មូលហេតុ​សំខាន់ ​ធ្វើ​ឱ្យ​បឹង​កេត ចាញ់​ ៩-០ ​ជា​កំណត់ត្រា​អាក្រក់​បំផុតក្នុង​ប្រវត្តិសាស្ត្រ

  • 2018-02-14 03:05:13
  • ចំនួនមតិ 2 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត ​បាន​បរាជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ក្នុង​ពាន​ AFC Cup 2018 ​ដោយ​ចាញ់​ក្រុម ហ្វីលីពីន​ Ceres Negros ដោយ​លទ្ធផល​​រហូត​ដល់ ៩-០។

ការ​បរាជ័យ​នេះ ​ធ្វើ​ឱ្យ​លោក កែវ កុសល ​គ្រូ​បង្វឹក​បឹង​កេត​សោកស្ដាយ​មែនទែន ខណៈ​ដែល​កីឡាករ​ទាំង​អស់​ក៏​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ផង​ដែរ។ មួយ​វិញ ​ចំពោះ​កំហុស​ឆ្គង​ផ្សេង​ៗ​ទៀត​នោះ ​គ្រូ​បង្វឹក​រូប​នេះ​បាន​លើក​ចំណុច​ខ្លះ​ៗ​ដូច​ខាង​ក្រោម៖

១- ​ក្រុម​ហ្វីលីពីន​មាន​សមត្ថភាព​ខ្ពស់​ជាង​បឹង​កេតឆ្ងាយ

ក្រុម​ Ceres Negros ​ជា​ក្រុម​ខ្លាំង​មួយ​របស់​ហ្វីលីពីន​ដែល​រដូវ​កាល​នេះ ពួកគេ​បាន​ទៅ​លេង​វគ្គ​ជម្រុះ AFC Champions League ហើយ​បាន​យក​ឈ្នះ​ក្រុម ​Shan United និង​ក្លឹប​អូស្ត្រាលី​ Brisbane Roar ​ប៉ុន្តែ​ទៅ​បរាជ័យ​ជាមួយ​ក្រុម Tianjin Quanjian ​ទើប​ធ្លាក់​មក​លេង​ពាន​រង្វាន់ AFC Cup ​នេះ។

២- ​បឹង​កេត​បាត់​កីឡាករ​សំខាន់​៣​នាក់

ក្រុម​បឹង​កេត​អវត្តមាន​តួ​អង្គ​សំខាន់​ដល់​ទៅ​៣​នាក់​រួម​មាន Julius Oiboh ​និង​ Gbenga Samuel ​មាន​បញ្ហា​លិខិត​ឆ្លង​ដែន ខណៈ​ដែល​ខ្សែ​ការពារ រ៉ូហ្សីប ​រង​របួស​មិន​អាច​លេង​បាន។ ​ការ​បាត់​បង់​កម្លាំង​សំខាន់​នេះ​ហើយ ​ទើប​បាន​ជា​បឹង​កេត​មិន​មាន​លំ​នឹង ​និង​ងាយ​បាត់​បាល់។

៣- លេង​នៅ​ក្រៅ​ដី ​និង​ទីលាន​រអិល

លោក កែវ កុសល ​ថា​បាល់ទាត់​មិន​អាច​បន្ទោស​ទៅ​លើ​ទីលាន​បាន​ទេ ​នៅ​ពេល​ចាញ់​ការ​ប្រកួត។ យ៉ាង​ណា​ក្ដី ​ការ​លេង​ក្រៅ​ដី ស្រប​ពេល​ទីលាន​មាន​សភាព​រអិល​ខ្លាំង​ពេក​មែន ទើប​បាន​ជា​ធ្វើ ឱ្យ​កីឡាករ​បឹង​កេត ​ពិបាក​ក្នុង​ការ​លេង ​និង​ងាយ​បាត់​បាល់​ខ្លាំង។ មួយ​វិញ​ទៀត ​ការ​ព្យាយាម​រត់​ទៅ​យក​បាល់ ​ជាមួយ​ទីលាន​ដែល​មាន​ភក់​នោះ ពិត​ជា​ធ្វើ​ឱ្យ​កីឡាករ​ឆាប់​អស់​កម្លាំង។

នេះ​ជា​ការ​ចាញ់​ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​បឹង​កេត ​តាំង​ពី​បង្កើត​ក្លឹប​នេះ​ឡើយ។ ​យ៉ាងណាមិញ ​លោក កែវ កុសល ​រំពឹង​ថា​នឹង​អាច​យក​ការ​ឈឺ​ចាប់​នេះ​ទៅ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​ក្រុម​ទាំង​មូល ​ក្នុង​ការ​កែប្រែ​ត្រៀម​ការ​ប្រកួត​ខាង​មុខ​ទៀត។

៤- ស្មារតី​ក្រុម​​ធ្លាក់​ចុះ

ក្រុម​កម្ពុជា​មួយ​នេះ​​អាច​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​លំបាក​ដែល​មហាជន​មិន​ដឹង​ បន្ទាប់​ពី​ចប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៧​កន្លង​ទៅ។ ពេល​វេលា​ពង្រឹង​ក្រុម​​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ ប៉ុន្តែ​បឹងកេត​បែរ​ជា​​ស្ងប់​ស្ងាត់​។ ភាព​ស្ងប់ស្ងាត់​​ទាំង​នេះ​មិន​ដឹង​ថា បណ្តាល​មក​ពី​ថ្នាក់​ដឹក​នាំ​​ចង់​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្តើម​ ឬ​​​ក៏​លែង​ចង់​បន្ត​វិនិយោគ​ក្រុម​​លើ​បាល់ទាត់​បន្ត​ទៀត។ ទាំង​នេះ​ហើយ​ដែល​​អាច​ធ្វើ​ឲ្យ​កម្លាំង​ចិត្ត​ក្រុម​ទាំង​មូល​​​លេង​ដោយ​គ្មាន​​ភាព​ជឿជាក់។ ទោះ​យ៉ាង​ណា សញ្ញា​កត់​សំគាល់​មួយ​គឺ​ថា ​ពេល​​វគ្គ​ប្រកួត​ជម្រុះ​ជា​មួយ​ Laos Toyota FC បឹងកេត​បាន​ចេញ​ឯកសណ្ឋាន​ថ្មី​ ហើយ​ប្រកួត​ជា​មួយ​ក្រុម​ហ្វីលីពីន Ceres Negros ក៏​បង្ហាញ​ឯកសណ្ឋាន​ថ្មី​ទៀត​ ដូច្នេះ​បញ្ជាក់​ថា បឹងកេត​ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ដែរ៕


អត្ថបទ៖ មុន្នីរម្យ