ប្រមូលសំរាមស្អុយចង់បែកច្រមុះតែមិនបង់លុយ ពេលនេះស៊ីនទ្រីទម្លាយមុខអ្នកជំពាក់ហើយ

  • 2018-02-14 08:33:26
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ស៊ីនទ្រី ​បាន​អះអាង​ថា​ ពលរដ្ឋរស់នៅភ្នំពេញ ប្រមាណជាង ១០ភាគរយ ​បាន​ជំពាក់​ថ្លៃ​ប្រមូល​សំរាម​មិន​សង។ ក្រុម​ហ៊ុន​ថា ចំនួន​ទឹក​ប្រាក់​​សរុប​​ដែល​ប្រជា​ពល​រដ្ឋ​ជំពាក់ មាន​ប្រមាណ​​ ២០​​លាន​ដុល្លារ​ គិត​ចាប់​តាំង​ពីខែ​កញ្ញា ឆ្នាំ ២០០៣ មកម្ល៉េះ។

​ ​ លោក អ៊ិត ចាន់ដា ​ប្រធាន​ការិយាល័យ​អតិថិជន​ និង​សំអាត​ក្រុង​របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ជាក់​ប្រាប់​ Sabay ​​ថា អ្នកជំពាក់ពិបាកទារជាងគេនោះគឺភាគច្រើនជាម្ចាស់ជាអាជីវកម្ម និងអ្នករស់​នៅ​ជាយ​ក្រុង។​ លោក ចាន់ដា​ ​ពន្យល់​ថា៖ «​គាត់ជា​អ្នក​រកស៊ី ​មាន​អាជីវកម្ម​ផ្លាស់​ប្ដូរ​ ​ពីម្ចាស់​មួយ​ទៅម្ចាស់​មួយ ដែល​អ្នកមុន​មិនបាន​បង់ ហើយ​អ្នកថ្មី​មក​ទៀតក៏​មិន​ទូទាត់​។ ឯ​អ្នក​ជំពាក់​មួយទៀត​គឺ​ អ្នក​រស់នៅ​តំបន់​ជាយ​រាជធានី​។ ​ប្រជាជន​មួយ​ចំនួន​រស់នៅ​តំបន់​ដីឡូត៍​ ​គាត់​មិនបាន​បញ្ចេញ​សំរាម​ ហើយ​ក៏មិន​បង់ថ្លៃ​សេវា​ ​ប៉ុន្តែ​គាត់បែរជាយក​សំរាមទៅ​បោះចោល​នៅ​កន្លែង​គំនរ​សំរាម​ណាមួយ​ទៅវិញ»​។

(លោក អ៊ិត ចាន់ដា ​ប្រធាន​ការិយាល័យ​អតិថិជន​ និង​សំអាត​ក្រុង​របស់ក្រុមហ៊ុនស៊ីនទ្រី)

យ៉ាងណាក្ដី ​​​ស៊ីនទ្រី ​​អះអាង​ថាខ្លួន​មាន​តួនាទីជាអ្នក​​ប្រមូល​សំរាម​តាម​សាធារណៈ​ ​បានខិតខំ​អនុវត្ត​តាម​គោលការណ៍​រដ្ឋាភិបាល តែជាក់ស្ដែងមិនសូវអនុវត្តទេ។ « តាមគោលការណ៍រដ្ឋាភិបាល បើអតិថិជនមិនបង់ថ្លៃសេវាចាប់ពី៣ខែឡើងនោះ ​​ត្រូវផាក​ពិន័យ​ដោយ​ការ​ផ្អាក​អគ្គិសនី​ជាដើម​ ប៉ុន្តែ​មកទល់​ពេល​នេះ​ អតិថិជន​បាន​ជំពាក់​រហូត​ដល់ទៅ ​១៨០ខែ​»។ ​តំណាង​ក្រុមហ៊ុន​ បញ្ជាក់។

​ដោយឡែក​​ចំពោះ​ទឹក​ប្រាក់​ចំនួន​ជាង​ ២០​ម៉ឺន​ដុល្លារ ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជំរុញ​ឲ្យ​ស៊ីនទ្រី​ធ្វើ​ការ​សង​ថ្លៃ​ជំពាក់​ទីលាន​ចាក់​សំរាម​កាល​ពីថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​តំណាង​ក្រុមហ៊ុន​សូមមិន​ធ្វើការ​បក​ស្រាយ​អ្វីឡើយ​៕

ចុចអានបន្ថែម៖


អត្ថបទ៖ ស៊ិន សាវ៉េត