ពិត​មិន​ធម្មតា ព្រាប សុវត្ថិ នៅ​តែ​មាន​តម្លៃ​ខ្លួន​កប់​ពពក សូម្បី​ត្រឹម​ឡើង​ឆាក​ទូរទស្សន៍

  • 2018-02-20 03:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​មាន​វ័យ​ជ្រេ តែ​នៅ​តែ​ក្ដោប​បាន​នាម​ជា​តារា​ចម្រៀង​ប្រចាំ​ប្រទេស ព្រាប សុវត្ថិ ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ថា នៅ​តែ​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក ធៀប​នឹង​តារា​ចម្រៀង​ល្បី​ៗ​ផ្សេង​ទៀត។

ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​កម្សាន្ត​នៅ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ព្រាប សុវត្ថិ ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​ជាង ៣០០០ដុល្លារ​អាមេរិក​ឯណោះ សម្រាប់​ការ​ឡើង​ច្រៀង​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ ដែល​តម្រូវ​ឲ្យ​លោក​ច្រៀង​ប្រមាណ ៤-៥បទ។ តម្លៃ​ខាង​លើ គឺ​​ស្ទើរ​ដូច​គ្នា​នឹង​ការ​ចេញ​ច្រៀង​តាម​បណ្ដា​ខុនសឺត​នៅ​តាម​ខេត្ត​ដែរ​ពី ៤៥០០ ទៅ ៥០០០ដុល្លារ តាម​ជិត​ ឆ្ងាយ ខុស​ពី​តារា​ចម្រៀង​ឯ​ទៀត​ៗ។

ព្រាប សុវត្ថិ និង​កូន​ៗ(អមសង្ខាង) ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​កីឡា​ជាតិ នៅ​ស្តាត​អូឡាំពិក​កាល​ពី​ឆ្នាំ​មុន

ប្រភព​បន្ត​ថា តារា​ចម្រៀង​ល្បី​ៗ​ផ្សេង​ទៀត បាន​បែង​ចែក​​ថា ការ​ឡើង​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍តម្លៃ​ផ្សេង និង​តម្លៃ​សម្រាប់​ឡើង​ខុតសឺត​តាម​ខេត្ត គឺ​ផ្សេង​ដែរ។ និយាយ​ពី ព្រាប សុវត្ថិ តាម​ប្រភព​ដដែល តម្លៃ​ពលកម្ម អាច​បន្ថយ​តិច​តួច​តាម​ភាព​ជិត​ស្និទ្ធ​នៃ​ភាគី​ទាំង​ពីរ។

“តម្លៃ​ខ្លួន​គាត់​គឺ​ប៉ុណ្ណឹង​ហើយ តែ​អាច​ចុះ​ខ្លះ​ដែរ តាម​ភាព​ជិត​ស្និទ្ធ ដូច​កន្លង​មក ខ្ញុំ​ធ្លាប់​ហៅ​គាត់​ឡើង​កម្មវិធី​ខ្ញុំ គាត់​ថា បើ​សម្រាប់​អូន​ឯង​បង យក​តែ​ក្រោម​៣០០០​អី​ទេ។ និយាយ​ទៅ ឡើង​តន្ត្រី​ទូរទស្សន៍ និង​ខុនសឺត​តាម​ខេត្ត តម្លៃ​ខ្លួន​គាត់​ខុស​ពី​អ្នក​ផ្សេងឆ្ងាយ"។ ប្រភព បញ្ជាក់​បន្ថែម។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី តម្លៃ​ពលកម្ម​របស់​លោក ព្រាប សុវត្ថិ ក្នុង​តួ​លេខ​ខាង​លើ នៅ​តែ​មាន​សន្ទស្សន៍​ខ្ពស់​ជាង​តារា​ផ្សេង​ៗ​ទៀត​ដាច់​ឆ្ងាយ។ ប្រភព​កំបាំង​មុខ ប្រាប់​ទៀត​ថា សម្រាប់​ឡើង​កម្មវិធី​តន្ត្រី(កម្មវិធី​របស់​ទូរទស្សន៍​ផ្ទាល់ មិន​មែន​ខុនសឺត​តាម​ខេត្ត) របស់​ទូរទស្សន៍ តារា​មិន​សូវ​ល្បី ចាប់​ពី​ជាង ១០០ដុល្លារ​ទៅ។ ដោយ​ឡែក​អ្នក​ល្បី ក្នុង​លំដាប់​ជាមួយ ព្រាប សុវត្ថិ ដែរ គឺ​ប្រមាណ ១០០០ ទៅ ១៥០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ដោយ​សារ​រាំង​ស្ទះ​លើ​តម្លៃ​ខ្លួន​ខ្ពស់​បែប​នេះ​ហើយ ទើប​ប្រភព​បន្ត​ថា គេ​កម្រ​ឃើញ​តារា​ចម្រៀង​កូន​៣​រូប​នេះ មាន​មុខ​ឡើង​ឆាក​តន្ត្រី​ទូរទស្សន៍​ផ្សេង​ណាស់ ក្រៅ​តែ​ពី​ទូរទស្សន៍​ហង្សមាស ដែល​ជា​ទ្រនំ​រឹង​មាំ​របស់​ខ្លួន។ ចំណុច​នេះ ក៏​ព្រោះ​ថា ទូរទស្សន៍​នានា ពិបាក​នឹង​ទប់​ទល់​នឹង​ការ​ចំណាយ​លើ​តម្លៃ​ខ្លួន​តារា​ល្បី​ឈ្មោះ​ជាង ១​ទសវត្សរ៍​រូប​នេះ​ណាស់៕

ឃើញ​ការ​សម្ដែងកូនៗ​ ព្រាប សុវត្ថិ យប់​មិញ ​បាន​ដឹង​ថា​ឡូយ!

អត្ថបទ៖ ទារិកា