Costa ក្ដៅ​ស្លឹក​ត្រចៀក​ពេក ចេញ​មុខ​បរិហារ អាជ្ញាកណ្ដាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយកប់ៗមាត់

  • 2018-02-19 12:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Diego Costa កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា ខ្លួន​ជា​មុខ​សញ្ញា​នៃ​ការ​ឲ្យ​កាត​ពី​សំណាក់​អាជ្ញាកណ្ដាល​មួយ​ចំនួន។ លើសពីនេះ កីឡាករអេស្ប៉ាញ ក៏​បាន​បរិហារប្រព័ន្ធផ្សព្វផ្សាយផងដែរ។

Costa បាន​ថ្លែង​ប្រាប់​សារព័ត៌មាន beIN Sports ថា៖ "វា​ជា​រឿង​មិន​អាច​ប្រកែក​បាន ដែល​អាជ្ញាកណ្ដាល​ខ្លះ​គុំ​ខ្ញុំ​តែ​ម្ដង។ ពួក​គេ​ចង់​តែ​ឲ្យ​កាត​ខ្ញុំ"។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ដើម​កំណើត​ប្រេស៊ីល​រូប​នេះ មិន​បាន​បង្ហាញ​ចំៗ​ថា​អាជ្ញាកណ្ដាល​ទាំង​នោះ ស្ថិត​នៅ​លីគ​ណា​ឲ្យ​ច្បាស់​លាស់​នោះ​ទេ។

បន្ថែម​ពី​ការ​ទិតៀន​អាជ្ញាកណ្ដាល​ Costa ក៏​បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ដែល​​កីឡាករ​រូប​នេះ​បាន​ចោទ​ថា​បាន​សរសេរ​ព័ត៌មានប្រឌិតគ្មានការពិត​ពី​ខ្លួន។

ការ​ថ្លែង​របស់ Diego Costa នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កីឡាករ​អេស្ប៉ាញ​ទើប​តែ​ទទួល​បាន​កាត​លឿង​ក្នុង​ការ​ប្រកួត​ម្សិលមិញ ក្រោយ​បាន​តវ៉ា​តឹង​សរសៃ​ក​ជាមួយ​អាជ្ញាកណ្ដាល​រឿង​មិន​ឲ្យ Atletico Madrid បាន​បាល់​ពិន័យ ១១​ម៉ែត្រ។ លើស​ពី​នេះ ទើប​តែ​ខែ​មុន​ប៉ុណ្ណោះ​ដែល Costa ទើប​តែ​ទទួល​បាន​កាត​ក្រហម។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក Costa ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​សរសេរ​បរិហារ​ ដោយ​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​បាន​កាត​ច្រើន។ ខ្លះ​ហ៊ាន​ទាំង​ថា ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​មាន​របៀប​លេង​បែប​ខូច (Dirty)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី