ចង់ដួលទាំងជំហរ! តាមពិតមកពីអ៊ីចឹងសោះ ទើបក្លែងធ្វើពិការវារខ្វៃៗបោកប្រាស់មហាជន

  • 2018-02-13 04:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ​ម្សិល​មិញ​នេះ​ឧត្ដម​សេនីយ៍ឯក រ័ត្ន ស៊្រាង មេ​បញ្ជាការ​រង​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ ចុះ​ស្រាវ​ជ្រាវ និង​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​ក្លែង​ធ្វើ​ជា​ពិការ​ដៃ​ជើង និង​វារ​ខ្វៃ​ៗ​នៅ​តាម​ទី​សាធារណ​បោកប្រាស់​ភ្នែក​មហា​ជន ដើម្បី​សុំ​ក្ដី​អាណិត​អាសូរ។

តាម​ការ​ទម្លាយ​ពី​កម្លាំង​សមត្ថកិច្ច មូល​ហេតុ​ដែល​បុរស​នោះ ក្លែង​ធ្វើ​ជា​ពិការ​សុំ​ទាន​គេ ព្រោះ​តែ​ភាព​ខ្ជិល​ច្រអូស ខ្ជិល​រក​ការងារ​ធ្វើ។ បុរស​នោះ បាន​សារភាព​ថា ការ​ដើរ​សុំទាន​នេះ​ គឺ​ធ្វើ​តាម​ឪពុក​របស់​លោក ហើយ​លោកផ្ទាល់​បាន​ដឹក​ឪពុក ដើរ​សុំទាន តាំង​ពី​អាយុ​១០ឆ្នាំ។ រាប់​ឆ្នាំ​មក​ហើយ​ ដែល​បុរស​ម្នាក់​នេះ វារ​លើ​បន្ទះ​ក្ដារ ដូច​សត្វ​អណ្ដើក នៅ​តាម​ភ្លើង​ស្តុប តាម​រោងចក្រ តាម​ផ្សារ​ និង​ទី​ប្រជុំជន​ផ្សេងៗ ក្នុង​រាជធានីភ្នំពេញ ដើម្បី​សុំទាន តពូជ ត​ត្រកូល។

តាម​រយៈ​ការ​បង្ក្រាប​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ដង​កន្លង​មក បាន​រក​ឃើញ​ថា​ របរ​សុំទាន​ទាំងនេះ គឺ​កើត​ចេញ​ពី​ភាព​ខ្ជិល​ច្រអូស​ប៉ុណ្ណោះ ហើយ​វា​មិន​ត្រឹម​តែ​ បង្ក​ភាព​អានាធិបតេយ្យ​ រញ៉េរញ៉ៃ បាត់​សណ្ដាប់​ធ្នាប់​សង្គម ធ្វើ​ឲ្យ​បរទេស​ប្រមាថ​មើល​ងាយ​ ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​របស់​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កប់​នូវ​បទល្មើស​និង​ការ​បោក​ប្រាស់ ជា​ច្រើន​ទៀត​ផង​ដែរ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ (Phnom Penh Gendarmerie)។

ទស្សនាវីដេអូ៖

ប្រភព​ដែល​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ដើរ​សុំទាន​ដែល​អាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់​បាន​បង្ក្រាប ពាក់ព័ន្ធ​បទល្មើស​ និង​ការ​បោកប្រាស់ មាន​ដូចជា៖

  • អ្នកសុំទានបន្លំលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ (បង្ក្រាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧)

  • អ្នកសុំទានកេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារ០៧នាក់ ដោយខុសច្បាប់ ប្រើទារុណកម្មបង្ខំឲ្យកុមារ ដើរសុំទាន ដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យអាហារទទួលទានបានគ្រប់គ្រាន់ (បង្ក្រាប ថ្ងៃ​ទី​៣០​ ខែមិថុនា ឆ្នាំ២០១៧)

  • ឪពុកម្តាយចឹញ្ចឹមកូន០៥នាក់ ទុកជាទាសករនិងជាឧបករណ៍រកលុយតាមរយៈការដើរសុំទាន (បង្ក្រាប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧)

  • មេក្លោង ប្រមូលលុយ ពីអ្នកសុំទានជារៀងរាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​អ្នក​សុំទាន​ម្នាក់​ត្រូវបង់​លុយ​ចាប់ពី ១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀល (បង្ក្រាប ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧)

  • អ្នកសុំទានដែលមានកាយសម្បទារនិងកម្លាំងពេញលេញ តែដើរបោកប្រាស់មហាជនថា ជា​កម្មករ​ទើប​មកពី ប្រទេសថៃ អត់លុយហូបបាយនិងអត់លុយ ជិះឡានឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ ( បង្ក្រាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧)

  • អ្នកសុំទានបានលុយទិញថ្នាំញៀនជក់នៅកណ្តាលសួនច្បារទីសាធារណៈ (បង្ក្រាប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)

  • អ្នកសុំទានដែលមានដៃជើងគ្រប់ទាំងអស់ តែក្លែងជាពិការដើរសុំទាននិងញៀនថ្នាំ ( បង្ក្រាប ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨)

  • អ្នក​សុំទាន​មាន​កាយ​សម្បទា និង​កម្លាំង​ពេញលេញ សាច់​ដុំ​រឹងមាំ​ដូច​កីឡាកាស តែ​ក្លែង​ជាពិការ វារ​លើ​ដី​ដូចអណ្តើក បោក​ប្រាស់​ក្តី​មេត្តា​មហាជន (បង្ក្រាប ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០១៨) ៕

អត្ថបទ៖ វឌ្ឍនៈ