ស្ងាត់​ៗ Hazard ដាក់​មួយ​ម៉ាត់​នេះ ប្រហារចិត្ត Chelsea មិនតិចទេ

  • 2018-02-09 12:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក Eden Hazard ក្នុង​ថ្ងៃ​នេះ បាន​សារភាព​ថា អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​ ក្នុង​ពិភព​បាល់​ទាត់។ នេះ​ជា​ការ​ចម្លើយ​របស់​កីឡាករ Chelsea ពេល​សួរ​ទាក់​ទង​នឹង​ក្លឹប​ Real Madrid។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Marca ពេល​សួរ​ថា​ខ្លួន​អាច​នឹង​ទៅ​ចូល​រួម​ Real Madrid ឬ​ទេ ខ្សែ​ប្រយុទ្ធ Hazard បាន​ថ្លែង​ថា៖ "ក្នុង​ពិភព​បាល់ទាត់ អ្នក​ឯង​មិន​ដឹង​ទេ​ថា​នឹង​មាន​កើត​ឡើង​នោះ។ អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ"។

ទោះ​ជា​ឆ្លើយ​បែប​នេះ​ក្ដី កីឡាករ​បែលហ្សិក​ក៏​បាន​និយាយ​ផង​ដែរ​ថា៖ "ឥឡូវ​ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​ជាមួយ Chelsea។ ខ្ញុំ​កំពុង​ផ្ដោត​អារម្មណ៍​ធ្វើ​យ៉ាង​ណា ដើម្បី​ជួយ​ក្រុម​របស់​ខ្ញុំ"។

ការថ្លែង​របស់ Hazard នៅ​ពេល​នេះ​ហាក់ជាបច្ច័យ​មិនល្អឡើយ​សម្រាប់ Chelsea។ ក្នុងរដូវកាល​នេះ ជាពិសេសចាប់តាំង​ពីចូលឆ្នាំ​ថ្មី ២០១៨ មក ទម្រង់​លេង​របស់​ក្លឹបហាក់ធ្លាក់ចុះ ដោយក្លឹបស្គាល់ភាព​ចាញ់ និង​ស្មើជាច្រើន​ប្រកួត។

រហូត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ Hazard មិន​ទាន់​ចុះ​កុងត្រា​ថ្មី​ជាមួយ Chelsea ឡើយ។ កុងត្រាបច្ចុប្បន្ន​របស់កីឡាកររូប​នេះជាមួយក្លឹបមានសុពលភាពត្រឹមឆ្នាំ ២០២០។

បើ​តាម​សម្ដី​ឪពុក​របស់​កីឡាករ​រូប​នេះ កាល​ចុង​ឆ្នាំ​មុន បាន​និយាយ​ថា កូន​ខ្លួន​នឹង​មិន​ចុះ​ឡើយ​នូវ​កុងត្រា​ថ្មី​ជាមួយ Chelsea ដើម្បី​បើក​ផ្លូវ​ទៅ​ចូល​រួម​ Real Madrid។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ចុង​ខែ​មករា កីឡាករ Hazard បាន​និយាយ​ថា ឪពុក​ខ្លួន​និយាយ​ផ្ដេសផ្ដាស​ទាក់​ទង​នឹង​ការ​ផ្ទេរ​នេះ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក មិន​បាន​ថ្លែង​បញ្ជាក់​អំពី​ចំហ​ច្បាស់​លាស់​ឡើយ​ទាក់​ទង​នឹង​អនាគត​ខ្លួន​នៅ Chelsea។

Hazard កន្លង​មក​ មិន​ដែល​លាក់​លៀម​ពី​ការ​កោត​សរសើរ​ខ្លួន​ចំពោះ​អ្នក​ចាត់​ការ Real Madrid លោក Zinedine Zidane។ កីឡាករ​រូប​នេះ ហៅ​អ្នក​ចាត់​ការ​បារាំង​ថា ជា​និមិត្តរូប​របស់​ខ្លួន ហើយ​ធ្លាប់​ទាំង​ព្រលយ​ទៀត​ថា វា​គឺ​ជា​សុបិន​មួយ​ដែល​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក។

ចំណែក​លោក Zidane ក៏​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​កីឡាករ​បែលហ្សិក​ដែរ។ កាល​ពី​ឆ្នាំ ២០១៥ លោក​បាន​ថ្លែង​ថា បន្ទាប់​ពី Ronaldo និងMessi គឺ​ Hazard នេះ​ហើយ​ដែល​ជា​កីឡាករ​ដែល​លោក​ចូល​ចិត្ត​បំផុត៕

ប្រភព៖ Mirror | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម