​លក្ខណៈ​ពិសេស​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ក្រោមស្នា​ព្រះ​ហស្ថសម្ដេច​ព្រះរៀម នរោត្តម បុប្ផាទេវី

  • 2018-02-21 06:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើសតួដែល​មិន​សូវ​មាន​វត្តមាន​ក្នុង​របាំ​ រួមមាន តួ​គ្រុឌ​ ក្ងោក​ ការ​ច្នៃ​សាច់​រឿង​ថ្មី​លក្ខណៈ​ខ្មែរ​ទំនើប​កម្ម​ ជា​ព្រះ​រាជកិច្ច​ថ្មី​ដែល​សម្ដេចព្រះរៀម នរោត្តម ​បុប្ផា​ទេវី ​ទ្រង់​បង្កើត​ឡើង និង​​ជា​ផ្ទាំង​ទស្សនី​ភាព​ដ៏​អស្ចារ្យ ដើម្បី​សម្ដែង​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ។

សិល្បករជើងចាស់

បច្ចុប្បន្ន​ លោកគ្រូ​ អ្នក​គ្រូ​ និង​ក្រុម​សិល្បករ ចំណាន​ជា​ច្រើន​កំពុងហ្វឹក​​ហាត់​ក្នុង​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​នាង​ ដើម្បីត្រៀមទៅសម្តែងជូនភ្ញៀវ​អន្តរជាតិ​ មាន​ប្រទេស​ស្វីស​ និង​ប្រទេស​បារាំង​។

ព្រះ​រាជសកម្មភាពសម្ដេចព្រះរៀម ​បង្ហាត់សិល្បករក្នុងព្រះរាជដំណាក់

លោក ព្រឿង ឈាង​ ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និងជាអ្នកចូលរួម​ក្នុង​ការងារ​ជា​មួយ​​សម្ដេច ព្រះរៀម​បាន​ឲ្យដឹងថា​ ផ្ទាំង​ទស្សនីយភាព​ល្អ​ឯក​​នេះ​នឹងសម្ដែង​ទៅ​តាម​សាច់​រឿង​មួយ​របស់​ប្រទេស​ក្រិច​​​ ប៉ុន្តែ​ក្បាច់​និង​ការ​ស្លៀក​ពាក់​គឺ​នៅ​រក្សា​​បែប​របាំ​ខ្មែរ​ទាំង​ស្រុង​។ លោក​បន្តថា​ ក្រៅ​ពី​ក៏​មាន​ការ​បន្ថែម​នូវ​ក្បាច់​រាំ​បុរាណ​ ការ​សម្ដែង​នេះ​គឺ​ផាត់​មុខ​ស​ទាំងអស់​ ដើម្បី​បង្ហាញ​ពី​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​អំឡុង ​១០០ឆ្នាំ​មុន​។

លោក ព្រឿង ឈាង​ ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

ចំពោះ​ការ​ចេញ​ទៅ​សម្ដែង​លោក​បញ្ជាក់​ថា «រាល់​ការ​ចេញ​សម្ដែងក្រៅ​ប្រទេស​ ក្រោម​ព្រះរាជ​​កិច្ចសម្ដេច​ព្រះ​រៀម​ គឺ​មាន​ការ​គាំទ្រ​ខ្លាំងណាស់​ ភ្ញៀវ​មក​ទស្សនា​ស្ទើរ​គ្មាន​កន្លែង​។​ ក្នុង​ការ​ដឹក​​នាំ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​លើក​នេះ​កាន់​តែ​ពិសេស​ ទាំង​គ្រឿង​មួយ​ចំនួន​ដែល​សឹង​តែ​បាត់​វត្តមាន​ទៅ​ហើយ​ ក៏​ទ្រង់​រៀប​ចំ​ដំឡើង​​ឲ្យ​មាន​ឡើង​សារជាថ្មី​វិញ​​ ទាំង​ក្បាច់​រាំ តួ​ អង្គ គ្រឿងតុបតែង​ ជាពិសេស​ទ្រង់​ក៏​ស្រាវ​ជ្រាវ​​ក្បាច់​រាំ​បន្ថែម​ក្នុង​ការសម្ដែង​មួយ​នេះ»។

ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ ប្រមូល​ផ្តុំ​ដោយ​នាដកា​ និង​សិល្បករ​ចំណាន​ៗចូល​រួម​សម្ដែង។ ​តាម​ប្រសាសន៍​លោក​ ព្រឿង​ ឈាង ​ការ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​នេះមាន​មាន​សិល្បករ​ទាំង​​អស់​ចំនួន​ ជាង៤០​នាក់​ ។

ហើយមុខ​ពេល​ចេញ​ទៅ​សម្ដែង​​ នៅ​បារាំង​និង​ស្វីស ព្រះ​អង្គ ព្រះ​នាង​ទ្រង់ និង​ដឹក​នាំ ការសម្ដែង ​ថ្វាយ​ព្រះ​ករុណា​ទត​​នៅ​ថ្ងៃ​ទី ០២ ខែ​ឧសភា​ នៅ​សាលចតុម្មុខ​ហើយ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​២៦ ឧសភា​ឆ្នាំ​២០១៨​ទើប​ត្រឡប់​មក​កម្ពុជា​វិញ៕

អត្ថបទ៖ ច្រឹក ស្រីអូន