ពិភព​លោក​ភ្ញាក់​ផ្អើល ពេល​ឃើញ​តារា​កូរ៉េ​ខាង​ត្បូង ចូល​សម្ដែង​ជាមួយ​តារា​កូរ៉េខាង​ជើង​

  • 2018-02-13 13:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ខាងជើង និង​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល នៅ​ពេល​ពួក​គេ​វិល​មក​រួប​រួម​គ្នា​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី ដោយ​មាន​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បី និង​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ជើង បាន​សម្ដែង​រួម​គ្នា លើ​ឆាក​តែ​មួយ។

ចំណុច​គួរ​ចាប់​អារម្មណ៍ បាន​កើត​ឡើង​នៅ​វគ្គ​ចុង​ក្រោយ​នៃ​ការ​សម្ដែង​ពិសេស​របស់​ក្រុម​តន្ត្រី​កូរ៉េ​ខាង​ជើង Samiyeon Band ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា ២០១៨ នៅ​ទី​ក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង។ពេល​នោះ អ្នក​ទស្សនា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នឹង​វត្តមាន​របស់​តារា​ចម្រៀង​កូរ៉េ​ខាងត្បូង​ចូល​រួម​សម្ដែង​ដែរ។

តាម​ផលិតកម្ម​របស់ Seohyun បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀងSeohyun គឺ​មិន​បាន​ត្រៀម​អ្វី​មុន​ទេ ព្រោះ​នាង​ត្រូវ​បាន​ខាង​អ្នក​រៀប​ចំ​កម្មវិធី Blue House អញ្ជើញ​ឲ្យ​សម្ដែង​នៅ​ចំ​ថ្ងៃ​សម្ដែង​តែ​ម្ដង។ ខាងBlue House គ្រាន់​តែ​ប្រា​ប់ថា “ពូក​យើង​ចង់​ឲ្យ​ខាង​អ្នក​ចូល​រូម​ច្រៀង​ក្នុង​កម្មវិធី​ពួក​យើង ប្រសិន​បើ​ខាង​អ្នក​អាច​មក​បាន”។

បើ​តាម​អនុប្រធាន​ក្រុម​ការងារ​ខាង​រដ្ឋាភិបាល​ចុះ​ជួយ​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ព្យុងយ៉ាង លោក​ Kwon Kyuk Ki បាន​បក​ស្រាយ​ថា តារា​ចម្រៀង Seohyunគឺ​ជា​ជម្រើស​ដ៏​ល្អ ព្រោះ​ថា​ក្រុម​តន្ត្រី​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​សុទ្ធ​តែ​នារី​ ដូច្នេះ​ខាង​កម្មវិធី​ចង់​បាន​អ្នក​ណា​ដែល​អាច​សម្ដែង​ជាមួយ​ក្នុង​ពេល​ដ៏​ខ្លី​នេះ​បាន។

ចំណែកខាង​តារា​កូរ៉េ​ខាង​ជើង​វិញ មុន​ដំបូង​គឺ​បដិសេធ មិន​ឲ្យ​តារា​កូរ៉េ​ខាង​ត្បូងSeohyun ចូល​សម្ដែង​ជាមួយ​ទេ ព្រោះ​ថា​ការ​សម្រេច​ចិត្ត​ដាក់​តារា​កូរ៉េ​ខាង​ត្បូង​ចូល​សម្ដែង​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ​ពេក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​បាន​ប្រាប់​ពី​ហេតុផល​ថា​ការ​សម្ដែង​នេះ​ គឺ​ពួក​គេ​អាច​បង្កើត​ឲ្យ​មាន​ការ​រួប​រួម​នៃ​ប្រទេស​ទាំង​ពីរ​នៅ​លើ​ឆាក​បាន ពួក​ក្រុម​តន្ត្រី​កូរ៉េ​ខាង​ជើង​ក៏​យល់​ព្រម។

ពិត​រំភើប​មែន! បន្ទាប់​ពី​សម្ដែង​ចប់​បទ​ដែល​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា ”Our Wish” តារា​ចម្រៀង Seohyun បាន​ឱប​តារា​សម្ដែង​កូរ៉េ​ខាង​ជើង​យ៉ាង​ណែន៕

   

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហ៊ុយ

អត្ថបទពេញនិយម