នេះ​ជា​រឿង​ខ្មោចនៅ​ស្រុក​ស្រែ ជឿ​មិន​ជឿ ថា​ខ្មោច​លង ធាក់​ឡើង​ផ្កាប់​មុខ!

  • 2018-02-19 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ហើយ!..."នឹក​ឡើង​ហួស​ចិត្ត" មាតិកា​ថ្មី​របស់ Sabay បាន​ចាប់​ផ្ដើម​ថ្ងៃ​ទី​១​របស់​ខ្លួន នៅ​ថ្ងៃ​នេះ​តែ​ម្ដង។ មាតិកា​មួយ​នេះ នឹង​នាំ​ប្រិយមិត្ត​ទៅ​រំលឹក​រឿង​ចាស់​ៗ នៅ​ស្រុក នៅ​ស្រែ រឿង​ដែល​នឹង​នាំ​ឲ្យ​ប្រិយមិត្ត​កើត​អារម្មណ៍​ថា​លំហែ ហួស​ចិត្ត​រហូត​ដល់​ផ្ទុះ​សំណើច ស្រស់​ស្រាយ​ភ្លាម​ៗ។

នៅ​ថ្ងៃ​ដំបូង​នេះ "នឹក​ឡើង​ហួស​ចិត្ត" បាន​ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ​ចែក​រំលែក​របស់​អតីត​ក្រុម​ការងារ Sabay តែ​ម្ដង។ ដា ជា​ឈ្មោះ​តំណាង​ ដែល​សាមី​ខ្លួន​ប្រើ​ក្នុង​អត្ថបទ​នេះ ហើយ​រូប​គេ​បាន​រៀបរាប់​ថា៖

រំលឹក ​អនុស្សាវរីយ៍​នៅ​ស្រុក​កំណើត ខ្ញុំ​ចង់​សើច និង​ខ្មាស​ខ្លួន​ឯង​បន្តិច​ម៉េច​ទេ ដោយ​សារ​ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​មិន​ដែល​ខ្លាច​ខ្មោច តែ​មាន​គ្រា​មួយ​ខ្ញុំ​រត់​ស្ទើរ​របូត​ខោ បង្កើត​បាន​ជា​អនុស្សាវរីយ៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។ ខ្ញុំ​នឹង​ចែក​ជូន​មិត្ត​អ្នក​អាន​នៅ​ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" របស់ Sabay ខាង​ក្រោម​នេះ។

រឿង​រ៉ាវ​កាល​ណោះ វា​យ៉ាង​នេះ​ទេ ក្នុង​ឆ្នាំ​២០០០ កាល​ណោះ​ខ្ញុំ​មាន​វ័យ​ប្រហែល​ជា​១៥​ឆ្នាំ​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា​ ខែ​កត្តិក ជា​ខែ​ខ្យល់​ធ្លាក់​ពី​ជើង ជា​រដូវ​ច្រូត​កាត់​របស់​ប្រជាកសិករ ហើយ​ក៏​ជា​រដូវ​ទឹក​ស្រក​ដែល​ត្រី​ចុះ​ទៅ​រក​ទី​ទឹក​ជ្រៅ​ដែរ។ ក្នុង​រដូវ​នេះ ប្រជាកសិករ​នៅ​តាម​ភូមិ​តែងតែ​ធ្វើ​អន្លង់​ដើម្បី​ដាក់​ទាក់​យក​ត្រី។ ថ្ងៃ ​មួយ​ខ្ញុំ និង​មិត្តភ័ក្ដិ​ក្នុង​ភូមិ​ប្រមាណ​៤​ទៅ​៥​នាក់​ ប្រដាប់​ដោយ​ ចប ពូថៅ កាំ​បិត​ជា​ដើម​​បាន​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​វាល​ស្រែ​ដើម្បី​ជីក​អន្លង់​ ដាក់​ត្រី។

ខ្ញុំ​ហាក់​ប្លែក​ពី​អ្នក​ភូមិ​ដទៃ​ទៀត ព្រោះ​ពួកគេ​ភាគ​ច្រើន​ជីក​អន្លង់​​នៅ​តាម​វាល​ស្រែ​ដាច់​ស្រយាល ប៉ុន្តែ​ខ្ញុំ​វិញ​ទៅ​ជីក​អន្លង់​​​នៅ​ក្បែរ​ត្រពាំង​មួយ​ដែល​ មាន​​ដើម​ឈើ​ធំ និង​ក្បែរ​វាល​កប់​ខ្មោច​មួយ។ មិត្តភ័ក្ដិ​របស់​ខ្ញុំ​មិន​ឆ្ងល់​ទេ​ចំពោះ​រឿង​នេះ ព្រោះ​ពួកគេ​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​ខ្លាច។

ក្រោយ ​ពី​ធ្វើ​​រួច​រាល់​ ដោយ​យក​ស្លឹក​ត្នោត​គ្រប​ និង​ភក់​ស្អុយៗ​ដាក់​មាត់​អន្លង់​ពួក​ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ ខ្លួន។ ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​ម្ដាយ​របស់​ខ្ញុំ​បាន​ស្រែក​ហៅ​ខ្ញុំ​តិចៗ​ ថា”អាដា ក្រោក​ឡើង​កូន ក្រែង​ឯង​ធ្វើ​អន្លង់​ដាក់​ត្រី​អ្ហី ល្មម​ទៅ​មើល​ហើយ​កូន”។ ខ្ញុំ​ដឹង​ខ្លួន​ ហើយ​ចុះ​ពី​លើ​ផ្ទះ​លុប​មុខ រួច​ទាញ​ខោ​ខ្លី អាវ​ដៃ​ខ្លី​មួយ រួម​នឹង​ទ្រុង​ដាក់​ត្រី​ដើរ​សំដៅ​ទៅ​វាល​ស្រែ។

ភ្លៀង​រលឹម​ស្រិចៗ​ លាយ​ឡំ​នឹង​ខ្យល់​បក់​ពី​ជើង​តិចៗ ខ្ញុំ​មាន​អារម្មណ៍​ថា​រងា​​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​ដដែល​។ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា”សង្ស័យ​ថា​ត្រី​ចូល​ អន្លង់​ច្រើន​ហើយ​មើល​ទៅ ព្រោះ​យប់​មិញ​យល់​សប្តិ​ចាប់​បាន​ត្រី​ពេញ​ទ្រុង”។

ដើរ​ភ្លេច​ៗ​ ខ្លួន ក៏​ដល់​កន្លែង​អន្លង់ ក៏​ម្នីម្នា រើ​ស្លឹក​ត្នោត​ដែល​ក្រប​នៅ​មាត់​អន្លង់​ចេញ “អី​យ៉ា ​ត្រី​ច្រើន​ណាស់”។ គឺ​សុទ្ធ​តែ ត្រី​ផ្ទក់ និង​ត្រី​ក្រាញ់ ធ្លាក់​ចូល​កន្លះ​អន្លង់។ ខ្ញុំ​ចាប់​ត្រី​ប្រមូល​ដាក់​ទ្រុង ប៉ុន្តែ​ពេល​កំពុង​តែ​ប្រមូល​នោះ ស្រាប់​តែ​ខ្យល់​ធ្លាក់​ត្រជាក់​ស្រឹប​មក​ប៉ះ​រាង​កាយ ឯ​ស្លឹក​ត្នោត​បោក​ប៉ះ​គ្នា​លាន់​ប្រ៉ាវ​ៗ ខ្ញុំ​នឹក​ថា ប្រហែល​ជា​មាន​អី​ចង់​មក​លេង​សើច​ហើយ តែ​ក៏​មិន​ខ្វល់​គិត​តែ​ពី​ប្រមូល​ត្រី​ដាក់​ទ្រុង​ទៀត។

រូប​តំណាង

ជិត ​នឹង​អស់​ត្រី​ពី​អន្លង់​ទៅ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មនុស្ស​អង្គុយ​លើ​ដើម​ព្រីង​ខាង​ឆ្វេង​ដៃ​ខ្ញុំ។ ក្រឡេក​ភ្នែក​ខ្វាច់ គឺ​មិន​ខុស​មែន មនុស្ស​ស្រី​ស្លៀក​ស​ពាក់​ស កំពុង​សម្លឹង​មក​ខ្ញុំ​ថ្មែ​។

បែប​នេះ ទោះ​មិន​ប្រាប់​ក៏​ជឿ​ថា​បង​ប្អូន​ដឹង​ដែរ។ ប៉ុន្តែ​ដូច​ប្រាប់​ខាង​លើ គឺ​ខ្ញុំ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ ហើយ​ក៏​ធ្លាប់​ជួប​ញឹក​ញាប់​ដែរ។ ដូច្នេះ​ខ្ញុំ​និយាយ​តិច​ដោយ​ស្មារតី​ហ្នឹង​ហ្ន៎​ថា “ត្រូវ​ទៅ​ណា​ក៏​ទៅ​ទៅ​វ៉ើយ…​កុំ​មក​លេង​សើច អញ​មក​ដាក់​ត្រី អត់​មាន​ប៉ះពាល់​អី​នាង​ទេ!”។ និយាយ​តែ​ប៉ុណ្ណឹង ខ្មោច​ស្រី​នោះ ក៏​រលាយ​បាត់​ទៅ ខ្ញុំ​ក៏​លើក​ទ្រុង​ត្រី​ស្ពាយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​ត្រេកអរ នឹក​ក្នុង​ចិត្ត​ថា តែ​ប៉ុណ្ណេះ ម៉ែ​ប្រាកដ​ជា​សប្បាយ​ចិត្ត​ហើយ។

មិន​ខុស​ទេ មក​ដល់​ផ្ទះ​បង្ហាញ​ត្រី​ម៉ែ ម៉ែ​ពោល​ទាំង​សប្បាយ​ចិត្ត “អូហ៍​ច្រើន​ម្ល៉េះ​កូន ល្អ​ណាស់ ចាំ​ម៉ែ​លៃ​ខ្លះ​យក​ទៅ​លក់…ទៅ…ទៅ​មុជ​ទឹក​មុជ​ភក់​សិន​ទៅ ចាំ​មក​ស៊ី​បាយ”។

បន្ទាប់ ​បាយ​កក​ព្រឹក​ជាមួយ​ម៉ែ​​រួច ខ្ញុំ​ក៏​ទៅ​ជួប​ជាមួយ​ពួក​ម៉ាក​ក្នុង​ភូមិ ហើយ​និយាយ​រឿង​ខ្មោច​ស្រី​មក​លង ​ពេល​ទៅ​យក​ត្រី​ពី​អន្លង់ ឲ្យ​ពួក​វា​ស្តាប់។ អាឡូត ដែល​ជា​មិត្ត​ភ័ក្តិ​កំហិល​របស់​ខ្ញុំ សួរ​កាត់​មក​ខ្ញុំ “អ្ហែង​និយាយ​លេង​និយាយ​មែន​ហ្អា៎ ខ្មោច​លង​ហើយ​មិន​រត់?”។ “អ្ហែង​ធ្វើ​ពួក​ម៉ាក​វា​រាប់​ឆ្នាំ​ហើយ មិន​ដឹង​ថា​វា​អត់​ខ្លាច​ខ្មោច​ទេ​ហ្អី”។ អា រ៉ា ឆ្លើយ​ការពារ​ខ្ញុំ ប៉ុន្តែ​អាឡូត​នៅ​តែ​មិន​ជឿ​ដដែល។

បើ​វា​មិន​ជឿ ទៅ​បង្ខំ​វា​ម៉េច​កើត ដូច្នេះ​ខ្ញុំ​ក៏​ឈប់​និយាយ។ ការ​ប្រមូល​ត្រី បាន​ឈាន​ដល់​ថ្ងៃ​ទី​២ ម៉ោង ៤​ជាង​ទៀប​ភ្លឺ​ទៅ​ហើយ ម៉ែ​ខ្ញុំ​ដាស់​ទៀត “អាដា កូន ដល់​ម៉ោង​ទៅ​មើល​ត្រី​ហើយ ប្រញាប់​ទៅ​ប្រយ័ត្ន​គេ​លួច​អស់​កូន!”។ ខ្ញុំ​ងើប​ទាំង​សើងមម៉ើង​ទៅ​លុប​មុខ​បន្តិច រួច​ចុះ​មក​ដី​ទាញ​ទ្រុង​ចេញ​ដំណើរ។

រូប​តំណាង

ដើរ​ផង​ងោក​ផង ស្រាប់​តែ “ផ្លាច់​” ជាន់​ចំ​អាចម៍​គោ​ពេញ​ជើង។ ខ្ញុំ​នឹក​ក្នុង​ចិត្ត “យី​ថ្ងៃ​នេះ​ស៊យ​ម៉្លេះ​វ៉ី មិន​ទាន់​បាន​អី​ផង​ជាន់​ចំ​អាចម៍​គោ​ហើយ” យក​ជើង​ជូត​អាចម៍​គោ​នឹង​ភ្លឺ​ស្រែ​រួច​ក៏​បន្ត​ដំណើរ​រហូត​ទៅ​ដល់​កន្លែង​ អន្លង់​ត្រី។ ដាក់​ទ្រុង​ចុះ​រួច ខ្ញុំ​ក៏​រើ​ស្លឹក​ត្នោត​ចេញ អត់​ឃើញ​មាន​ត្រី​អី​មួយ។ “អញ​ថា​ស៊យ ស៊យ​មែន ជាន់​អា​អាចម៍​ចង្រៃ​យ៎​ហ្នឹង!” គិត​ក្នុង​ចិត្ត។

ខ្ញុំ​ក៏​លើក​ស្លឹក​ត្នោត​រៀប​គ្រប​ ពី​លើ​អន្លង់​វិញ ប៉ុន្តែ​រំពេច​នោះ ក៏​ក្រឡេក​ភ្នែក​ទៅ​ឃើញ​ខ្មោច​ពី​ម្សិលមិញ​នោះ​ទៀត។ “មក​ទៀត​ហើយ​អ្ហេះ…ឆាប់​ទៅ​វិញ​ទៅ អញ​កំពុង​អារម្មណ៍​អត់​ល្អ​ផង កុំ​មក​លេង​សើច!”។ ខុស​ពី​ថ្ងៃ​មុន​ដែល​ស្តី​ឲ្យ​ហើយ​ខ្មោច​នោះ​បាត់​ទៅ​វិញ តែ​ថ្ងៃ​នេះ​វា​នៅ​អង្គុយ​ធ្វើ​មិន​ដឹង​ដដែល ខ្ញុំ​ហាក់​មាន​អារម្មណ៍​ប្លែក ដូច​ជា​ព្រឺ​ៗសម្បុរ។

យ៉ាង​ណា​ក៏​ខំ​ពង្រឹង​ស្មារតី ហើយ​និយាយ​បន្ថែម​ថា “​ឆាប់​ចេញ​ទៅ ប្រយ័ត្ន​អញ​លេង​ក្បាច់​ចុង​ក្រោយ​វ៉ើយ!”​។ ប៉ុណ្ណឹង​ហើយ វា​នៅ​តែ​មិន​ព្រម​ចេញ ខ្ញុំ​ក៏​ចេញ​ក្បាច់​ចុង​ក្រោយ​របស់​ខ្ញុំ គឺ​ស្រាត​ខោ​ទះ​កំប៉េះ​គូទ​បី​ដង​ផ្លាច់​ៗ ព្រោះ​ចាស់​ៗ​ប្រាប់​ថា បើ​ទាល់​ច្រក ប្រើ​វិធី​នេះ​ទៅ​នឹង​បាន​ផល​ហើយ។

ទះ​លើក​ទី​មួយ​បី​ដង​ ផ្លាច់​ៗ​ហើយ ខ្មោច​ចង្រៃ​ហ្នឹង​នៅ​តែ​មិន​ព្រម​ចេញ ក៏​សាក​លើក​ទី​២​ទៀត តែ​ទះ​បាន​តែ​ម៉ា​ផ្លាច់ ស្រាប់​តែ​លឺ​សំឡេង​ឌឹប(លោត​ចុះ​ពី​ដើម​ឈើ)….ភឹប​ៗ ផ្ទួន​ៗ​គ្នា ឯ​ខ្ញុំ​ក៏​ធ្លាក់​ចូល​អន្លង់​ត្រី ជាមួយ​នឹង​អារម្មណ៍​ដឹង​ថា ត្រូវ​គេ​ធាក់។ ខ្ញុំ​ប្រវេប្រវា​ឡើង​ពី​អន្លង់​វិញ ឯ​ខ្មោច​ក៏​បាត់​មិន​ដឹង​ទៅ​ណា ខ្ញុំ​ចាប់​ផ្តើម​ភ័យ ជាមួយ​អារម្មណ៍​ច្របូក​ច្របល់ រត់​សំដៅ​មក​ផ្ទះ​វិញ​កាត់​វាល​​​ស្រែ​គ្មាន​ងាក​ក្រោយ។

រត់​ទៅ​ដល់​ ភ្លឺ​ស្រែ​មួយ​ស្រាប់​តែ​ធ្លាក់​ជង្ហុក ដួល​ផ្កាប់​មុខ​ពេញ​ទំហឹង​ចំ​អាចម៍​គោ​ម្តង​ទៀត។ ខ្ញុំ​ងងឹត​មុខ​ឈឹង​ដៃ​រាវ​រក​ទឹក​ដើម្បី​លប់​មុខ​ចេញ​ ក្រោយ​ស្រលះ​មុខ​ហើយ​ ស្រវា​ទ្រុង​ត្រី ហើយ​ដើរ​នៅ​តាម​ភ្លឺ​ស្រែ​​ធម្មតា​លែង​រត់​ទៀត​ហើយ ព្រោះ​ហត់​ ម្យ៉ាង​ជើង​ខាង​ឆ្វេង​ក៏​គ្រេច​ដែរ គ្រាន់​តែ​មិន​ខ្លាំង។

ប្រមាណ​ជា ២០​នាទី ខ្ញុំ​ក៏​បាន​មក​ដល់​ផ្ទះ​ ក៏​ស្រាប់​តែ​ឃើញ​អាឡូត អង្គុយ​ជាមួយ​ម្ដាយ​ខ្ញុំ​លើ​គ្រែ​ក្រោម​ផ្ទះ នឹក​ឆ្ងល់​​ចង់​សួរ​វា​ថា មក​ផ្ទះ​ខ្ញុំ​ធ្វើ​អី​ទាំង​ព្រឹក​ តែ​​ម៉ែ​ខ្ញុំ​សួរកាត់​មុន  “បាន​ត្រី​ទេ​កូន!” “អត់​បាន​ទេ តែ​មួយ​គ្មាន​ផង ថែម​ទាំង​ត្រូវ​ខ្មោច​លង​ទៀត ខ្ញុំ​រត់​ចង់​ងាប់​ហើយ!” ខ្ញុំ​តប​ទៅ​ម៉ែ។ “ស្អី​គេ…ខ្មោច​លង​រត់​ចង់​ងាប់…ក្រែង​ហ្អែង​អួត​មិន​ខ្លាច​ខ្មោច?”។ អាឡូត សួរ​ឌឺ​មក​ខ្ញុំ ខ្ញុំ​ឆ្លើយ​តប​ទៅ​វិញ៖ “ពេល​ហ្នុង​អញ​ច្របូក​ច្របល់ មិន​ដឹង​ថា​ខ្មោច ឬ​មនុស្ស​ទេ ព្រោះ​វា​ធាក់​អញ​ម៉ា​ជើង​ធ្លាក់​ក្នុង​អន្លង់​ត្រី​ទៀត។ អីចឹង​បាន​ភ័យ”។

រូប​តំណាង

“អើ​ធាក់ ​មក​ពី​អ្ហែង​លេង​សុទ្ធ​តែ​ ស្រាត​ខោ​ទះ​កំប៉េះ​គូទ​ហ្នឹង” អាឡូត វា​ឆ្លើយ។ “អា…អា...អាឡូត…!” ខ្ញុំ​ស្រាប់​តែ​ចាប់​អារម្មណ៍​សំដី​វា…វា​ក៏​រត់​ចេញ​ទៅ “ស្មាន​តែ​គ្រាន់​ហ្អា…អញ​លេង​សើច​ទេ សុំ​ទោស​វ៉ើយ ត្រី​អ្ហែង​អញ​ឲ្យ​មីង​ហើយ”។ ខ្ញុំ​ដេញ​គប់​វា​ប្រហែល​ពីរ​រយ​ម៉ែត្រ​បាន​ឈប់ ខ្ញុំ​នឹក​សើច​តែ​ម្នាក់​ឯង ខឹង​បន្តិច ខ្មាស​វា​បន្តិច ព្រោះ​គិត​មិន​ដល់​សោះ ថា​វា​គំ ហើយ​មក​​លេង​សើច​នឹង​ខ្ញុំ​បែប​នេះ។”អា​ងាប់…ចេះ​មក​ធ្វើ​បាប​ឯង​អីចឹង​ទៅ​ កើត មិន​អី​ទេ​អ្ហែង!” នឹក​ក្នុង​ចិត្ត។

ដើរ​មក​ដល់​ផ្ទះ​វិញ ម៉ែ​សួរ “វា​មាន​រឿង​អី​កូន!”។ “អាងាប់ ឡូត ហ្នឹង​វា​បន្លំ​ធ្វើ​ខ្មោច​លង​ខ្ញុំ” ខ្ញុំ​តប​ទៅ​ម៉ែ ឯ​ម៉ែ​ក៏​សើច ហើយ​ដេញ​ឲ្យ​មុជ​ទឹក​ដើម្បី​ស៊ី​បាយ​កក។ម្តង​នេះ​វា​ធ្វើ​បាប​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​មិន​ឲ្យ​វា​រួច​ខ្លួន​ដែរ ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​យក​សត្វ​តុកកែ ទៅ​បោះ​លើ​វា​ពេល​វា​កំពុង​តែ​ឈរ​ជជែក​គ្នា​ភ្លេច​ខ្លួន ព្រោះ​ដឹង​ថា វា​ខ្លាច​សត្វ​នេះ​ណាស់។

គ្រាន់​តែ​តុកកែ​ធ្លាក់​លើ​ខ្លួន អាឡូត លោត​កញ្ឆេង រត់​ផង​ស្រែក​ផង​ចង់​ងាប់ ខ្ញុំ​គិត​តែ​ពី​ឈរ​សើចឡើង​រឹង​ពោះ។ បាន​សង​សឹក​វា​ម៉ា​ចាន​នេះ ក្នុង​ចិត្ត​ស្រឡះ​ចែស តា​ហ្មង ស្គាល់​ជាតិ​នៅ​អ្ហែង...!

នេះ​ជា​ អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ៍​ជា​ច្រើន​ពេល​ខ្ញុំ​រស់​នៅ​ឯ​ ស្រុក​កំណើត។ ចាប់​តាំង​ពី​ពេល​នោះ​មក ពេល​ទៅ​ណា​មក​ណា​យប់​ព្រលប់​​ខ្ញុំ​តែង​តែ​កាន់​កាំបិត​តាម​ខ្លួន​ជា​និច្ច ហើយ​គិត​ថា ប្រសិន​បើ​ជួប​ប្រទះ​បញ្ហា​អ្វី ខ្ញុំ​នឹង​កាប់​មិន​ថា​ខ្មោច ឬ​មនុស្ស​ឡើយ៕

មាន​រឿង ហួស​ចិត្ត​ផ្ទាល់​ខ្លួន ចង់​ចែក​រំលែក​ឲ្យ​មិត្ត​ភក្ដិ​សើច អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ ០១០ ៥៥៥៦៩៥ ដើម្បី​ទទួល​រង្វាន់ព្រម​ទាំង​​ស្វែងយល់​ពីលក្ខខណ្ឌខ្លះ​ៗ​នៅ​ទី​នេះ!

អត្ថបទ៖ ទារិកា