ស្រី​ស្រស់ ពេជ្រ ចរិយា អ្នក​ចម្រៀង​មហោ​រី​ វ័យ​ក្មេង​ជាង​គេ

  • 2018-02-12 04:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​​រឿង​មួយ​ដ៏​កម្រ​ ដែល​នារី​វ័យ​ក្មេង​មា្នក់មាន​សមត្ថ​ភាព​ច្រៀង​ចម្រៀង​បុរាណ​យ៉ាង​ល្អ គឺកញ្ញា​ ពេជ្រ ចរិយា​។ ជា​ញឹក​ញាប់​យើង​តែ​តែ​ឃើញ​នាង​ចម្រៀង​ក្នុង​កម្ម​វិធី​ធំ​ៗ​របស់​ជាតិ និងច្រៀង​កំដរ​កម្ម​វិធី​សម្ដែងសិល្បៈ​បុរាណ​ជាដើម។​

អ្នក​ចម្រៀង​មហោរី​ ដែល​មាន​សំឡេង​ស្រួយ​ស្រែស​ស្ដាប់​មិន​ជិន​ណាយ​ កញ្ញា​ ពេជ្រ ចរិយា ជា​អ្នក​កំពង់ធំ​ ក្នុងគ្រួសារ​អ្នក​សិល្បៈ ដែល​ម្តាយ​ជា​អ្នក​ច្រៀង​ចម្រៀង​ភ្លេង​ការ ​និង​អាយ៉ៃ​ ឯឪពុកជា​តន្ត្រីករ​ឧបករណ៍​បុរាណ​ខ្មែរ។

ម្ចាស់​ជយ​លាភី១​​ក្នុង​កម្មវិធី​ «មរតក​វប្បធម៌​ខ្មែរ» ឆ្នាំ​២០១១ ជា​កូនទី​៤ ក្នុង​ចំណោម​បង​ប្អូន​ប្រុសស្រី​៥នាក់។

​នារី​មាឌ​តូច​នេះ​បានឲ្យដឹងថា​ នាង​បាន​ចាប់​ផ្ដើម​ផ្ញើជីវិត​ជា​មួយ​វិថី​សិល្បៈ​បុរាណ​នេះ​តាំង​ពីនាងមាន​អាយុ​៨ឆ្នាំមកម្ល៉េះ ​ដោយ​ត្រូវ​បាន​ម្តាយ​ឪពុក​បញ្ជូន​ឲ្យ​មក​សិក្សា​នៅ​មជ្ឈមណ្ឌល អប្សរា ​នៅ​ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៤​ ជំនាញ​របាំ​បុរាណ​ជា​ច្រើន​ប្រភេទ​។ ស្រី​ស្រស់​រូប​នេះបន្ត​ពីដើម​ទង​ដែល​នាង​បាន​ចូល​ក្នុង​វិស័យ​សិល្បៈ​ថា​ នៅ​ឆ្នាំ​២០០៩ ​នាង​ត្រលប់​ទៅ​ស្រុក​កំណើត​ ប៉ុន្តែ​ក៏​ត្រូវ​បាន​អ្នក​គ្រូ​ ហ៊ុន សា​រ៉ាត​ គ្រូ​ចម្រៀង​មហោរី​ លោកហៅ​មក​បង្ហាត់​បង្រៀន រហូត​បាន​ចូល​រួមប្រឡង​​ ទទួល​បាន​ពាន​រង្វាន់​។

«កុំ​តែ​អ្នកគ្រូហៅ​ខ្ញុំ​មក​ហាត់​ចម្រៀង​មហោរី​នេះ​ ហើយ​លោក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចូល​រួម​ប្រកួត រហូត​ទទួល​​បាន​ពានហ្នឹង។ ខ្ញុំ​ច្រៀង​ថ្វាយ​សម្ដេច​ព្រះ​នាង​ព្រះ​រៀម​ ក្នុង​ព្រះ​រាជ​កិច្ច​​ទ្រង់ និង​ក្នុង​ព្រះរាជ​ពិធី​ផ្សេង​ៗ ​​ក្នុង​ព្រះ​បរម​រាជ​វាំង​»។

​​​ ស្រី​ស្រស់​រូប​នេះ​មិន​ត្រឹមតែ​មាន​សំឡេងពីរោះ​ រយ​លាន​មនោសញ្ចេតនា​ មាន​ជំនាញ​​សិល្បៈ​ ជាច្រើន​ប្រភេទ ទោះ​មាន​អា​យុ​ទើប​២១ឆ្នាំ​ តែ​នាង​មាន​សមត្ថ​ភាព​រាំ​របាំ​ ច្រៀង​មហោរី ភ្លេង​ការ​ ច្រៀង​ចាប៉ី​ជា​ដើម​។

ពេជ្រ ចរិយា និងរៀមច្បង

បច្ចុប្បន្ន​នាង​កំពុង​បម្រើការ​​ជា​មន្រ្តី​រាជ​ការ​ នៅ​ក្នុង​នាយក​ដ្ឋាន​ទស្សនីយ​ភាព របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងបន្ត​ការ​សិក្សា​ឆ្នាំ​ទី ២ ផ្នែក​ចម្រៀង​បុរាណ​នៅសាលារចនា​។ គោល​ចំណង នៅ​ថ្ងៃ​អនាគត​នាង​ចង់​មាន​ឱកាសបាន​បង្រៀន​ជំនាញ​ដែល​ខ្លួន​មាន​ដល់​ក្មេង​ជំនាន់​ក្រោយ៕ ​

​ ​

អត្ថបទៈ ស្រីអូន

រូបភាពៈ ហ្វេសប៊ុក ពេជ្រ ចរិយា