មកមើលទាំងអស់គ្នា! អ្នកប្រឡងបាក់ឌុបជំនាន់ណាខ្លះ បានសញ្ញាបត្រផ្លូវការ?

  • 2018-02-21 02:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ឆ្នាំ​២០១៧ រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ផ្លូវ​ការ​ និង​អនុញ្ញាត​ឲ្យ​បេក្ខជន​ប្រឡង​ដក​ដើម្បី​យក​ទៅ​ប្រើប្រាស់ បាន​ចំនួន​៤​លើក​មកហើយ។ ដូច្នេះ​ចង់ដឹង​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​ណា​ខ្លះ​អាច​ទៅ​ដក​សញ្ញាបត្រ​ផ្លូវ​ការ​បាន?

១. បេក្ខជន​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រសួង​អប់រំ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​បេក្ខជន​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង០៤ សីហា ២០០៨ អាច​ទៅ​ដក​សញ្ញាបត្រ​ច្បាប់​ដើម​របស់​ខ្លួន​បាន​នៅ​មន្ទីរ​អប់រំ យុវជន ​និង​កីឡា​ សាមី​ខេត្ត​រៀង​ៗខ្លួន​ ដោយ​មិន​គិត​ប្រាក់​កម្រៃ។ ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​មជ្ឈដ្ឋាន​អ្នក​សិក្សា​ជា​ខ្លាំង ជា​ពិសេស​អ្នក​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨​ផ្ទាល់​តែ​ម្ដង។ ដោយ​ហេតុ​ថា អ្នក​ប្រឡង​​ក្នុង​ឆ្នាំ​នោះ​ត្រូវ​រង់ចាំ​រយៈ​ពេល​ ៩​ឆ្នាំ​ទើប​អាច​ដក​សញ្ញាបត្រ​ផ្លូវ​ការ​បាន។

២. បេក្ខជន​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៩

កាល​ពីថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ​២០១៧​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា ឯកឧត្ដម​ ហង់​ជួន ណារ៉ុន ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ប្រធាន​មន្ទីរ​អប់រំ​​រាជធានី-ខេត្ត ឲ្យដឹង​ថា ក្រសួង​បាន​ផលិត​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ កក្កដា ២០០៩ រួចរាល់​ហើយ។​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​រាជធានី-ខេត្ត​ទាំងអស់ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០០៩ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​តទៅ ដើម្បី​យក​ទៅ​ចែក​ជូន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់ ដោយ​ឥត​គិត​ថ្លៃ។

៣. បេក្ខជន​ប្រឡង​បាក់ឌុប​ក្នុងឆ្នាំ​២០១០

តាម​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​អប់រំ ​រាជធានី​-ខេត្ត ​បាន​​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ រាជធានី-ខេត្ត​ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១០ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ពេល​នេះ​ទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន ដែល​បាន​ប្រឡងជាប់ ដោយ​ឥត​គិតថ្លៃ។

៤. បេក្ខជន​ប្រឡង​បាក់ឌុប​ក្នុងឆ្នាំ​​២០១១

អ្នក​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១១ អាច​ដក​សញ្ញាបត្រ​បាន ដោយ​ក្រសួង​អប់រំ បាន​ផលិត​រួចរាល់​អស់​ហើយ។ នេះបើ​តាមការ​បញ្ជាក់​តាម​រយៈ​លិខិត​១ របស់​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ក្នុង​លិខិត​នេះ លោក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ​រាជធានី-ខេត្ត ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០១១ នៅ​នាយកដ្ឋាន​កិច្ច​ការ​ប្រឡង ដើម្បី​យក​ទៅ​ចែកជូន​បេក្ខជន​ដែល​ប្រឡង​ជាប់ ដោយ​ឥត​គិតថ្លៃ៕

អត្ថបទ៖ វឌ្ឍនៈ