​គ្រូ​​បាល់ទះ​ឆ្នេរខ្សាច់​​ថា មាន​ប្រាក់​លើក​ទឹក​ចិត្ត​ ​សិស្ស​ក៏​ខំ​ហាត់​ដែរ

  • 2018-02-14 08:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ ដែល​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាល់​ថ្ងៃ​នេះ​​ ​ទទួល​បាន​ប្រាក់​បៀវត្ស​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​សមរម្យ។ ជា​មួយ​គ្នា​នោះ​លោក ជុំ រដ្ឋា គ្រូ​​បង្ហាត់​យុវជន​​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ថា​ សិស្ស​របស់​ខ្លួន​​សប្បាយ​ចិត្ត​ និង​ប្រឹងប្រែង​ហ្វឹកហាត់​​ចំពោះ​ការ​លើក​ទឹក​ចិត្ត​នេះ។

លោក ជុំ រដ្ឋា

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យដឹង​ថា យុវជន​របស់​លោក​​ចំនួន ៦ នាក់ រួម​ទាំង​កីឡាករ​បម្រុង​ពីរ​រូប​ផ្សេង​ទៀត​ តែង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​រាល់​ខែ ដែល​នេះ​ជា​កញ្ចប់​ទឹក​ប្រាក់​មួយ​ក្នុង​ការ​អភិវឌ្ឍ​យុវជន​។ ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ខែ​ លោក​មិន​អាច​បញ្ជាក់​បាន​ឡើយ ប៉ុន្តែ​យុវជន​ទាំង​អស់​សប្បាយ​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់ បន្ទាប់​ពី​មាន​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដូច​នេះ។

​លោក​បន្ថែម​ថា ​​យុវជន​ដែល​ហ្វឹកហាត់​ទាំង ៦ នាក់​ នោះ​គឺ​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​និយាយ​ពី​សមត្ថភាព​បច្ចុប្បន្ន​វិញ​ក្រោយ​ពេល​ប្រមូល​ផ្ដុំ​​ហ្វឹកហាត់​​កាល​ពី​ឆ្នាំ​មុន​ មក​ដល់​ពេល​នេះ​គឺ​គ្រប់​គ្នា​មាន​ការ​រីក​ចម្រើន​ជាង​មុន​ឆ្ងាយ។

​​​​​​បច្ចុប្បន្ន​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​ឈុត​ធំ​ ឬ​ជម្រើស​ជាតិ​ក្រុម​ធំ​​កម្ពុជា មិន​ទាន់​មាន​ឡើយ (គ្មាន​ការ​ប្រមូល​ផ្ដុំ​) ដោយ​សារ​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំៗ ពិសេស​ស៊ីហ្គេម ៣ លើក​ចុង​ក្រោយ​នេះ​មិន​​មាន​​ប្រភេទ​កីឡា​​បាល់ទះ​ឆ្នេរខ្សាច់​៕

សកម្មភាព​ហ្វឹកហាត់​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​