ថ្មី...!!! "នឹក​ឡើងហួស​ចិត្ត"

  • 2018-02-12 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"រំលឹក​រឿង​ហួស​ចិត្ត" ជា​មាតិកា​ថ្មី​របស់ Sabay សម្រាប់​ឆ្នាំ ២០១៨​គ្រោង​នឹង​ចេញ​ផ្សាយ​រៀងរាល់​ថ្ងៃ ចន្ទ និងថ្ងៃ សុក្រ ក្នុង​មាតិកា​ព័ត៌មាន​សង្គម​នៅ​ចន្លោះ​ម៉ោង ៦-៩យប់ ចាប់​ពី​ថ្ងៃ​១៩ កុម្ភៈ សប្ដាហ៍​ក្រោយត​ទៅ។ ចរិត​លក្ខណៈ​នៃ​មាតិកា​ថ្មី​នេះ គឺ​គាស់​រំលើង​អនុស្សាវរីយ៍​ហួស​ចិត្ត សប្បាយ​ៗ កាល​ពី​កុមារភាព ឬ​វ័យ​ជំទង់ ដែល​ជឿ​ថា​មនុស្ស​ទាំង​អស់​គ្នា សុទ្ធ​តែ​មាន​វា ពិសេស​គឺ​អ្នក​ដែល​រស់​នៅ​តាម​ភូមិ ស្រុក នៃ​ខេត្ត​នីមួយៗ មក​ចែក​គ្នា​ដឹង ទុក​ជា​ការ​លំហែ។

ក្នុង​រឿង​ហុងកុង​មួយ(មិន​ចាំ​ចំណង​ជើង)បុរស​ពីរ​នាក់​បង​ប្អូន គឺ​ជា​មេ​បង​ធំ ជា​អ្នក​លេង​ក្នុង​សង្គម​ងងឹត តែ​មាន​អតីតភាព​ជា​ក្មេង​ស្រុក​ស្រែ មិន​ដែល​ស្គាល់​ភាព​ហ៊ឺហា។ ដោយ​សារ​មាន​ក្ដី​ស្រមៃ​ធំ​ចង់​ក្លាយ​ជា​អ្នក​មាន ពួក​គេ​ក៏​ផ្សង​ព្រេង​មក​ក្រុង​រក​អនាគត​ថ្មី។ មិន​ខ្វល់​ថា ផ្លូវ​ដែល​គេ​ដើរ​យ៉ាង​ណា ប៉ុន្តែ​លទ្ធផល ពីរ​នាក់​បង​ប្អូន​គេ បាន​ក្លាយ​ជា​អ្នក​មាន មាន​លុយ​រាប់​លាន​ដុល្លារ មាន​មនុស្ស​ក្រោម​ឱវាទ​ជា​ច្រើន នារី​កំដរ​ឆ្វេង​ស្ដាំ ជា​រួម​អាច​និយាយ​បាន​ថា អ្វី​ក៏​គេ​មាន​ដែរ។

រូប​តំណាង(រូបភាពហ្វេសប៊ុក)

*បន្ទាប់​ពី​ស្កប់ស្កល់​នូវ​របស់​ទ្រព្យ​សព្វ​បែប​យ៉ាង​ដែល​ខ្លួន​មាន​បាន ដោយ​ជាប់​ជំពាក់​កម្ម​ខ្លះ គុណ​ខ្លះ បាប​ខ្លះ ថ្ងៃ​មួយ​ពីរ​នាក់​បង​ប្អូន បាន​និយាយ​គ្នា​លេង​ ប្រមើល​មើល​ពី​អ្វី​ដែល​ខ្លួន​កំពុង​មាន ធៀប​នឹង​អតីតកាល ដែល​អ្វី​ក៏​គ្មាន។*

បង៖ "អា​ប្អូន កាល​ពី​មុន​យើង​នៅ​ស្រុក​ស្រែ អ្វី​ក៏​គ្មាន តែ​ឥឡូវ​អ្វី​ក៏​យើង​មាន​ដែរ មាស ពេជ្រ លុយ​ឡាន ស្រី ស្រា តែ​បង​នៅ​តែ​គិត​ថា នោះ​មិន​មែន​ក្ដី​សុខ​ពិត​ប្រាកដ​សោះ"។ ខណៈ ប្អូន​នៅ​ស្ងៀម​មិន​ទាន់​តប ព្រោះ​ទំនង​មិន​ស៊ី​ជម្រៅ​នឹង​អ្វី​ដែល​បង​ប្រុស​និយាយ...បុរស​ជា​បង​បន្ត​ទៀត​ថា "ពេល​វេលា​ដែល​សប្បាយ​បំផុត ស្រស់​ថ្លា​បំផុត ក្ដី​សុខ​បំផុត ដែល​នៅ​មាន​ក្នុង​ចិត្ត​បង​នោះ គឺ​ពេល​មួយ​ដែល​យើង​មុជ​ទឹក​ស្រែ​ជាមួយ​គ្នា លេង​សើច​ជាមួយ​គ្នា ពេល​នោះ គឺ​សប្បាយ​ខ្លាំង​ណាស់...!"។

រូប​តំណាង(រូបភាពហ្វេសប៊ុក)

មិន​ខុស​ទេ ការ​សប្បាយ​ពេល​នោះ គឺ​បរិសុទ្ធ​ណាស់ អត់​មួយ​រៀល​ជាប់​ខ្លួន​ក៏​សប្បាយ​បាន​ដែរ តាម​របៀប​ងាយ​ៗ សាមញ្ញ​ៗ ជាមួយ​មនុស្ស​ដ៏​ល្អ​របស់​យើង​ជា​ច្រើន។ អ្វី​ៗ​នៅ​ពេល​នោះ គឺ​ស្អាត​ស្អំ​ណាស់ ទាំង​ចិត្ត ធម្មជាតិ កាលៈទេសៈ ជា​ដើម ទើប​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​អាច​សប្បាយ​បាន​ដោយ​មិន​ជាប់​ជំពាក់។ ខុស​ពី​ពេល​បច្ចុប្បន្ន កន្លែង​សប្បាយ​មាន​ច្រើន ទំនើប​កម្ម​គ្រប​ដណ្ដប់​ពេញ​ថ្នាល​ជីវិត។ ប៉ុន្តែ គ្រប់​គ្នា​នៅ​មាន​ជាប់​ជំពាក់​រឿង​ជា​ច្រើន ការងារ បាប បុណ្យ គុណ ទោស បំណុល​ចិត្ត បំណុល​ប្រាក់...។ល។

ដូច្នេះ មាតិកា​យើង​ថ្មី​នេះ គឺ​ចង់​នាំ​ទៅ​ប្រិយមិត្ត​ទៅ​កាន់​អតីត​កាល​ដ៏​ផូរផង់​របស់​យើង​វិញ ហោច​ណាស់ ក៏​ជឿ​ថា អាច​លង់​លក់​ក្នុង​ក្ដី​សុខ​មួយ​គ្រា ពេល​នឹក​នា​ទៅ​ដល់​រឿង​នៅ​ស្រុក​ស្រែ ក្បែរ​ម៉ែ ក្បែរ​ពុក អត់​លុយ តែ​មិន​ដែល​មាន​ទុក្ខ គឺ​ស្ងប់​សុខ​ខ្លាំង​ណាស់។ ជា​រួម គឺ​ចង់​ផ្ដល់​ប្រិយមិត្ត​នូវ​ការ​លំហែ​នៅ​នឹង​កន្លែង​រយៈ​ខ្លី បង្កើត​ចន្លោះ​រំលេច​ការ​សប្បាយ​ក្នុង​ចិត្ត កាត់​ស្ត្រេស​លែង​គិត និង​ដក​ចិត្ត​ជំពាក់ លើ​រឿងរ៉ាវ​នានា។

រូប​តំណាង(រូបភាពហ្វេសប៊ុក)

ចូល​រួម​ជាមួយ​ពួក​យើង៖

ជា​គោល​ការណ៍ មាតិកា​មួយ​នេះ​លើក​ទឹក​ចិត្ត​មិត្ត​គ្រប់​គ្នា​ឲ្យ​ចូល​រួម។ យ៉ាង​ណា ជាមួយ​គ្នា​នេះ ដើម្បី​ធានា​ថា ការ​ចែក​រំលែក​របស់​ប្រិយមិត្ត​ស្រប​តាម​គំនិត​ដើម​នៃ​មាតិកា ពិសេស​ចៀសវាង ឆ្គង​នឹង​ក្រមសីលធម៌ គប្បី​គោរព​តាម​លក្ខខណ្ឌ​ខ្លះ​ៗ​ក្នុង​២​ចំណុច​ធំ​ៗ​ខាង​ក្រោម៖

១. ទទួល​បាន Coupon ៖ ចំពោះ​ផល​ប្រយោជន៍ ក្រៅ​ពី​បាន​ផ្ដល់​មិត្តភ័ក្ដិ​បង​ប្អូន អោយ​ទទួល​បាន​ការ​សើច​សប្បាយ លំហែ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ហើយ ប្រិយមិត្ត​នឹង​ទទួល​បាន កម្រៃ​ជើង​សារ​ពី​ការ​ហត់​នឿយ នូវ Coupon ពី Tour le Jours ឬ Movie Ticket ឬ​ក៍ Soyo Free Wathcing ទៀត (សម្រាប់​តែ​អត្ថបទ​ដែល​ចេញ​ផ្សាយ​រួច ឬ​ក៏​ត្រូវ​ទទួល​ការ​អះអាង​ថា នឹង​ចុះ​ផ្សាយ​នៅ​ពេល​ណា​មួយ)។

១.១.លក្ខខណ្ឌ​ចូល​រួម
-ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ឬ​មិត្ត​ភក្ដិ​ដែល​យើង​ដឹង​យ៉ាង​ច្បាស់ ហើយ​មិត្តភ័ក្ដិ​អនុញ្ញាត(ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ម្ចាស់​រឿង ករណី​ម្ចាស់​សាច់​រឿង​មិន​សុខ​ចិត្ត​ចំណុច​ណា​មួយ)
-មិន​មាន​បញ្ចូល​ពាក្យ​អាសគ្រាម​ ក្រៅ​ពី​ពាក្យ​គ្រាម​ភាសា ឬ​ភាសា​តំបន់។
-ត្រូវ​សរសេរ​ដោយ​ខ្លួន​ឯង អោយ​ចេញ​ជា​អត្ថបទ បង្កប់​ន័យ ឬ​គន្លឹះ​អោយ​បង​ប្អូន​ហួស​ចិត្ត និង​អស់​សំណើច
-បង​ប្អូន​អាច​លាក់​អត្តសញ្ញាណ​ដោយ​ប្រើ​ឈ្មោះ​ប្រឌិត​ក៏​បាន ឬ​ក៏​មិន​លាក់​ក៏​បាន
-ផ្ដល់​សិទ្ធិ​អោយ​ក្រុម​ការងារ​យើង អាច​កែ​សម្រួល​សាច់​រឿង​ខ្លះ ដើម្បី​ឲ្យ​កាន់​តែ​ល្អ កាន់​តែ​ចាប់​អារម្មណ៍
-ក្រុម​ការងារ​យើង មាន​សិទ្ធិ​មិន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ណា​ដែល ប្រាសចាក​ពី​លក្ខខណ្ឌ​នានា​ដែល​មាន​ចែង ឬ​ក៏​មិន​ល្អ​គ្រប់​គ្រាន់។
-គួរ​មាន​រូបភាព​ភ្ជាប់(គុណភាព​ល្អ​អាច​ប្រើ​បាន) ដែល​អាច​ប្រើ​បរិយាយ ឬ​អាច​ប្រើ​តំណាង​ឲ្យ​សាច់​រឿង​បាន
-រំលឹក​យក​តែ​រឿង ដែល​បង្កើត​នូវ​បរិយាកាស​រីករាយ និង​លំហែ មិន​ប៉ះពាល់​ដល់​បុគ្គល​ផ្សេង​ទៀត។ រឿង​ទាំង​នោះ​អាច​មាន​ជា​អាទិ៍៖ 
        +ខ្មោច​លង៖ ដើរ​លេង​ខ្មោច​លង...
	+អនុស្សាវរីយ៍​ជាមួយ​មិត្ត ដូច​ជា៖ មិត្តភ័ក្ដិ​ធ្វើ​បាប​ក្នុង​ន័យ​លេង​សើច...
	+ដើរ​លេង​យប់៖ ល្បិច​លួច​ម៉ែ​ ពុក​ទៅ​រាំ​ធុង​បាស់
	+អនុស្សាវរីយ​នៅ​វាល​ស្រែ៖ ពិសោធន៍​គោ​ដេញ​ជល់ រត់​ធ្លាក់​ស្រែ...
        +រឿង​អស់​សំណើច​នឹង​ស្នេហា៖ 
        +ឬ​បទ​ពិសោធ​គួរ​ឲ្យ​ហួស​ចិត្ត​ផ្សេង​ៗ​ទៀត

	

អត្ថបទ៖ ទារិកា

អត្ថបទថ្មី