ឆាប់ៗ​នេះ! កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រស្នា​​

  • 2018-02-07 06:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេង និងកែច្នៃផលិតផលផ្សេងៗពីដើមច័ន្ទក្រស្នា​ក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ។ ក្រុមហ៊ុនធូប ច័ន្ទក្រស្នាខ្មែរ និង​ក្រុមហ៊ុន​វិនិយោគ​ជាដៃគូ First Capital Global Co, Ltd បាននឹងកំពុ​ងវិនិយោគរួមគ្នា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១០០លានដុល្លារអាមេរិក​ បង្កើត​រោង​ចក្រ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ។ រោង​ចក្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

រូប​របស់​ក្រសួង​ពាណិជ្ជកម្ម

ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ពិធី​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ដើមច័ន្ទក្រស្នា នា​ព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៨នេះ​នៅ​សណ្ឋាគារ​សូហ្វីតែលភូគីត្រា រាជធានី​ភ្នំពេញ លោកស្រី កែវ សុគន្ធា នាយិកា​ក្រុមហ៊ុន​ធូប ច័ន្ទក្រស្នា​ខ្មែរ​បានឲ្យដឹងថា កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ និង​គម្រោង​បង្កើត​រោងចក្រ​នេះ​ឡើង ដោយសារ​មើល​ឃើញ​ពីប្រ​ជា​កសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្តព្រះ​សីហនុ កំពត និង​ខេត្តកោះ​កុង បាន​ដាំ​ដើម​ច័ន្ទក្រស្នា ប៉ុន្តែ​មិន​មាន​លទ្ធភាព​បង្កើត​រោងចក្រ​កែច្នៃ​ដើមឈើ​ប្រភេទ​កម្រ​នេះ។ ម៉្លោះហើយ​ទើប​ក្រុមហ៊ុន​បាន​ព្រមព្រៀង សហការ​ជាមួយ​ម្ចាស់​ចម្ការ​នៅ​កម្ពុជា ដើម្បី​ធ្វើការ​ពង្រឹង​គុណភាព និង​សហការ​បង្កើត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​ខ្លឹម​ច័ន្ទ​ក្រ​ស្នា​នៅ​កម្ពុជា ដើម្បី​ចម្រាញ់​ចេញ​ជា​ប្រេង​ច័ន្ទ​ក្រស្នា​កម្ពុជា ដែល​ជាប្រទភេទ​ប្រេង​មានគុណភាពខ្ពស់ ហើយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មាន​ឈ្មោះ​បោះ​សម្លេង ក្នុង​ការ​ផលិត​ប្រេង​ប្រភេទនេះ នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។

ម្ចាស់​ចម្ការ​ដើម​ខ្លឹម​ច័ន្ទ​ក្រស្នា ខេត្តព្រះសីហុ លោកស្រី ងួន ប៊ុនណា បានឱ្យ​ដឹងថា ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ មាន​ដើមច័ន្ទក្រស្នា​ជាច្រើ​នលាន​ដើម​ត្រូវ​បាន​ដាំ ប៉ុន្តែ​ការ​ពង្រឹង​គុណភាព​នៅ​មាន​កម្រិត​នៅឡើយ ដោ​យសារតែ​ធនធាន​សម្រាប់​ប្រើប្រាស់​នៅមាន​កម្រិត។ លោកស្រីបន្តថា អ្នក​ដាំដើម​នេះ​មួយចំនួន​ក៏មាន​ការ​បាក់ទឹកចិត្ត ដោយសារតែ​ការ​លូតលាស់​របស់​ឈើ​ប្រភេទ​នេះ​ត្រូវ​ប្រើ​ពេលយូរ ហើយ​គុណភាព​ទទួល​បាន​នៅមាន​កម្រិតទាប ដែល​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ទីផ្សារ​ប្រកប​ដោយ​និរន្តភាព។

ថ្លែង​ក្នុងពិធីនាឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួ​ងពាណិជ្ជកម្ម បានស្វាគមន៍ និង​សង្ឃឹមថា តាម​រយៈ​គម្រោង​បង្កើន​គុណភាព​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​នាំចេញ​ដើមច័ន្ទក្រស្នា​មួយ ក្នុង​ចំណោម​ប្រទេស​ដទៃទៀត​នាថ្ងៃអនាគត ហើយ​នឹង​ជួយ​បង្កើន​យីហោ សម្រាប់​ដើមច័ន្ទក្រស្នា នៅកម្ពុជា៕

អត្ថបទ៖ សុផល