កីឡា​ហាប់គីដូ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​បណ្ដើរៗ​ ដើម្បី​សម្រេច​បំណង​ធំៗ​នៅ​ពេល​ខាង​មុខ​

  • 2018-02-12 04:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ហាប់គីដូ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​ ក៏​ដូច​ជា​សមាជិក​ និង​ធនធាន​ជា​បណ្ដើរ​ៗ​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ និង​សម្រេច​គោលបំណង​ធំ​ឲ្យ​ចូល​ជា​កីឡា​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​បាន​ឱកាស​ដាក់​ចូល​ស៊ីហ្គេម​ ២០២៣។​

ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ខាង​ស្ដាំ

លោក​ ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​ខាង​សហព័ន្ធ​កំពុង​តែ​រៀបចំ​ខ្លួន​ជា​បណ្ដើរៗ​ហើយ​ ជាក់​ស្ដែង​ដូច​ជា​ម្សិលមិញ​នេះ​ មាន​ជា​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​ទៅ​ដល់​សិស្ស​គុន​មួយ​ចំនួន​ និង​ផ្ដល់​លិខិត​ថ្លែង​អំណរគុណ​ដល់​សមាជិក​ទ្រទ្រង់​ឲ្យ​មាន​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ​នេះ។​ មិន​ត្រឹម​តែ​ជា​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​ប៉ុណ្ណោះ​ទេ​ គឺ​ជា​ការ​ជួបជុំ​គ្រួសារ​ហាប់គីដូ​ពី​មុន​ៗ​មក​ និង​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​បំណង​បញ្ចូល​កីឡា​មួយ​នេះ​ឲ្យ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​ផង​ដែរ។​

លោក​ គង់ ចាន់ធីណា អគ្គលេខាធិការ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា​ ដើម្បី​សម្រេច​បំណង​ធំ​ៗ​នេះ​ សហព័ន្ធ​ត្រូវ​តែ​អនុវត្ត​ចំណុច​សំខាន់ៗ​ទាំង​នេះ​ គឺ​ ធនធាន​កីឡាករ​ រចនា​សម្ព័ន្ធ​ ភាព​រីកចម្រើន​ និង​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ផ្សេងៗ​ ដូច្នេះ​ហើយ​សហព័ន្ធ​កំពុង​តែ​ធ្វើ​លើ​កិច្ចការ​ទាំង​អស់​នេះ​ហើយ​ ព្រោះ​នៅ​ឆ្នាំ​២០២១​ គណៈកម្មការ​ជាតិ​អូឡាំពិក​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ធ្វើ​ការ​ត្រួច​ពិនិត្យ​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍កីឡា​ជាតិ​ ឬ​ ស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ផង​ដែរ។​

ទិដ្ឋភាព​សម្ដែង​ម្សិលមិញ

ពិធី​ជួបជុំ​ និង​ចែក​សញ្ញាប័ត្រ​ដល់​សិស្ស​គុន​ហាប់គីដូ​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ ដែល​មាន​ប្រធាន​សហព័ន្ធ​ហាប់គីដូ​កម្ពុជា​ រួម​និង​សិស្ស​ចាស់​ៗ​ សរុប​ប្រហែល​ ៣០នាក់ ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​