រកឃើញសត្វ​ចម្លែក​ដ៏កម្រ ៤ប្រភេទ បង្ហាញខ្លួននៅទឹកដីកម្ពុជា​

  • 2018-02-21 08:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការWCS និង​ប្រជាជន​សហគមន៍ បានរកឃើញសត្វចម្លែកកម្រឃើញ ៤ប្រភេទ បង្ហាញខ្លួននៅទឹកដីប្រទេសកម្ពុជា មានដូចជា៖

#១. ​សត្វ​កម្រ "តុកកែ​ហោះ" ​រកឃើញ​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ​

ក្រុម​ឧទ្យានុរក្ស​ការពារ​នៅ​តំបន់​ឧទ្យាន​ជាតិវីរៈជ័យ​ ​បាន​រក​ឃើញ​សត្វ​តុកកែ​ម្យ៉ាង​ ​ដែល​ពលរដ្ឋ​ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យឈ្មោះ​ថា "តុកកែ​ហោះ" ឬ​ឈ្មោះ​បច្ចេកទេស "Ptychozoon Trinotaterra" នៅ​ក្នុង​ឧទ្យាន​។ ​វាគឺជា​ប្រភេទ​សត្វ​កម្រ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​រក​ឃើញ ​និង​​មាន​​ប្រវែង​ប្រមាណ ​៣០​សង់ទីម៉ែត្រ ​និង​មាន​រូបរាង​ក្រឡេ​ក្រឡា​។ ​

#២. សំបុក​សត្វល្មូន​តំណាង​​​ជាតិ ​រកឃើញ​នៅ​ស្រែ​អំបិល

​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ អង្គការWCS ​និង​ប្រជាជន​សហគមន៍ ​បាន​រកឃើញ​អណ្តើក​ហ្លួង ចំនួន ១​សំបុក​មាន​ពង​ចំនួន ១៦​គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រះអង្គ​កែវ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។ នេះ​គឺជា​សំបុក​អណ្តើក​ហ្លួង​ទី១ ដែល​រកឃើញ​នៅកម្ពុជាក្នុង​ឆ្នាំ​២០១៨​នេះ ។

#៣. សត្វ​ស្លាប​តំណាង​​កម្ពុជា​ ៤ក្បាល ​រកឃើញ​នៅខេត្ត​មណ្ឌលគិរី

ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​ WCS បាន​រកឃើញ​សត្វ​ត្រយ៉ង​យក្ស​ចំនួន ២​គូ (៤​ក្បាល) នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា នៃខេត្ត​មណ្ឌលគិរី។ ​នេះគឺ​ជាការ​រកឃើញ​ជាលើក​ដំបូង​ក្នុង​រយៈពេល​ ១០ឆ្នាំ​ចុងក្រោយ​នេះ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​។ ត្រយ៉ង​យក្ស ជា​សត្វស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ស្ថិតនៅ​ក្នុង​បញ្ជី ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិតផុត​ពូជ​បំផុត​នៅលើ​សកលលោក។

#៤. ​សំបុក​កន្ធាយ​ក្បាល​កង្កែប​​ជិត​ផុត​ពូជ ​​រកឃើញ​នៅ​ទន្លេ​មេគង្គ​កម្ពុជា

សំបុកពងកូនសត្វកន្ធាយ​ក្បាល​កង្កែប​ចំនួន ១សំបុក ត្រូវបាន​ក្រុម​អ្នកអភិរក្សនៃ​រដ្ឋបាលជលផល អង្គការ​សមាគម​អភិរក្សសត្វព្រៃ (WCS) និង​ប្រជា​សហគមន៍​ រកឃើញ​ជាលើក​ដំបូង​នៅក្នុង​រដូវកាល​ពងកូន​ឆ្នាំនេះ ស្ថិត​នៅឆ្នេរខ្សាច់​ដងទន្លេ​មេគង្គ ​ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​ ដែលជាទី​កន្លែង​ពងកូន​តែមួយគត់​នៅក្នុងប្រទេស​កម្ពុជា​។ ​សត្វកន្ធាយ​ក្បាល​កង្កែប​ (ឬរមិច) ​ជាប់​ក្នុងបញ្ជី​ក្រហម​របស់​អង្គការ IUCN ជាប្រភេទ​រងគ្រោះ​ជិតផុត​ពូជ​នៅលើ​សាកលលោក។

គួរបញ្ជាក់ថា​ កម្ពុជា​គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ។ ទន្ទឹម​នឹងនេះ ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុងការ​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ជា​និរន្ត៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី