ស្រលាញ់ដកចិត្តមិនរួច បណ្ឌិត​នរវិទ្យា​បារាំង​ចំណាយ​ជិត​​២ទសវត្ស​រ៍សិក្សា​ និង​ហាត់​របាំ​ខ្មែរ (វីដេអូ)

  • 2018-02-14 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ជន​ជាតិ​បារាំង​សុទ្ធ​សាធ​គ្មាន​ជាប់​សែស្រឡាយ​ខ្មែរ​សូម្បី​ តែ​បន្តិច កញ្ញា Lucie Labbe បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ស្រាវជ្រាវ​ពី​សិល្បៈ​បុរាណ​ខ្មែរ​ ដោយ​គ្មាន​នឿយ​ណាយ​។

មាន​ច្រមុះ​ស្រួច​ រាង​ខ្ពស់​ស្ដើង​ Lucie Labbe បណ្ឌិត​ផ្នែក​នរវិទ្យា​​បាន​ប្រាប់​ថា​Nកាល​ពី​កុមារ​នាង​មាន​និស្ស័យ​ចង់​ដើរលេង​ជុំ​វិញ​​ពិភព​លោក​ ដើម្បី​សិក្សា​ពី​ប្រវត្តិ​សាស្រ្ត​ និង​វប្បធម៌​នៃ​ប្រទេស​ទាំង​នោះ។

បណ្ឌិតនរវិទ្យា Lucie Labbe

បំណងនាង​មិនបានដូច​ការ​ពិត​ទេ​! តែមាន​​ថ្ងៃ​មួយ​នាង​បាន​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​មួយ​នៅ​ក្នុង​​ប្រទេស​បារាំង​ ដែលមាន​របាំ​ជា​ច្រើន​ប្រទេស​មក​សម្ដែង​ ពេល​នោះ​ដែល​​នាង​បាន​ឃើញ​ការសម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ ហើយ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ស្រលាញ់សិល្បៈ​ខ្មែរ​កាត់​តែ​ទ្វេដង បើ​ទោះ​បី​ជា​មិន​ធ្លាប់​ មក​កម្ពុជា​ សូម្បី​តែ​អង្គរ​វត្ត​ក៏​នាង​មិន​ស្គាល់​ផង​។

កញ្ញា​ Lucie Labbe រៀបរាប់ជាភាសាខ្មែរយ៉ាងច្បាស់ថា «ខ្ញុំ​មិន​យល់​ខ្លួន​ឯង​ដូចគ្នា​ ថា​ហេតុអ្វី​សិល្បៈ​ជា​ច្រើន​ប្រទេស​ ដែល​ខ្ញុំ​ឃើញ​ ខ្ញុំ​មិន​ជាប់​ចិត្ត​ស្រលាញ់​ខ្លាំងដូចរបាំខ្មែរ ​ទាំង​ក្បាច់​រាំ​ និង​តន្រ្តី ​ខ្ញុំ​ពិត​ជា​ចូលចិត្ត​ រក​និយាយ​មិន​ត្រូវ។ ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម​អាន​សៀវ​ភៅ និង​ស្រាវជ្រាវ​សៀវភៅ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ខ្មែរ​​ ។ រហូត​ដល់​ពេល​មួយ​ខ្ញុំ​ដឹង​ថា​មាន​ពល​រដ្ឋខ្មែរ ដែល​រស់​នៅ​ជិតភូមិ​​ខ្ញុំ​​រស់​នៅ​នោះ​គេ​ហាត់​របាំ​ ​ ហើយ​​ខ្ញុំ​តែង​តែ​ទៅ​មើល​ឲ្យ​តែ​ទំនេរ ។ ​ក្រោយ​មក លោក​គ្រូ​អ្នក​គ្រូ​ ក៏​ហៅ​ឲ្យ​ខ្ញុំ​ចូល​រៀន​រាំ​ តាំង​ពី​អំឡុង​ឆ្នាំ​២០០១​»។

Lucie Labbe កំពុង​ហាត់រាំ

ការ​ហាត់​របាំ​​នេះ​ ធ្វើ​ឲ្យ​ Lucie Labbe កាន់​តែ​ស្រលាញ់​ និង​ដឹង​ពី​ផល​លំបាក​នៃ​សិល្បៈ​ខ្មែរ​កាន់​​ខ្លាំង​ឡើង។​​ ព្រោះសេចក្តីស្រលាញ់ នាង​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​២០០៦ និង​បាន​ចាប់​ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​​ពី​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៨​។ ជិត​១៧ឆ្នាំ​ហើយ​ដែល​បណ្ឌិត​រូប​នេះ​បាន​រៀន​របាំ​ខ្មែរ​ នាង​ធ្លាប់​បាន​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ឆាក​អន្តរ​ជាតិ​ផងដែរ។ឮ

របាំ​ខ្មែរ​ដែល Lucie Labbe អាច​រាំ​បានរួមមាន របាំ​បួង​សួង ​របាំ​ទេព​មនោ​រម្យ​ ​របាំ​ផ្លិត​ និងរបាំ​ប្រពៃណី​ជា​ច្រើន​ផ្សេង​ទៀត​។ «ខ្ញុំ​ធ្លាប់​ឡើយ​សម្ដែង​ដែរ​។ កាល​នៅ​ស្រុក​បារាំង​ ក្នុង​របាំ​ រៀម​កេរ្តិ៍ ខ្ញុំ​ដើរ​តួ​យក្ស​ ក្នុង​របាំ​បួង​សួង​ ខ្ញុំ​ដើរ​តួ​នាយ​រោង ក្រៅ​ពី​នេះ​ខ្ញុំ​ហាត់​របាំ​ច្រើន​ទៀត​ដែរ​ប៉ុន្តែ​ខ្ញុំ តែ​មិនទាន់​ស្ទាត់​ទេ»។ Lucie Labbe បន្ថែម។

នាងប្រាប់ថាការចូល​ហាត់​របាំ​ខ្មែរ​មាន​ការ​លំបាក​ខ្លាំង ព្រោះ​នាង​ចូល​ហាត់​វ័យ​នាង​កាន់​តែច្រើន ដែល​ត្រូវ​ខំ​ហាត់​ឲ្យ​ខ្លាំង​ ទើប​អាច​ស្អាត​ និង​ត្រូវ​តាម​ក្បួន​ខ្នាត​​ខ្មែរ​។ ប៉ុន្តែនារីពូកែ Lucie Labbe នៅ​តែ​មិន​បោះបង់​ នាង​មាន​បំណង​ធំ​ថា​ នាង​ចង់​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ពី​របាំ​ខ្មែរ ដែល​ជា​របាំ​មួយ​មាន​អាយុ​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស​ក្បាច់​ក៏​ស្អាត​មិនចាញ់​របាំ​របស់​ចិន​ ឥណ្ឌា​និង​ជប៉ុន​​ ឡើយ។

បណ្ឌិតនរវិទ្យា Lucie Labbe

​នារី​បារាំង​ដ៏​សុភាព​ម្នាក់​នេះ កើតនៅ​ឆ្នាំ​១៩៨៦ ក្នុង​​ រដ្ឋ Bretagne នៃ​ប្រទេស​បារាំង នាង​ជា​កូន​ទី​១​ ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​២នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​។ អ្នក​ស្រាវ​ជ្រាវ​ពីរបាំ​ក្នុង​ប្រទេស​កម្ពុជា​មាន​ ឪពុក​ម្តាយ​ ជាបុគ្គលិក​បម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃប្រទេស​បានរាំង​ ហើយពួកគាត់ក៏មិនហាមឃាត់នាង​ក្នុងការហាត់របាំដែរ​។​​​​​​​​

បណ្ឌិតរូននេះ​បាន​ចំណាយ​ពេល​រៀន​ភាសា​ខ្មែរ​១០​ឆ្នាំ​ និង​អាច​និយាយភាសាខ្មែបានយ៉ាងល្អ​ ចំណែក​ការស្រាវជ្រាវ ​និងរៀន​របាំ​ខ្មែរ​មាន​រយៈពេល​ជាង​១០ឆ្នាំ​ ។​ ក្នុង​​២០១៧ នាង​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​​ ដោយ​សរសេរ​និក្ខេបបទទាក់​ទង​នឹង​របាំ​ខ្មែរ​។ នាង​ក៏​បាន​ចូល​រួម​ស្រាវ​ជ្រាវ​ពី​ការ​ប្រែ​ប្រួល​របាំ​ខ្មែរ​ ជាមួយ​សម្ដេច​ព្រះ​រៀម និង​សាស្រ្ដ​ចារ្យ​ខ្មែរ​ជា​ច្រើន​រូប។ បច្ចុប្បន្ន​កញ្ញា Lucie Labbe ជា​សាស្រ្ត​ចារ្យ​មួយ​រូប​បង្រៀន​ផ្នែក​នរវិទ្យា​ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ នាង​បញ្ជាក់​ថា​នឹង​ធ្វើ​ដំណើរ​វិល​ទៅ​មក​នៃ​ប្រទេស​ទាំង​ពី​រព្រោះ​ នាង​ស្រលាញ់​ប្រទេស​បារាំង និង​កម្ពុជា​ខ្លាំង​ណាស់​ ដោយ​មិន​កំណត់​ថា​រស់​នៅ​ប្រទេស​ណាមួយ​ឲ្យ​ច្បាស់​បាន​ទេ​៕