ក្ដៅៗ! Sanchez ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់ឃុំ​ហើយ​ពេល​នេះ

  • 2018-02-07 12:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន Metro ចុះ​ផ្សាយ​អម្បាញ់មិញ ខ្សែ​ប្រយុទ្ធ Alexis Sanchez ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៦​ខែ ពី​បទ​គេច​ពន្ធ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ១​លាន​អឺរ៉ូ (ប្រហែល ១,២៤លានដុល្លារសហរដ្ឋអាមេរិក)។

កាល​ពី​ខែ​មុន កីឡាករ​ស៊ីលី បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​តុលាការ​អេស្ប៉ាញ​រក​ឃើញ​មែន ក្នុង​ការ​គេច​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​​សរុប ៩៨៣ ៤៤៣ អឺរ៉ូ ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona (២០១១-២០១៤)។

ក្នុង​ថ្ងៃ​នេះ​ តុលាការ​បាន​សម្រេច​កាត់​ទោស Sanchez ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៦​ខែ និង​បង់​ពន្ធ​ដែល​ខ្លួន​បាន​គេច​វេះ រួម​ផ្សំ​ជាមួយ​ការ​ប្រាក់​នៃ​លុយ​ពន្ធ​នោះ។ ទោះ​ជា​យ៉ាង​ណា ដោយ​សារ​តុលាការ​សម្រេច​ព្យួរ​ទោស នេះ​មាន​ន័យ​ថា Sanchez នឹង​មិន​ចំណាយពេលក្នុង​ពន្ធនាគារ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​តុលាការ​អេស្ប៉ាញ​សម្រេច​កាត់​ទោស​កីឡាករ​បាល់ទាត់​ល្បីៗ​ពី​បទ​គេច​ពន្ធ។ កាល​ពី​ឆ្នាំ ២០១៦ Lionel Messi (២១​ខែ) និង Javier Mascherano (១​ឆ្នាំ) សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ពី​បទ​មួយ​នេះ និង​ពិន័យ​ជា​ប្រាក់​រាប់​សែន​អឺរ៉ូ។ ទោះ​ជា​យ៉ាង​ណា ដូច​ករណី Sanchez ដែរ ទោស​ជាប់​ពន្ធនាគារ​របស់​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​សម្រេច​ព្យួរ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី