រម្លឹកស្នាដៃភាពយន្តខ្មែរដ៏ល្បី៥រឿង ផលិតក្នុងទសវត្សរ៍ ៦០

  • 2018-02-21 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃផលិតភាពយន្តក្នុងសម័យសង្គមរាស្រ្តនិយម ត្បិតតែមិនទំនើបដូចសម័យនេះ តែក្នុងបណ្តាលប្រទេសអាស៊ីអាគ្នេយ៍គឺមានតែមួយប៉ុណ្ណោះ។ តែរយៈពេលជាង ១០ឆ្នាំ ស្នាដៃភាពយន្តខ្មែរ មានប្រមាណជាងរយ ចំណងជើង និងថែមទាំងល្បីល្បាញដល់បរទេសទៀតផង។ ខាងក្រោមនេះ Sabay សូមលើកយកប្រវត្តិ ភាពយន្តខ្មែរ ៥ ចំណងជើងដែលល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ ១៩៦០៖

Poster រឿង «ទិព្វសូដាច័ន្ទ»

១. រឿង «ទិព្វសូដាច័ន្ទ» ជាប្រភេទរឿងព្រេងនិទានខ្មែរដ៏ល្បី តាំងពីយូរយារណាស់មកហើយ ហើយ រឿងប្រលោមប្រភេទទេវកថាមួយនេះ ត្រូវបានថតចេញជាភាពយន្ត ចាក់ផ្សាយលើផ្ទាំងសំពត់ស តាមបណ្តាលរោងកុនខ្មែរជាង ៧០កន្លែងទូរទាំងប្រទេសកម្ពុជា។

រឿងនេះ ផលិតឡើងដោយ ផលិតកម្ម វណ្ណ ច័ន្ទ ភាពយន្ត ដឹកនាំដោយ លោក ឡាយ ងួនហេង និងសម្តែងដោយ លោកស្រី វីរៈតារា លោក គង់ សំអឿន លោកស្រី សាក់ សីស្បោង។ ភាពយន្តនេះជារឿងដែលផ្ទុះខ្លាំងជាងគេក្នុងឆ្នាំនោះ។

រឿង «ពុទ្ធិសែន នាងកង្រី»

២. រឿង «ពុទ្ធិសែន នាងកង្រី» ជាតំណាលនៃរឿងព្រេង «នាង ១២» ដែលជារឿងព្រេងនិទានខ្មែរដ៏ពេញនិយម និងចំណាជា ភ្នំ នាងកង្រី មកដល់បច្ចុប្បន្ន នៅក្នុងខេត្តកំពង់ឆ្នាំ។ រឿងនេះ ត្រូវបានផលិតជាភាពយន្តក្នុងឆ្នាំ ១៩៦៨ ដោយលោកព្រឹត្តិធាចារ្យ លី ប៊ុនយីម និងដឹកនាំដោយរូបលោកផ្ទាល់ ដោយចំណាយពេលវាលា រៀបចំការថត នឹង ថតជិត១ឆ្នាំ។ ភាពយន្តបែបអាភិនិហានេះ សម្តែងដោយ លោកស្រី វីរៈ តារា លោក គង់ សំអឿន លោកស្រី សាក់ ស៊ីស្បោង និងតារាកិត្តិយសជាច្រើនទៀតក្នុងសម័យនោះ។

រឿង «កងកម្មកងកែវ»

៣. រឿង «កងកម្មកងកែវ» ជាប្រភេទរឿងមនោសចេតនា កម្សត់ ទាំងសាច់រឿង កម្សត់ទាំងរឿងពិត ត្បិតតួ ឯកសម្តែង កងកែវ នៅក្នុងសាច់រឿងទទួលមរណៈភាពភ្លាមបន្ទាប់ពីថតរឿងនេះក្នុងឈុតបញ្ចប់ ដោយជំងឺភ្នែកធ្ងន់ធ្ងរ។ ដំណឹងមរណៈភាពរបស់តួឯកឈ្មោះ អ៊ី គឹមសួ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ពេញទីក្រុងភ្នំពេញ ហើយធ្វើឱ្យអ្នកដឹកនាំរឿង លោក ប៊ុវ ឆៃលាង ចាងហ្វាងផលិតកម្ម តន្រ្ទទេវី សម្រេចមិនបញ្ចាំងរឿងនេះឡើយ។ តែរូបលោក បានយករឿង «កងកម្មកងកែវ» បោះពុម្ពជារឿងប្រលោមលោក ហើយដែលមានការលក់ដាច់ខ្លាំងក្នុងឆ្នាំនោះ។

រឿង «ផ្កាយដុះកន្ទុយ»

៤. រឿង «ផ្កាយដុះកន្ទុយ» ជាប្រភេទរឿងពិជ័យសង្គ្រាម បែបអាភិនិហា ដែលនិយាយអំពីល្បិចកិច្ចកលក្នុងសង្គ្រាម ហើយរឿងនេះដឹកនាំសម្តែង និងផលិតដោយ លោក ណុប ណែម ផ្ទាល់ក្នុងឆ្នាំ ១៩៦៨ និងត្រូវបានគាំទ្រ យ៉ាងខ្លាំងក្នុងឆ្នាំនោះ។ ភាពយន្តរឿង «ផ្កាយដុះកន្ទុយ» រួមសម្តែងដោយ លោក គង់ សំអឿន និងលោកស្រី គឹម ណូវ៉ា និងសម្តែងដោយលោក ណុប ណែម ផងដែរ។ ភាពយន្ត នេះអាចជាស្នាដៃដំបូង របស់ តារា សម្តែង ណុប ណែម ដែលតែងតែមានវត្តមានសម្តែងជាមួយលោក គង់ សំអឿន ជាញឹកញយ។

រឿង «ចំប៉ាថោង»

៥. រឿង «ចំប៉ាថោង» ជារឿងរន្ធត់ និងអាភិនិហា ដែលរៀបរាប់ពីពងក្រពើមួួយដែលកើតជាមនុស្សក្រពើ ហើយបានចាប់យកបុត្រីរបស់ស្តេចផែនដីយកទៅបាតទន្លេ ហើយរឿងនេះជាភាពយន្តមួយដែលផលិត ចេញពីស្នាមព្រះហត្ថកំណាព្យតែងនិពន្ធដោយ ព្រះបាទ អង្គឌួង។ រឿង «ចំប៉ាថោង» ត្រូវបានផលិតដោយ ផលិតករ លីម ប៊ុនលន ក្នុងផលិតកម្ម ព្រះទិត្ថករ ភាពយន្ត តួឯកប្រុសសម្តែងដោយ លោក គង់ សំអឿន និងតួឯកស្រី សម្តែងដោយ លោកស្រី ឌី សាវ៉េត។

ក្រៅពីភាពយន្តទាំង ៥ ខាងលើក៏មានបណ្តាលខ្សែភាពយន្តពិសេសៗ ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរក្នុងសតវត្សរ៍ ១៩៦០ រហូតដល់ឆ្នាំ ១៩៧០៕

ប្រភពស្រាវជ្រាវ ភាពយន្តពី WikiPedia និង មជ្ឃមណ្ឌល បុផ្ផាណា

អត្ថបទ៖ Sunny