គន្លឹះ​ទាំង ១០ ជួយ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ

  • 2018-02-13 08:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​តែង​មាន​បំណង​ប្រាថ្នា ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រឿង​ដែល​ខ្លួន​កំពុង​ធ្វើ។ បំណង​ប្រាថ្នា​នេះ គឺ​ដើម្បី​ភាព​រីកចម្រើន និង​ការ​សម្រេច​ក្តីស្រមៃរបស់​ពួក​គេ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ទាំង​នេះ អ្នក​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ក្នុង​គ្រា​ណា​មួយ​ផង​ដែរ។

ខាង​ក្រោម​នេះគឺ​ជា​គន្លឹះ​ទាំង ១០ ជួយ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ៖

១. ជារឿយៗ ការ​ស្រមើល​ស្រមៃ នឹង​ក្លាយ​ជា​ការពិត

ចូរ​ស្រមើល​ស្រមៃ​ពី​ស្ថាន​ភាព​ជាក់​លាក់​ណា​មួយ ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​ក្ដី​ស្រលាញ់ និង​ភាព​រីក​រាយ។ មិន​យូរ​មិន​ឆាប់ អ្នក​នឹង​អាច​ទាក់​ទាញ​អ្វី​មួយ​នោះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត ប៉ុន្តែ​ចូរ​កុំ​ឲ្យ​មាន​គំនិត​ប្រឆាំង​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ឲ្យ​សោះ។

២. អ្វីដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ នឹង​ក្លាយ​ជា​ទម្លាប់

ចូរ​ជ្រើស​រើស​ទម្លាប់​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជោគ​ជ័យ ហើយ​ព្យាយាម​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ។ មាន​ទម្លាប់​ជា​ច្រើន​ដែល​អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​ឥឡូវ​នេះ ដូច​ជា​ការ​គិត​វិជ្ជមាន, ការ​គោរព​ពេលវេលា, ការ​ពិចារណា​ច្រើន​ជាង​មុន ឬ​មាន​ភាព​អត់ធ្មត់​ក្នុង​ស្ថានភាព​លំបាក​ ជា​ដើម។

៣. កុំបណ្ដោយឲ្យអារម្មណ៍ គ្រប់គ្រង​ជីវិត​របស់​អ្នក

ការ​បណ្ដោយ​ឲ្យ​អារម្មណ៍​គ្រប់​គ្រង​ជីវិត គឺ​ប្រៀប​ដូច​ជា​ការ​អង្គុយ​នៅ​ក្នុង​ទូក ហើយ​ឲ្យ​ទឹក​រលក​បោក​បក់​តាម​ចិត្ត​អីចឹង។ ប៉ុន្តែ ការ​អភិវឌ្ឍ​ភាព​ខ្លាំង​ពី​ខាង​ក្នុង និង​វិន័យ​ផ្ទាល់​ខ្លួន គឺ​ប្រៀប​ដូច​ជា​ការ​បំពាក់​ម៉ាស៊ីន​ឲ្យ​ទូក​របស់​អ្នក។ ជាមួយ​នឹង​ម៉ាស៊ីន​នេះ អ្នក​នឹង​អាច​បញ្ជា​ទូក​ឲ្យ​ទៅ​ដល់​គោល​ដៅ​ដែល​អ្នក​ចង់​ទៅ។

៤. ពេលខ្លះ រឿងដែល​ត្រឹមត្រូវ​បំផុត គឺ​ការ​កម្ចាត់​ឧបសគ្គ​ចេញ​ពី​ផ្លូវ

ជួន​កាល វិធាន​ការ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក គឺ​ការ​ប្រឹង​ជម្នះ​ឧបសគ្គ។ ប៉ុន្តែ មាន​ពេល​ខ្លះ​ទៀត អ្នក​ត្រូវ​មាន​ភាព​វៃ​ឆ្លាត ដោយ​ស្វែង​រក​ផ្លូវ​ ឬ​គោលដៅ​ថ្មី។

៥. កុំ​អស់​សង្ឃឹម

មិន​ថា​ជួប​ប្រទះ​រឿង​លំបាក​ប៉ុណ្ណា​នោះ​ទេ អ្នក​មិន​ត្រូវ​អស់​សង្ឃឹម​ដាច់ខាត ព្រោះ​វា​ប្រៀប​ដូច​ជា​ខ្សែ​ពួរ ដែល​យោង​អ្នក​ឲ្យ​ឡើង​ទៅ​ខាង​លើ។ ក្ដី​សង្ឃឹម​ គឺ​ជា​ជណ្ដើរ​ដែល​នាំ​អ្នក​ឲ្យ​សម្រេច​សុបិន និង​ការ​រំពឹង។

៦. ព្យាយាមស្វែងរកអត្ថន័យក្នុងសៀវភៅ

នៅ​ពេល​អ្នក​កំពុង​អាន​សៀវ​ភៅ ឬ​អត្ថបទ​លើក​ទឹក​ចិត្ត​ណា​មួយ ចូរ​ព្យាយាម​ស្វែង​រក​អត្ថន័យ​របស់​វា​ឲ្យ​ឃើញ។ ការ​អាន​ពី​មួយ​ពាក្យ​ទៅ​មួយ​ពាក្យ​ នឹង​ធ្វើ​ឲ្យ​អ្នក​យល់ ប៉ុន្តែ​ការ​ដើម្បី​ស្វែង​រក​អត្ថន័យ​របស់​វា នឹង​ធ្វើ​ឲ្យ​អ្នក​កើន​ប្រាជ្ញា។

៧. ដើម្បី​បាន​លទ្ធផល​វិជ្ជមាន តាមរយៈ​ការគិតវិជ្ជមាន អ្នក​ត្រូវ​ធ្វើ​សកម្មភាពវិជ្ជមាន

ការ​គិត​វិជ្ជមាន នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត, មាន​ភាព​សុទិដ្ឋិនិយម និង​រកឃើញ​ឱកាស​ផ្សេង​ៗ។ ប៉ុន្តែ អ្នក​ក៏​ត្រូវ​ធ្វើ​សកម្មភាព​វិជ្ជមាន​ផង​ដែរ ដើម្បី​ឲ្យ​ការ​គិត​នេះ​នាំ​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ។

៨. ទោះបីជាអ្នកក្រក៏ដោយ ក៏អាចជោគជ័យបានដែរ

អ្នក​ប្រាកដ​ជា​អាច​ទៅ​ដល់​កន្លែង​ណា​មួយ​ ដែល​អ្នក​ចង់​ទៅ ប្រសិន​បើ​អ្នក​មាន​គោល​បំណង​ច្បាស់​លាស់, ការ​ផ្ដោត​អារម្មណ៍ និង​ការ​ស្រមើស្រមៃ​ខ្ពស់។ ជាមួយ​នឹង​ជំនឿ និង​ការ​តាំង​ចិត្ត អ្នក​ប្រាកដ​ជា​អាច​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​បាន។

៩. រៀន​បង្កើន​អាកប្បកិរិយា​ស្ងប់ស្ងាត់ និង​បើក​ចំហរ

ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់ និង​បើក​ចំហ នឹង​អាច​នាំ​អ្នក​ទៅ​កាន់​ឱកាស​ថ្មី, គំនិត​ថ្មី, ការ​ផ្ដោត​លើ​គោលដៅ និង​អាច​មើល​រឿង​ផ្សេង​ៗ​ពី​ចំណុច​ថ្មី។ ការ​ធ្វើ​ដូច្នេះ នឹង​បង្កើន​ឱកាស​របស់​អ្នក​ដើម្បី​ទទួល​បាន​ជោគជ័យ។

១០. ចាត់​ទុក​ពេល​វេលា​របស់​អ្នក​ឲ្យ​ដូច​លុយ​ក្នុង​ធនាគារ

ពេល​វេលា​ដែល​កន្លង​ហួស​ទៅ​ជា​រៀង​រាល់​ថ្ងៃ ប្រៀប​ដូច​ជា​លុយ​ដែល​អ្នក​ដក​ពី​កុង​ធនាគារ​អីចឹង ដូច្នេះ​ហើយ​ចូរ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ចូរ​ចំណាយ​ពេល​វេលា​របស់​អ្នក​ទៅ​ធ្វើ​រឿង​មាន​ប្រយោជន៍​ដូចជា ជួយ​ខ្លួន​ឯង, ផ្ដល់​តម្លៃ​បន្ថែម​ឲ្យ​ជីវិត និង​ជួយ​អ្នក​ដទៃ​ជា​ដើម៕

ចុចអាន ៖

ប្រភព៖ successconsciousness   ប្រែ​សម្រួល៖ រ័ត្ន