៥​គូ​ខ្មែរ​នេះ​​ ជា​​ដៃ​គូ​កក្រើក​ខ្លាំង​បំផុត​​ដែល​​​អ្នក​គាំទ្រ​ចាំ​មិន​ភ្លេច​​

  • 2018-02-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ខុស​ប្លែក​ខ្លះ​ៗ​​ទៅ​នឹង​ការ​ប្រកួត​កាល​ពី​​ប្រហែល​១០​ឆ្នាំ​មុន​។ សព្វ​ថ្ងៃ​​នេះ​​​ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​កម្រ​បាន​ជួប​ប្រកួត​នឹង​ជើង​ខ្លាំង​ខ្មែរ​​ដូច​គ្នា​​ណាស់​ ដោយ​ពួក​គេ​រង់​ចាំ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ប៉ុណ្ណោះ​ សូម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក៏​មាន​កីឡាករ​មក​ពី​ក្រៅ​ប្រទេស​ដែរ​​។ ពួក​គេ​អាច​ជួប​គ្នា​ភាគ​ច្រើន​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ ឬ​ផ្តាច់​ព្រ័ត្រ។

យ៉ាង​ណា បើ​ក្រឡេក​មើល​កាល​ពី​ជាង​១០​ឆ្នាំ​មុន​​ ​​​កីឡាករ​កម្ពុជា​​ខ្លាំង​​ៗ​ឧស្សាហ៍​បាន​ប៉ះ​កីឡាករ​កម្ពុជា​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ចំា​សប្តាហ៍​ សូម្បី​តែ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក៏​សុទ្ធ​តែ​កីឡាករ​ខ្មែរ​ដូច​គ្នា​ដែរ​។ ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ឬ​ការ​ប្រកួត​ខ្សែ​ក្រវាត់​​ភាគ​ច្រើន​៣​ខែ​ម្តង​ ឬ​មួយ​ឆ្នាំ​ម្តង។ ដូច្នេះ​​កីឡាករ​កម្ពុជា​ខ្លាំង​ឧស្សាហ៍​បាន​ជួប​​គ្នា​លើ​សង្វៀន​ញឹក​ញាប់​ណាស់។

តាម​រយៈ​អំណះអំណាង​លើ​នេះ​ Sabay សូម​លើក​យក​​គូ​ប្រកួត​​កីឡាករ​ខ្មែរ​ដូច​គ្នា​៥​គូ​ដែល​រាល់​ពេល​ពួក​គេ​ជួប​គ្នា​តែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ និង​កក្រើក​សង្វៀន​តែ​ម្តង។

  • ១-កែវ​ រំចង់​ vs ឡុង​ សុភី​

រាល់​ការ​ប៉ះ​គ្នា​​រវាង​ជើង​ខ្លាំង​កម្លាំង​យក្ស​ កែវ រំចង់ និង​កំពូល​អ្នក​លេង​ជង្គង់​ ឡុង សុភី​ តែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ និង​អ្នក​ទស្សនា​ពេញ​សង្វៀន​តែ​ម្តង។ អ្នក​ទាំង​ពីរ​ជួប​គ្នា​ញឹក​ញាប់​នៅ​សង្វៀន​បាយ័ន​បឹងស្នោរ​។ ការ​វ៉ៃ​របស់​អ្នក​ទាំង​ពីរ​មាន​ចំណុច​ខ្លាំង​​រៀង​ៗ​ខ្លួន​​​គឺ​ កែវ រំចង់​ពូកែ​ខាង​កណ្តាប់​ដៃ​ និង​កែង ខណៈ​ឡុង សុភី​​ពូកែ​ឡើង​ជង្គង់។ ​បើ​និយាយ​ពី​លទ្ធផល​វិញ​ អ្នក​ទាំង​ពីរ​មាន​ឈ្នះ​ មាន​ចាញ់​ទៅ​វិញ​ទៅ​មក។

​ - **២-ធន់​ សុភា​ vs វ៉ោយ សុធន**

បើ​និយាយ​ដល់​អតីត​កាល​របស់​​លោក​អាជ្ញា​កណ្តាល​ ធុន សុភា លោក​អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់​កីឡាករ​​ វ៉ោយ សុធន​​ដែល​​បាន​ជួប​វ៉ៃ​គ្នា​ញឹក​ញាប់​ណាស់។ ធុន សុភា​ជា​អ្នក​ប្រដាល់​ដែល​រឹង​មាំ​ និង​ចេញ​ជើង​ទាត់​ និង​កណ្តាប់​ដៃ​មួយ​ៗ​ ប៉ុន្តែ​ធ្ងន់​ល្អ​ ខណៈ​ វ៉ោយ​ សុធន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ស្នៀត​ដើរ​ចូល​ឡើង​ជង្គង់​ដែល​អាវុធ​នេះ​បង្ហាញ​ឲ្យ​គេ​ដឹង​មុន​។ ថ្វី​បើ​ជួប​ប្រកួត​គ្នា​ញឹក​ញាប់​មែន​ ប៉ុន្តែ​​ជា​លទ្ធផល​ វ៉ោយ​ សុធន​ កម្រ​ឈ្នះ​ ធុន សុភា​ណាស់។

  • ៣-ឡឹក​ វិបុល​ vs ផៃ​ ប៊ុនជឿ​

អតីត​លេង​កែង​ពិឃាដ​ ឡឹក វិបុល​ និង​​អ្នក​លេង​រន្ទះ​ជើង​ ផៃ​ ប៊ុនជឿ​ជា​ដៃ​គូ​ដ៏​ស្វិត​ស្វាញ​ និង​កក្រើក​ពិភព​ប្រដាល់​គុន​ខ្មែរ​​​នា​ដើម​ទសវត្ស​ឆ្នាំ​២០០០។ អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​សម័យ​នោះ​ប្រាកដ​ជា​ចាំ​យ៉ាង​ច្បាស់​រាល់​ពេល​ដែល​អ្នក​ទាំង​ជួប​គ្នា​​គឺ​កក្រើក​សង្វៀន​ TV5 តែ​ម្តង។ ដោយ​សារ​ខ្លាំង​ប៉ះ​ខ្លាំង​ ដូច្នេះ​លទ្ធផល​មាន​ឈ្នះ​ មាន​ចាញ់​ដោយ​ពិន្ទុ​តែ​ប៉ុណ្ណោះ។​

  • ៤-ជ័យ​ កុសល​ vs​ នួន​ សូរិយា​

ជ័យ កុសល​ និង​ នួន សូរិយា​ ​អាច​ចាត់​ទុក​ថា​ ដៃ​គូ​​​ប្រកួត​​ដ៏​ទាក់ទាញ​សម្រាប់​​អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​មុន​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​​ដៃ​គូ​ខ្លាំង​ជា​ច្រើន​ទៀត​ដែល​​​អាច​ទាក់​ចិត្ត​អ្នក​ទស្សនា។ បើ​និយាយ​ពី​ផ្លែ​ប្រយុទ្ធ​របស់​អ្នក​ទាំង​ពីរ​ខុស​តិច​ប៉ុណ្ណោះ​​ក្នុង​នោះ​ នួន សូរិយា​ ពូកែ​ប្រើ​កណ្តាប់​ដៃ​ និង​ទាត់​​បាន​ល្អ​ ខណៈ​ ជ័យ កុសល​ ពូកែ​​កណ្តាប់​ដៃ​ និង​កែង។ និយាយ​រួម​អ្នក​ទាំង​ពីរ​ជួប​គ្នា​​មិន​ច្រើន​លើក​ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ប៉ុណ្ណោះ។

  • ៥-ឡៅ​ ស៊ីណាត​ vsបឺត​ ខាំ​

ចុង​​ឆ្នាំ​២០០៨​ទៅ​ដើម​ឆ្នាំ​២០១០​ អ្នក​និយម​តាម​ដាន​វិស័យ​​កីឡា​ប្រដាល់​គុន​ខ្មែរ​ ប្រាកដ​ជា​ចាំ​យ៉ាង​ច្បាស់​អំពី​​ដៃ​គូ​ប្រកួត​ដ៏​ស្វិតស្វាញ​​លើ​សង្វៀន​​គឺ​​អ្នក​លេង​ស្នៀត​គុន​ចម្រុះ​ ឡៅ​ ស៊ីណាត​ និង​​អ្នក​លេង​កណ្តាប់​ដៃ​លឿន​ដូច​ភ្នែក​បន្ទោស​ បឹត ខាំ​។ គូ​នេះ​ជួប​គ្នា​​​មិន​បាន​ច្រើន​ឡើង​​ពោល​គឺ​ប្រហែល​ជា​៣​ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​វ៉ៃ​លើក​ណា​ក៏​កក្រើក​ខ្លាំង​ដែរ។ រាល់​ការ​ជួប​គ្នា​​របស់​អ្នក​ទាំង​ពីរ​​ជៀស​មិន​ផុត​ពី​លោក​អាជ្ញា​កណ្តាល​ និង​សន្លប់​​ពាក់​កណ្តាល​ផ្លូវ​ ប៉ុន្តែ​ក៏​មាន​ឈ្នះ​មាន​​ចាញ់​ម្តង​ម្នាក់​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី