុវជន៣០​ម៉ឺន​នាក់​ចូល​ក្នុង​ទី​ផ្សារ​ការងារ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​បាន​ចំណាក​ស្រុក ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​វិស័យ​សំណង់ កសិកម្ម នេសាទ ចិញ្ចឹមសត្វ ជាដើម។

បើ​តាម​របាយការណ៍​ដដែល ពលករ​ខ្មែរ​នៅ​ប្រ​ទេស​ថៃមានចំនួន​ជាង​១,១៧​លាន​នាក់​ ក្នុង​នោះ​មាន​ជាង១,១១​លាននាក់​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។ ពល​ករ​ទៅធ្វើការ​ដោយស្របច្បាប់នៅ​ម៉ាឡេស៊ីមានចំនួន​ជិត​៥ម៉ឺន​នាក់ គិតពី​ឆ្នាំ១៩៩៨ ដល់​២០១៦ នៅ​កូរ៉េខាង​ត្បូង​មានចំនួន​ជាង​៤ម៉ឺន​នាក់​គិតពី​២០០៧ ដល់​២០១៥ ជប៉ុន ជាង ២ ០០០​នាក់ គិតពីឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ និង​សិង្ហបុរី មាន​ចំនួន​៤០០​នាក់គិតពី​ឆ្នាំ២០១៣ ដល់​២០១៥។

(បុគ្គលិក​ហាង​សហគមន៍​កសិផល​ធម្មជាតិ​កំពុង​រើស​ប្រភេទ​បន្លែ​ដែលអតិថិជនបញ្ជា​ទិញ​)

ត្រង់​ចំណុចនេះ​លោកថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​អាច​នឹង​ខ្វះកម្លាំង​ពល​កម្ម និង​​ផលិតផលកសិកម្ម។ មួយ​​វិញ​ទៀត​លោក​ថា​ក៏មាន​ដែរ​អ្នក​មក​រស់​នៅទី​ក្រុង ​ធ្វើការ​តាម​រោងចក្រ ក្រុម​ហ៊ុន​ ហើយ​សុទ្ធតែ​ត្រូវ​ការ​ស្បៀងអាហារ ជាពិសេស​​កំណើន​ភ្ញៀវ​ទេសចរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ កាន់តែ​ត្រូវការ​ជា​ចាំ​បាច់​នូវ​ការ​ផ្គត់​ផ្គង់​កសិផល​កាន់តែ​ច្រើន។

លោក​បញ្ជាក់​យ៉ាង​ដូចនេះថាៈ «យើង​ឃើញ​និន្នាការ​ចំណាក​ស្រុក​របស់​យុវជន​ហ្នឹង​មាន​ការ​កើន​ឡើង​ខ្ពស់​យើងឃើញទៅធ្វើការ​នៅ​ថៃជាង​មួយ​លាន​នាក់ នៅ​មក​ធ្វើ​ការនៅទីក្រុង​ភ្នំពេញ ទៅ​កូរ៉េ ទៅអី ចង់​និយាយថា​ចំណាកស្រុក​ចង់ពីរ​លាន​នាក់​ហើយ ចាក​ចោល​វិស័យ​កសិកម្ម ឬថាមួយ​លាន​ចុះ​នៅ​ភ្នំពេញ...ចុះ​បាន​អង្ករ បាន​ម្ហូបពីណា មិន​ត្រូវ​ការ​អ្នកធ្វើកសិកម្ម ហើយ​ចុះ​ភ្ញៀវទេសចរ​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​ មិន​ត្រូវ​ការ​អ្នក​ផលិត ដើម្បី​យក​មក​ផ្គត់​ផ្គង់ អ៊ីចឹង អាហ្នឹងអាចជាបញ្ហា តែ​យើង បង្វែរ​វា​ទៅ​ជាសក្កានុពល​វិញ»។

លោក​ សម វិទូ អះអាង​ថា​ការ​ដាំ​ដំណាំ​ចម្រុះ​​លើ​ផ្ទៃ​ដី​​៣ ០០០​ម៉ែត្រ​ការ៉េ​ ក្នុង​មួយ​ខែ​អាច​រក​ចំណូល​បានពី​ផល​បន្លែទាំង​នេះ​ប្រហែល​៥០០​ដុល្លារ​។ សម្រាប់​បទ​ពិសោធ​ន៍របស់​កសិករ​ដាំ​បន្លែ​សរីរាង្គ​ក្នុងគម្រោង​របស់​អង្គការ​សេដាក​បានទទួល​ចំណូល​ចន្លោះ​ពី​២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ថា​កសិករ​ទាំងនេះ​មាន​ដី​សម្រាប់ដាំ​ដំណាំ​តិចជាង​៣ ០០០​ម៉ែត្រ​ការ៉េ។

(បន្លែ​ក្នុង​ហាង​សហគមន៍​កសិផល​ធម្មជាតិ មានប្រ​ភពពី​កសិករ​នៅ​តាមបណ្តាខេត្ត​ដូចជា​កំពង់ឆ្នាំង និង​តាកែវ​ជាដើម)

​​​​​​​​​លោក​បន្ថែមថាៈ «តាម​រយៈក្រុម​ផលិត​បន្លែ​របស់​យើង​ ឃើញ​ថាចំណូល​របស់កសិករ​បាន​ចន្លោះពី​២៥០ដុល្លារ ទៅ​៣០០​ដុល្លារ ទៅតាម​ដី​ធំតូច បើ​​ដី​ខ្ទង់​៣០​អារអី(៣ ០០០ម៉ែត្រការ៉េ)​គាត់​ដាំ​ចម្រុះ​មុខគ្នា បង្វិល​ជុំ គឺ​គាត់​អាចរកបាន​រហូត​ដល់​៥០០​ដុល្លារ»។ ​​

ទោះ​ជាយ៉ាងនេះ​ក្តី អ្នកជំនាញ​កសិកម្ម​រូបនេះ​មើល​ឃើញ​ថា​យុវជន​ខ្លះ​មិន​សូវចាំអារម្មណ៍​នឹង​របរ​កសិកម្មនេះ ដោយ​សារ​វិស័យ​នេះ នៅ​ប្រ​ឈម​បញ្ហា​ប្រ​ព័ន្ធ​ធារាសាស្រ្ត​នៅតំបន់​ខ្លះ តម្លៃ​ប្រេង​ឥន្ធនៈ​មាន​តម្លៃ​ថ្លៃ និង​ពិសេសជាងនេះ​គឺការ​ចំនួន​មន្ត្រីជំនាញ​នៅ​តាម​មូល​ដ្ឋាន​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

ទោះយ៉ាងណា លោក​បញ្ជាក់ថា កសិករ​ដែលចង​គ្នាជា​ក្រុម ឬ​សហករណ៍​អាច​ជួយ​គ្នា និង​ដោះ​ស្រាយ​នូវ​បញ្ហា​មួយចំនួនបាន ជាពិសេស​គឺ​ការ​បែកចែក​ប្រ​ភេទ​ដំណាំដាំដុះ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។​

រដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម ឯឧត្តម វេង សាខុន ធ្លាប់​លើក​ឡើង​ថា​កម្ពុជា​ក្នុង​មួយ​ថ្ងៃៗបាន​នាំចូល​បន្លែ​ពី​ប្រ​ទេសជិត​ខាង​ចន្លោះពី២០០ ទៅ​៤០០​តោន និងបាន​ចំណាយ​ថវិកា​ប្រហែលជា​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​លើ​បន្លែនាំចូល​ទាំងនេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សំឡេង​វៀតណាម ក្នុង​ឆ្នាំ២០០៩ វៀតណាម​នាំបន្លែស្រស់​មក​កម្ពុជា​ចំនួន​២០០​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ការនាំចូលនេះបាន​ហក់ឡើង​ដល់​៣០០​តោន នៅ​ឆ្នាំ២០១៦។

ដើម្បី ជួយ​កាត់​បន្ថយការនាំចូល​បន្លែពី​បរទេសនេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រ​សួង​កសិកម្ម​អះអាងថា​រដ្ឋាភិលបាល​គ្រោង​បោះ​ចញ្ចប់ថវិកាចំនួន​៣០​លានដុល្លារ​ដើម្បីជួយ​ដល់​កសិករ​ផលិត​បន្លែ​គ្មានជាតិ​គីមី ឲ្យបាន​៦ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំសម្រាប់ទីផ្សារ​ក្នុង​ស្រុក និង​កាត់​បន្ថយការនាំចូល៕ ​​​​​​​​​

អត្ថបទ៖ ទូច សុខា