តារា​ខ្មែរ​​កាត់​ឥណ្ឌា កំពុង​មាន​ទីផ្សារ ក្រោយ​ជម្នះគំនាប​គ្រួសារ

  • 2018-02-13 07:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ឪពុក​ជា​ជន​ជាតិ​ឥណ្ឌា ម្ដាយ​ជា​​មន្ត្រី​យោធា​នៅ​ក្រសួង​​ការពារ​ជាតិ លោក លី ឧត្ដម ទើប​តែ​បោះ​ជំហាន​ចូលសិល្បៈ​ជាង​១ឆ្នាំ​ ដោយ​លោក​ចាប់​​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរ​​ៗហើយ ក្រៅ​ពី​​ជា​តារា​ម៉ូដែល​លោក​ក៏​ធ្លាប់​សម្ដែង​ភាពយន្ត​ផង​ដែរ ។

លោក លី ឧត្ដម បច្ចុប្បន្ន​មាន​វ័យ២០ គឺ​ជា​កូន​ច្បង ក្នុង​ចំណោម​បង​ប្អូន៤នាក់ ប្រុស​២ ស្រី២ ឪពុក​របស់​លោកជា​ជនជាតិ​ឥណ្ឌា បម្រើការ​នៅ​ក្រុមហ៊ុន​មួយ ប៉ុន្តែ​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​​ម្ដាយជាង៧ឆ្នាំ​មក​ហើយ។

តារា​សម្ដែង​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឪពុក​របស់​លោក មាន​ឈ្មោះ Latriiy SongTriiy ហើយ​បាន​​ប្ដូរ​មក​ឈ្មោះ​ខ្មែរ​មុន​ទទួល​បាន​សញ្ជាតិ​ខ្មែរ មៅ សារី។ លោកបាន​ចូល​មក​ធ្វើ​ការ​នៅ​ខ្មែរ​តាំង​ពី​ឆ្នាំ១៩៩៥ ហើយ​ក៏​បាន​ស្គាល់​ម្ដាយរបស់​​លោក រហូត​បាន​រៀបការ​ជា​មួយគ្នា ​ឈាន​ដល់​មាន​កូន ជា​ចំណង​ដៃ​រហូត​ដល់​ទៅ​៤នាក់ ។

ទោះ​បី​ជាមាន​ឪពុក​ជា​ជនជាតិ​ឥណ្ឌា​ក៏​ពិតមែន ប៉ុន្តែ លោក លី ឧត្ដម មិន​ធ្លាប់​បាន​ទៅ​លេង​ស្រុក​កំណើត​ឪពុក​ឡើយ ទាំង​នេះ​ក៏​ព្រោះ​តែ​សេដ្ឋកិច្ច។ មូលហេតុ​ដែលនាំ​ឲ្យ​ឪពុក​ម្ដាយរបស់​លោក​ចែក​ផ្លូវ​គ្នា ត្រូវ​បាន​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ក៏​ព្រោះតែ​ច​រស់​មិន​ចុះ​សម្រុង​នឹង​គ្នា ហើយ​លោក​សូម​​មិន​បក​ស្រាយឲ្យ​លម្អិត​ជាង​នេះ​​លើ​បញ្ហា​គ្រួសារ​​នោះ​ឡើយ ។

ងាក​មក​ការងារ​សិល្បៈ​វិញ ដោយសារតែ​ស្រលាញ់​សិល្បៈ លី ឧត្ដម បាន​លួច​ទៅ​​រៀន​ជំនាញ​មួយ​ចំនួន​នៅសាលា​សាលាវិចិត្រសិល្បៈ រហូត​​​ទទួល​បាន​សញ្ញាប័ត្រ ជំនាញ​សម្ដែង​ភាពយន្ត ទាំង​ក្រុម​គ្រួសារ​របស់​ខ្លួនមិន​ពេញ​ចិត្ត។

លោក​ថ្លែង​ថា ឪពុក​ម្ដាយ ក៏​ដូច​ជាបងប្អូន មិន​​ពេញ​ចិត្ត​ឲ្យ​លោកដើរ​លើ​វិថី​នេះ​ឡើយ គឺ​ចង់​ឲ្យ​លោក​ធ្វើ​ជា​មន្ត្រីរាជការ​ច្រើន​ជាង ត្បិត​អី​ក្រុម​គ្រួសារ​របស់​លោក មិន​មាន​ឈាមជ័រ​ជា​អ្នក​សិល្ប​ឡើយ។ ប៉ុន្តែ​ទោះបី​បែប​នេះ​ក្ដី ក៏​មិន​​អាច​ជម្នះ លោក ឧត្ដម បាន​ឡើយ លោក​បាន​ពុះពារ រហូត​រៀន​បាន​សញ្ញាប័ត្រ​សិល្បៈ​​មួយ ហើយ​មាន​​ឱកាស​បាន​ប្រលូក​នឹង​វិថី​នេះជា​បណ្ដើរ។

ឧត្ដម ប្រាប់​ថា ជាង​១ឆ្នាំ​បន្ទាប់​​ខ្លួន​ដើរ​លើ​វិថី​នេះ លោក​ចាប់​ផ្ដើម​មាន​ការងារ​សិល្បៈ​បណ្ដើរ​ហើយ ដូច​ជា​ការ​ថតស្ប៉ត​​ពាណិជ្ជកម្ម សម្ដែង ​MV ធ្វើ​ជា​ពិធី​ករ និង ការ​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​ផលិតផល​មួយ​ចំនួន​ជា​ដើម។ ជា​មួយ​គ្នា​នោះ​ដែរ​ ថ្មីៗ​នេះ លោក លី ឧត្ដម ក៏​បាន​សម្ដែង​ភាពយន្ត​១រឿង​ផង​ដែរ គឺ​រឿង​"៣ខែ" ដោយ​នៅ​ក្នុង​នោះ​លោក​ថែម​ទាំង​បាន​សម្ដែង​ជា​តួឯក​ថែម​ទៀត​ផង។

ក្រៅ​ពី​ការងារ​សិល្បៈ​តារា​សម្ដែង​កូន​កាត់​ឥណ្ឌា​រូប​នេះ ក៏​ជា​ម្ចាស់​ហាង​​លក់​ផលិត​គ្រឿង​សាឡន​មួយ​ផង​ដែរ និង​កំពុង​សិក្សា​​ឆ្នាំ​ទី២ ​រហូត​ដល់​ទៅ​២មហាវិទ្យាល័យ គឺ ជំនាញ ពាណិជ្ជកម្ម និង ឌីហ្សាញ ។

លោក​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ ខ្លួន​​គ្រោង​សម្ដែង​ភាពយន្ត​រហូត​ដល់​ទៅ២​រឿង​​បន្ថែម​​ទៀត ប៉ុន្តែ​ចំណងជើង និងសម្ដែង​ជា​តួ​អ្វី​នោះ មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ឡើយ ព្រោះ​ខាង​ផលិតកម្ម​មិន​ទាន់​ឲ្យ​បញ្ចេញ។

លោក លី ឧត្ដម បាន​ដាក់​ក្ដី​សង្ឃឹម​ថា ខ្លួន​នឹង​បន្ត​ដើរ​លើ​វិថី​សិល្បៈ​​នេះ​បន្ត​ទៀត ដោយ​មិន​រាថយ​ឡើយ ប្រសិន​បើ​ទស្សនិកជន​នៅ​តែ​ត្រូវ​ការ ​ត្បិត​អី​អាជីព​មួយ​នេះ ដូច​​លោក​បាន​លើក​ឡើង​ខាង​​លើ គឺ​ជា​ក្ដី​ស្រលាញ់​​ដែល​លោក​បាន​ជម្នះ​ឧបសគ្គ​ជា​ច្រើន​មក​ហើយ៕

អត្ថបទៈ ស៊ុនហួត