ព្រឹកនេះកូរ៉េខាងជើង ធ្វើព្យុហយាត្រាលើកទី៧០

  • 2018-02-08 02:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ​កុម្ភៈ នេះ ដើម្បី​ធ្វើ​ព្យុហយាត្រា​លើក​ទី ៧០ មួយ​ថ្ងៃ​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា នៅ​កូរ៉េខាងត្បូង។

ក្បួន​ដង្ហែ​កងទ័ព​ប្រចាំ​ឆ្នាំ​របស់​ក្រុង​ព្យុងយ៉ាង តែងតែ​ត្រូវ​គេ​ធ្វើ​ឡើង​ក្នុង​ខែ​មេសា អស់​រយៈពេល ៤០ ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ផ្ដាច់ការ​នេះ បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា កាលបរិច្ឆេទ​ត្រូវ​បាន​ផ្លាស់ប្ដូរ ទៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ​កុម្ភៈ នេះ​វិញ។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កូរ៉េខាងជើង​បាន​ច្រានចោល​ការ​រិះគន់ ចំពោះ​ផែនការ​របស់​ខ្លួន ដោយ​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​នេះ​ទេ។

បើ​តាម​កាសែត Roders Sinmun បាន​ឲ្យ​ដឹង​ថា «វា​ជា​ទម្លាប់ និង​មូលដ្ឋាន​ធម្មតា ដែល​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក ចាត់​ទុក​យោធា​របស់​ខ្លួន​សំខាន់​ខ្លាំង​បំផុត ហើយ​ប្រារព្ធ​ពិធី​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល»។

គួរ​បញ្ជាក់​ថា ការ​ដង្ហែ​ក្បួន​មីស៊ីល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន មីស៊ីល​អន្តរទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ Hwasong-15 ដែល​កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​លើក​ដំបូង កាល​ពី​ចុង​ខែ​វិច្ឆិកា។

មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​និយាយ​ថា កងទ័ព​ចំនួន ១៣ ០០០ នាក់ និង​គ្រឿង​បរិក្ខារ ២០០ គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជិត​ព្រលាន​យន្តហោះ​មួយ នៅ​ក្រុង​ព្យុងយ៉ាង ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​ហាត់​សម៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង