គិត​ត្រឹម​ម៉ោង​នេះ ឆាយ វីរៈយុទ្ធ បាន​ធ្វើ​ជា​ម្ចាស់​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង គ្មាន​អស់​១​រៀល

  • 2018-02-10 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ វីរៈយុទ្ធ បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​តាំង​ពី​សប្ដាហ៍​មុន ក្រោយ​លោក​បាន​បង្ហាញ​រថយន្ត​ទំនើប​មួយ​គ្រឿង ដោយ​ដាក់​ព្រាល ហើយ​អោយ​ទស្សនិកជន​ទស្សន៍ទាយ​ថា​ជា​រថយន្ត​ម៉ាក​អ្វី។ ឥឡូវ​នេះ លោក​បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត​ដ៏​ប្រណិត​នោះ​ពេញ​សិទ្ធិ​ហើយ ដោយ​មិន​អស់​មួយ​រៀល។

រថយន្ត​ប្រណិត​នោះ គឺ​ម៉ាក Chevrolet Trail Blazer ស៊េរី​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ បាន​ធ្វើ​ជា​ម្ចាស់​រថយន្ត​ទំនើប​នេះ ក្រោយ តារា​សាន់ដេ ត្រូវ​បាន​ជ្រើស​តាំងជាឯកអគ្គ​រដ្ឋ​ទូត​សុច្ឆន្ទៈ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​មួយ​នេះ​នៅ​កម្ពុជា។ រថយន្ត​នេះ គឺ​ជា​​តម្លៃ​កិច្ច​សន្យា​ការងារ​រវាង​ភាគី​ទាំង​សង​ខាង។

លោក ប៉ែន ពិសិដ្ឋ ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត Chevrolet នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក បាន​សម្រេច​ផ្ដល់​ជូន​រថយន្ត​ទំនើប​ខាង​លើ ដល់​លោក​ឆាយ វីរៈយុទ្ធ ដោយ​មិន​គិត​ថ្លៃ ជា​ថ្នូរ​នៃ​តម្លៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​១​ឆ្នាំ​ជាមួយ​គ្នា។

លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់​គ្រង​ក្រុមហ៊ុន Chevrolet នៅ​កម្ពុជា

“យើង​បាន​មើល​ឃើញ​ថា ឆាយ វីរៈយុទ្ធ គឺ​តារា​ដ៏​ល្បី​មួយ​រូប ដូច្នេះ​ទើប​យើង​ជ្រើស​រើស​គាត់​ជា​តំណាង​របស់​យើង ជា​តារា​ទី​១​ក្នុង​ការងារ​នេះ។. យើង​មាន​ក្ដី​សង្ឃឹម​ថា តាម​ប្រជាប្រិយភាព​របស់​គាត់ យើង​អាច​ទទួល​ច្រាស​មក​វិញ នូវ​ការ​ទទួល​ស្គាល់​ពី​កិត្តិនាម​របស់​យើង​ក្នុង​ស្រទាប់​អតិថិជន ក៏​ដូច​ជា​មហា​ជន ហើយ​ថា ​យើង​នៅ​មាន​ការងារ​ច្រើន​ទៀត​ជាមួយ​គាត់"។ ប៉ែន ពិសិដ្ឋ បន្ថែម

ងាក​មក​សាមី​ខ្លួន បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ ក្នុង​នោះ​លោក​ថា លោក​បាន​ធ្វើ​ជា​ម្ចាស់​រថយន្ត​ខាង​លើ​អស់​រយៈ​ពេល​ប្រមាណ​២​សប្ដាហ៍​មក​ហើយ។ "បាទ គាត់​អោយ...គឺ​គាត់​ឲ្យ​ដាច់​តែ​ម្ដង មិន​មែន​ឲ្យ​សិន​ទេ គឺ​ឲ្យ​ដាច់​តែ​ម្ដង ខ្ញុំ​ជិះ​វា​បាន​ខ្ទង់​២​អាទិត្យ​ហើយ​បង"។ ឆាយ វីរៈ​យុទ្ធ ថ្លែង។

រថយន្ត​ប្រណិត របស់ ឆាយ វីរៈយុទ្ធ

មក​ទល់​បច្ចុប្បន្ន តាំង​ពី​លេច​មុខ​ក្នុង​សិល្បៈ ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​មក ឆាយ វីរៈ​យុទ្ធ បាន​ប្រើ​ប្រាស់​រថយន្ត​អស់​៦​គ្រឿង​ហើយ បូក​រួម​ទាំង​រថយន្ត​ថ្មី​ទើប​ទទួល​បាន​តាម​រយៈ​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជ​នាម​របស់​ក្រុមហ៊ុន​រថយន្ត​ខាង​លើ​នា​ពេល​នេះ​ផង។ ប៉ុន្តែ​ថា បច្ចុប្បន្ន គឺ​លោក​ប្រើ​ប្រាស់​តែ​រថយន្ត​ទំនើប​ទើប​ទទួល​បាន​តែ​មួយ​គត់​តែ​ប៉ុណ្ណោះ។

ម្ចាស់​បទ "គេ​មិន​ស្រឡាញ់​យើង​ទេ" បញ្ជាក់​ថា លោក​មោទនភាព​ណាស់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​រថយន្ត​ប្រណិត​នេះ ក៏​ដូច​ជា​ធ្វើ​តំណាង​ស្លាក​យីហោ​ក្រុមហ៊ុន​ខាង​លើ ព្រោះ​ថា វា​ជា​ស្លាកយីហោ ដ៏​ល្បី​បំផុត​មួយ​របស់​ពិភព​លោក៕

អត្ថបទ៖ ទារិកា