ល្បីថា​ ប៊ឺរី សម្តែង​រឿង​ធំ​ទីពីរ​របស់​អ្នក​និពន្ធ​ ស្រទន់​មន្ត​ស្នេហ៍

  • 2018-02-11 03:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​បាន​បើក​ទម្លាយ​ព័ត៌មាន​ដែល​មិន​ទាន់​ត្រូវ​ដល់​ពេល​ចេញ គឺថា តួ​ឯក​ប្រុស​ ដេតភូមិន្ទ​ ដ៏​ស្រស់​សង្ហា​ទើប​នឹង​បាន​ចុះ​កុង​ត្រា​ស្ងាត់ៗ​ សម្តែងជា​តួអង្គ​អ្នក​ប្រុស​ទីពីរ​ក្នុងស្នាដៃ​ប្រលោមលោក​ស្នេហ៍​ដ៏ល្បី​ «ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់» ដែល​កំពុង​រៀប​ចំ​ជា​ខ្សែ​រឿង​ភាគ​ចំណាយ​ទុន​ធំ​ប្រចាំ PNN។

តារាសម្តែង ប៊ីរី

ទោះបី​តួឯក​ម្នាក់​នេះ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ពី​ព័ត៌មាន​ខាង​ដើម តែ​ប្រភព​មក​ពី​ខាង​ផលិត​កម្ម​អះអាង​ថា គេបាន​កុងត្រា​តួអង្គធំៗ​ទំាង​១១​រូប​រួច​រាល់​ហើយ ហើយ​ថាក្នុង​ចំណោម​នោះ​មាន​៥នាក់​ជា​តួ​ Grade A ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់។

ប្រធាន​កម្មវិធី​របស់ PNN កញ្ញា ទូច បុប្ផា មិន​បាន​បញ្ចេញ​ប្រតិកម្ម​បែប​ណា​ចំពោះ​ប្រភព​ដែល​ប្រាប់​ Sabay​ ទេ ​​គ្រាន់​តែ​ប្រាប់​ខ្លី​ថា គ្រប់​យ៉ាង​មិន​ទាន់​ដល់​ពេល​ត្រូវ​បញ្ចេញ​ព័ត៌មាន​។

កញ្ញា ទូច បុប្ផា ប្រធាន​កម្មវិធី​របស់ PNN

ប្រលោមលោក «​ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់​» ជា​ស្នាដៃ​មួយ​ផ្សេង​របស់​អ្នកនិពន្ធ ម៉ីសន សុធារី​ ដែល​បាន​ទទួល​ការ​គំាទ្រ​ជា​ខ្លាំង​ ហើយ​ក៏​ជា​ប្រលោម​លោក​ដែល​គេ​ដឹង​ថា ពិបាកជ្រើស​រើស​តួ​សម្តែង​ជាង​ «ស្រទន់​មន្ត​ស្នេហ៍» ទៅ​ទៀត។

Sabay បាន​សាកសួរ​អ្នក​និពន្ធ​ដើម្បី​បញ្ជាក់​លើ​វត្តមាន​ លោក ប៊ឺរី ដែល​នឹង​ដើរ​តួ​ជា​ ហួត​ ខេមរិទ្ធ អ្នកស៊ើប​មុខ​ស្រស់​ក្នុងផ្ទះ​ឧកញ៉ា ប៉ែន ពេជ្រ ​ដើម្បី​ស្វែង​រក​គម្រោង​ការ​ពាណិជ្ជកម្ម​អច្ឆរិយៈ ចម្លើយ​ទទួល​មក​វិញ​គឺថា អ្នក​និពន្ធ​មិន​បាន​បដិសេធ​ដំណឹង​នេះ​ឡើយ។

«បើ​ខាង​ផលិតកម្ម​បង្ហើប​ក៏​មិន​ឃើញ​មាន​អីខុស​ឆ្គង​ដែរ! ប៊ឺរី​ ជា​តួ​ប្រុស​ដែល​មាន​សមត្ថភាព​ខ្ពស់​ ដូច​យើង​ឃើញ​ស្រាប់​ក្នុង​រឿង​ស្រទន់ បើ​ថា​គាត់​មក​សម្តែង​ជា​អ្នក​ប្រុស​ទីពីរ ប្រាកដ​ជា​ធ្វើឲ្យ​ fan ស្រីៗ​សប្បាយ​ចិត្ត​ច្រើន! ចង់​ដឹង​ពី​សេចក្តី​លម្អិត និង​ការ​សម្រេច​ចិត្ត​របស់​គាត់​ គួរ​តែ​សួរ​គាត់​ខ្លួន​ឯង!»។

អ្នកនិពន្ធ ម៉ីសន សុធារី

នៅ​ពេល​សួរ​ថា តើ​នឹង​មាន​តួអង្គ​ក្នុង​រឿង​ស្រទន់​មន្ត​ស្នេហ៍​សម្តែង​ទៀត​ដែរ​អត់ ក្រៅ​ពី​លោក ​ប៊ឺរី? អ្នក​និពន្ធ​ប្រាប់​វិញ​ថា៖ «យើង​មិន​មាន​ការ​កំណត់​ថា​ ទាល់​តែ​ជា​អ្នក​ណា​ ឬ​មក​ពី​ណា​ទេ​ ប៉ុន្តែ​អ្នក​សម្តែង​ក្នុង​រឿង​ស្រទន់​ មាន​សមត្ថភាព​ខ្ពស់ៗ​ណាស់ មិន​ថា​តួអង្គ​ណា​មួយ​ក៏​ដោយ​ បើ​ពួក​គាត់​សាក​ល្បង​សម្តែង​ ហើយ​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់រឿង​ថ្មី​នេះទៀត ក៏​មិន​មាន​អ្វី​ចម្លែក​ដែរ!»។

សំណួរ​ឈ្លេច​អំពី​តួ​ឯក​ស្រី ដែល​ត្រូវ​សម្តែង​ជា​មេធាវី​មហាចិត្ត​រឹង​ ពៅ បញ្ញា និង​ប្អូន​ភ្លោះ​ ប៉ែន ពេជ្រ​សក្កណា នៅ​តែ​មិន​បាន​ចម្លើយ អ្វី​ដែល Sabay អាច​ដឹង​បាន​ពេល​នេះ​ គឺ​ប្រភព​ច្បាស់​ការ​បញ្ជាក់​ពី​វត្តមាន​លោក លឹម ជាឡាយ សម្តែង​ជា​អ្នក​ប្រុស​ទីមួយ ហួត យុត្ថនា ហើយ ប៊ឺរី ជា​តួអង្គ​អ្នកប្រុស​ទីពីរ ហួត ខេមរិទ្ធ ។

វីដេអូភាគ​ដែល​ចាយ​ទុន​ប្រមាណ​ជា​៣០ម៉ឺន​ដុល្លារ​អាមេរិក​នេះ​ត្រូវ​បាន​គេ​គ្រោង​ចាក់​បញ្ចាំង​នា​ខែ​សីហា ឆ្នាំនេះ៕  

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម
អត្ថបទថ្មី