Tiger Street Football Festival​​​ 2018 មណ្ឌល​សៀមរាប​បន្ថែមលក្ខខណ្ឌ​ពិសេស​១

  • 2018-02-08 10:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​ការ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 ​ប្រចាំ​មណ្ឌល​សៀមរាប នឹង​​រៀប​ចំ​កម្មវិធី​បើក​ម៉ោង ៦:៤៥ នា​ទី​ព្រឹក​ស្អែក​​នេះ ​ស្រប​ពេល​ក្រុម​ចូល​រួម​មាន​ការ​កើន​ឡើង​លើស​ឆ្នាំ​មុន​ចំនួន​៤​ក្រុម​ ដែល​បាន​ចាប់​គូ​រួច​រាល់​មុន​នេះ ហើយ​ក៏​​បាន​បន្ថែម​លក្ខខណ្ឌ​ពិសេស​១​ចំណុច​។

លោក ទុយ វិច្ឆិកា

​កាល​ពី​ឆ្នាំ​មុន​មណ្ឌល​នេះ​មាន​ក្រុម​​ចូល​រួម​ចំនួន ១០៨ ស្រប​ពេល​​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ដល់ ១១២។ បើ​តាម​សម្ដី​លោក ប៉ិច នី តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ Tiger ​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​​នេះ​គឺ​អាច​បញ្ជាក់​​ពី​​ភាព​ជោគជ័យ​​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ដោយ​មាន​ក្រុម​ចូល​រួម​កើន​ឡើង​ឥត​ឈប់ឈរ​។ ជា​មួយ​គ្នា​នោះ​លោក​ក៏​សូម​សំណូមពរ​​ឲ្យ​កីឡាករ​ចូល​រួម​ទាំង​អស់​ គោរព​គោលការណ៍​ច្បាប់​របស់​​គណៈកម្មការ​ប្រកួត​។

​​​ដោយ​សារ​​ក្រុម​ធំ​ៗ​ខ្លះ​បំបែក​គ្នា​លេង​ច្រើន ​ដោយ​មាន​រហូត៤ឬ​៥​ក្រុម​តូច​ៗ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​នេះ​ ព្រម​ជា​មួយ​​ការ​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​កាល​ពី​ឆ្នាំ​មុន​​​ផង​នោះ​លោក ទុយ វិច្ឆិកា ប្រធាន​​​ផ្នែក​បច្ចេកទេស​បាន​បន្ថែម​លក្ខខណ្ឌ​ពិសេស​១​ចំណុច​ ​គឺ​​ពេល​ដល់​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ ​អាច​មាន​ក្រុម​ខ្លះ​លេង​មិន​អស់​សមត្ថភាព​ ព្រោះ​ចង់​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​ឡើង​ទៅ​ភ្នំពេញ​ដែរ ដូច្នេះ​លោក​សម្រេច​ឲ្យ​ធ្លាក់​ទាំង​ពីរ​បើ​​​មើល​ឃើញ​មាន​ករណី​នេះ។ លក្ខខណ្ឌ​​នេះ​នៅ​មណ្ឌល​ផ្សេង​ៗ​ នឹង​អនុវត្តន៍​ដូច​គ្នា​។

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​សៀមរាប​​នេះ​អនុញ្ញាតិ​ឱ្យ​​ចំនួន ១១ក្រុម​៕​​​​​


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​