ពេទ្យ​ជំនាញ៖ កុំ​មើល​រំលង​វ៉ាក់សាំង​បី​ប្រភេទ​នេះ បើ​មិន​ចង់​ឱ្យ​កូន​​កើត​ជំងឺ​កាច​សាហាវ​

  • 2018-02-12 03:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មាន​វ៉ាក់សាំង​ចំនួន​បី​ប្រភេទ​ ដែល​យើង​អាច​ចាក់ ដើម្បី​ការពារ​ពី​ជំងឺ​កាច​សាហាវ។ ជំងឺ​កាច​សាហាវ​ទាំង​បី​​ប្រភេទ​នោះ​រួម​មាន​ ជំងឺ​មហារីក​មាត់​ស្បូន​ ​ជំងឺ​រលាក​​ថ្លើម​ប្រភេទ​ B និង​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​»។ ​នេះ​បើតាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​ ប្រធាន​ផ្នែក​ជំងឺ​មហារីក​ និង​ជំងឺ​ឈាម​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

  លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីកមាត់​ស្បូន​ចំពោះ​កុមារី​អាច​ចាក់​​នៅ​អាយុ​ចាប់ពី ១០ ឆ្នាំ​ ដោយ​ត្រូវ​ចាក់​ចំនួន​បី​លើក​​ ពោល​គឺ​នៅខែ​ទី០ ទី១ និង​ខែ​ទី៦​។ លោក​វេជ្ជ​បណ្ឌិត​​ថា ជំងឺ​​មហា​រីក​​មាត់​​ស្បូន​​ជា​​ជំងឺ​​កាច​​សាហាវ​ ហើយ​ឈរ​នៅ​លំដាប់​លេខ​១។ អត្រា​អ្នក​កើត និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ចំណែក​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទB វិញ​ត្រូវ​ចាក់​មួយ​ខែ​ម្តងៗ ចំនួន​បី​លើក​ ក្នុង​មួយ​ឆ្នាំ​បន្ទាប់​​ចាក់​សារ​ឡើង​វិញ​ម្ដង​ទៀត​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B បន្ទាប់​ពី​ចាក់​គ្រប់​ចំនួន​ហើយ​ គេ​អាច​ពិនិត្យ​មើល​អង់ទីគ័រ​ការពារ​ តើ​មាន​ដែរ​ឬ​ទេ? ​បើ​អត់​មាន​ទេ​គេ​ត្រូវ​ចាក់​ជាថ្មី។ ផុត​ពី​ហ្នឹង​ ៥​ឆ្នាំ​ម្តងៗ គេ​ត្រូវ​ឆែក​​មើល​ បើ​វា​ចុះ​គេ​ចាក់​វា​រំលឹក​ថែម​ បើ​នៅ ដដែល​ទេ​ មិន​ចាំ​បាច់​ចាក់​ទេ។

  ក្រៅពី​នេះ​ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​ក៏​គួរ​យកចិត្ត​ទុក​ដាក់​យក​កូន​តូច​របស់​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ផង​ដែរ។ ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ ​គួរ​មាន​ការ​ពិគ្រោះ​យោបល់​ពី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​ និង​​អា​ច​យក​កូន​ទៅទទួល​​វ៉ាក់សាំង​នៅ​​មន្ទីរពេទ្យ​គន្ធបុប្ផា ឬ​​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ «បើ​មាន​​វ៉ាក់សាំង​យើង​គួរតែ​​នាំ​កូន​ទៅ​​ចាក់​ហើយ​ ព្រោះ​នេះ​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​អាច​ការពារ​កូន​យើង​ពី​ជំងឺ​បាន»។ លោក​វេជ្ជបណ្ឌិត​បន្ថែម។

  លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា ក្រៅពី​វ៉ាក់សាំង​ទាំង​បី​​ប្រភេទ​ខាង​លើ​នេះ ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ក៏​គប្បី​យកចិត្ត​ទុកដាក់​​នាំ​​កូនៗ​ចាក់ វ៉ាក់សាំង​ការពារ​ជំងឺ ​៦ មុខ ដែល​​មាន​ក្នុង​កម្មវិធី​ជាតិ​។ វ៉ាក់សាំង​ទាំង​៦ មុន​នោះ​រួម​ តេតាណូស ខាន់​ស្លាក ក្អកមាន់ គ្រុន​ស្វិតដៃជើង​ កញ្ជ្រឹល​ និង​ជំងឺ​របេង​ជាដើម។ ដូច្នេះ​បើ​ឪពុក​ម្តាយ​មាន​បំណង​​នាំ​កូន​មក​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​​មហារីក​មាត់​ស្បូន​​ និង​រលាក​ថ្លើម​ប្រភេទ B  អាច​នាំទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ និង​មន្ទីរពេទ្យ​ធំៗ​​នៅ​រាជធានី​ភ្នំពេញ​។ ចំពោះ​វ៉ាក់សាំង​រលាក​ស្រោម​ខួរក្បាល​អាចនាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ​៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម