E-Sports កម្ពុជា​ជួប​ភាគី​មក​ពី​សិង្ហបុរី​ដើម្បី​ផ្សព្វផ្សាយ​​​​វិញ្ញាសា LOL​

  • 2018-02-13 05:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)​ បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ភាគី​មក​ពី​ប្រទេស​សិង្ហបុរី​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ និង​ផ្សព្វផ្សាយ​​វិញ្ញាសា​ E-Sports ​ផ្សេងៗ​​នៅ​កម្ពុជា។ ជំនួប​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​​ដែល​មាន​​លោក​ ជី សិលា ប្រធាន​សហព័ន្ធ​ E-Sports កម្ពុជា​ និង​តំណាង​មក​ពី​សិង្ហបុរី។

លោក ជី សិលា (កណ្តាល)

ក្រោយ​ចប់​កិច្ច​ប្រជុំ​​ លោក​ ជី សិលា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ខ្លះ​ៗ​ថា​ ​នេះ​ជា​ជំនួប​លើក​ទី​១​ហើយ​សម្រាប់​សហព័ន្ធ​កីឡា​ E-Sports កម្ពុជា​ដែល​ទទួល​ភ្ញៀវ​មក​ពី​ក្រៅ​ប្រទេស​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ។ វា​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​សហព័ន្ធ​ដើម្បី​ត្រៀម​ខ្លួន​ និង​​ផ្សព្វផ្សាយប្រភេទ​កីឡា​អេឡិចត្រូនិក​​នៅ​ប្រទេស​កម្ពុជា។

លោក​ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ភាគី​មក​ពី​សិង្ហបុរី​គឺ​ក្រុម​ហ៊ុន​ Giot Games Services LTD ដែល​សម្លឹង​ឃើញ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន និង​បាន​ចុះ​មក​ផ្ទាល់​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​កីឡា​សម័យ​ទំនើប​នេះ​នៅ​កម្ពុជា​។ កីឡា​ E-Sports មាន​វិញ្ញាសា​ច្រើន​ប្រភេទ​ ក្នុង​នោះ​វិញ្ញាសា​ League of Legends (LOL) ជា​វិញ្ញាសា​ពេញ​និយម​​ជា​សកល។ LOL នេះ​ត្រូវ​បាន​សហព័ន្ធ​ E-Sports ពិភព​លោក​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​ និង​មាន​កីឡាករ​​លេង​ច្រើន​ណាស់​ជុំ​វិញ​ពិភព​លោក​តែ​ម្តង។

តំណាង​មក​ពី​សិង្ហបុរី

លោក​បន្ត​ថា ​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​កីឡាករ​លេង​វិញ្ញាសា​ LOL ​ច្រើន​​ដែរ​ ប៉ុន្តែ​មិន​ទាន់​មាន​រៀប​ចំ​ការ​ប្រកួត​ផ្លូវ​ការ​ណា​មួយ​កន្លង​មក។ ដូច្នេះ​បាន​ដៃ​គូ​មក​ពី​សិង្ហបុរី​​សហការ​ជា​មួយ​សហព័ន្ធ​​ដើម្បី​​ផ្សព្វផ្សាយ​វិញ្ញាសា LOL ឲ្យ​​ល្អ​ប្រសើរ​ និង​មាន​ផល​ចំណេញ​ច្រើន​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​កីឡាករ​​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។ ដឹង​ស្រាប់​ហើយ​ ​​ព្រឹត្តិការណ៍​​កីឡា​ដ៏​ធំ​ Asian Games ឆ្នាំ​២០២២ ​នៅ​ប្រទេស​ចិន​បាន​ប្រកាស​ហើយ​​គឺ​ ​នឹង​មាន​កីឡា​ E-Sports ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ​ស្មើ​មុខ​-មាត់​ដូច​​ប្រភេទ​កីឡា​ផ្សេង​ៗ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​​ លោក ជី សិលា បាន​បញ្ជាក់​ថា លទ្ធផល​នៃ​​ជំនួប​ជា​មួយ​ភាគី​មក​ពី​សិង្ហបុរី​យ៉ាង​ណា​នោះ​ សហព័ន្ធ​នឹង​ជម្រាប​ប្រាប់​​អ្នក​សារព័ត៌មាន​នៅ​ពេល​ក្រោយ​ទៀត ពីព្រោះ​កិច្ច​ការ​នេះ​ត្រូវ​​ជួប​ប្រជុំ​គ្នា​​ច្រើន​លើក​ទៀត​ដើម្បី​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់៕

លោក វ៉ាន់ សំបូរ (ប្រធាន​បច្ចេកទេស)​ធ្វើ​បទ​បង្ហាញ​ភាគី​សិង្ហបុរី

អត្ថបទ៖ ជាន ចាន់រ៉ា